បងប្អូន​ស្រីភ្លោះ​ស្រស់ស្អាត ល្បីមួយរំពេច ក្រោយ​ប្រើពេល​ដ៏​ខ្លី បញ្ចប់​ការសិក្សា​នៅ Harvard

  • 2017-06-01 07:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​ស្រី​ភ្លោះ​មាន​សម្រស់​ស្រស់​ស្អាត​មួយ​គូ មក​ពី​ប្រទេស​ចិន ទទួល​បាន​ឈ្មោះ​ល្បី​ល្បាញ​ភ្លាមៗ​មួយ​រំពេច នៅ​លើ​បណ្ដាញ​សង្គម​ចិន បន្ទាប់​ពី​អាច​បញ្ចប់​ការ​សិក្សា​របស់​ពួកគេ នៅ​ឯ​សកលវិទ្យាល័យ Harvard University ត្រឹមតែ​រយៈ​ពេល​ដ៏​ខ្លី​មួយ។

បងប្អូន​ស្រី​ភ្លោះ ឈ្មោះ Sun Yumeng និង Sun Yutong នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​យ៉ាង​ខ្លាំង មិនមែន​ដោយសារ​តែ​សម្រស់​ឡើយ ប៉ុន្តែ​គឺ​ចំណេះ​ដឹង​ដ៏​អស្ចារ្យ​របស់​ពួក​នាង។

ពួក​នាង​ទាំង ២ នាក់ បាន​រស់​នៅ និង​ធំធាត់​ជាមួយ​គ្នា នៅ​ក្នុង​ខេត្ត Jiangsu ទីក្រុង Nanjing ប្រទេស​ចិន។ ពួក​នាង​បាន​ចំណាយ​ពេល​សិក្សា នៅ​ឯ​វិទ្យាល័យ Nanjing Foreign Language School។ រហូត​ដល់​ឆ្នាំ​២០១២ ពួកនាង​បាន​ចូល​សិក្សា​នៅ​ឯ​សកលវិទ្យាល័យ Fudan University ក្នុង​ទីក្រុង​សៀងហៃ។

គួរ​បញ្ជាក់​ថា ពួក​នាង​ធ្លាប់​បាន​លេចធ្លោ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ចូល​រៀន នៅ​ឯ​សាលា Harvard Graduate School of Education ស្ថិត​ក្នុង​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

លើស​ពី​នេះ​ទៅ​ទៀត បងប្អូន​ស្រី​ភ្លោះ អាយុ ២៣ ឆ្នាំ​នេះ អាច​បញ្ចប់​ការ​សិក្សា​ផ្នែក «អប់រំ» នៅ​សាលា​ដ៏​ល្បី​ឈ្មោះ​ខាងលើ រយៈ​ពេល​ត្រឹម​តែ ១ ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​ពួក​នាង​បាន​បញ្ចប់​ការ​សិក្សា នៅ​ឯ​សកលវិទ្យាល័យ Fudan University។

យ៉ាងណាមិញ ពួក​នាង​មិន​ទាន់​បាន​បង្ហើប​ពី​គម្រោង​ណា​មួយ​ឡើយ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា នៅ​សាលា Harvard៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី