T.O.P កំពុង​មាន​ព័ត៌មាន​ក្ដៅគគុក​ រឿង​​ពាក់ព័ន្ធនឹង​គ្រឿងញៀន

  • 2017-06-01 08:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​មួយ​ចំនួន​ផ្ទុះ​ឡើង​ ពាក់ព័ន្ធ​នឹង​តារា​ចម្រៀង T.O.P សមាជិក​ក្រុម​ BIG BANG ជុំវិញ​ព័ត៌មាន​ថា​លោក​បាន​សេព​គ្រឿងញៀន​ កំពុង​ល្បី​ពេញ​អ៊ីនធឺណិត។

សារព័ត៌មាន​ល្បីៗ​ជាច្រើន​ របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះផ្សាយ​ព័ត៌មាន​ថ្មី​ៗ​ជា​បន្តបន្ទាប់​អំពី​ តារា​ប្រុស​រូប​នេះ​ ក្នុង​នោះ​ វិបសាយ​ Allkpop បាន​លើកឡើង​ថា​ T.O.P រង​ការ​ចោទ​ប្រកាន់​ ដោយសារ​សេព​គ្រឿង​ញៀន (ជក់​កញ្ឆា)។ ថ្ងៃ​នេះ​ នាយកដ្ឋាន​ស៊ើបអង្កេតគ្រឿងញៀនក្រុងសេអ៊ូល (Seoul Drug Criminal Investigation Department) បាន​ធ្វើ​ការ​ស៊ើប​ និង​ពិនិត្យ​រក​សារធាតុ​ញៀន​ តាមរយៈ​ការ​ធ្វើ​តេស្ត​ សរសៃ​សក់​របស់​តារា​ចម្រៀង​រូបនេះ ហើយ​លទ្ធផល​គឺ​វិជ្ជមាន​។

ការ​ស្រាវជ្រាវ​ដដែល​បាន​បង្ហាញ​ទៀត​ថា​ T.O.P បាន​ជក់​កញ្ឆា​ កាល​ពី​ខែ​តុលា​ ពោល​គឺ​ ប៉ុន្មាន​ខែ​មុន​ លោក​ចូល​បម្រើ​ទាហាន​ ក្នុង​ខែ​កុម្ភៈ​ម្ល៉េះ​។ ករណី​នេះ​ដដែល​ មេក្រុម​ BIG BANG G-Dragon ក៏​ធ្លាប់​ជាប់ចោទ​ដោយសារ​ប្រើ​ប្រាស់​គ្រឿងញៀន​ប្រភេទ​នេះ​ដែរ កាល​ពីខែ​ឧសភា​ ឆ្នាំ​ ២០១១​។

ក្រោយ​មក​មិន​យូរ​ វិបសាយ​ដដែល​ក៏​បាន​ចុះ​ផ្សាយ​ថា​ ផលិតកម្ម​ YG បាន​សុំទោស​ជា​ផ្លូវ​ការ​ ចំពោះ​បញ្ហា​នេះ​។ ផលិតកម្ម​នេះ​បាន​និយាយ​ថា​ ៖ "បន្ទាប់​ពី​មាន​ការ​បញ្ជាក់​ ពួក​យើង​ក៏​បាន​ទទួល​ស្គាល់​ថា T.O.P ពិតជា​បាន​ជក់​កញ្ឆា​មុន​ពេល​លោក​ចូល​បម្រើ​កងទ័ព​មែន​ ហើយ​លោក​ពិតជា​មាន​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​ខ្លួន​ណាស់។ ​ពួក​យើង​សូម​អភ័យ​ទោស​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​បារម្ភ​" ។

រីឯ​វិបសាយ​ Koreaboo វិញ​ក៏​បាន​បន្ថែម​​ថា​ T.O.P បាន​ជក់​ជាមួយ​ នារី​ម្នាក់​ក្នុង​ផ្ទះ​របស់​លោក​ នៅទី​ក្រុង​ សេអ៊ូល​។ បើ​តាម​​សម្ដី​របស់​ប៉ូលីស​ នារី​ម្នាក់​នោះ​មាន​អាយុ​ប្រហែល​ជាង​ ២០​ឆ្នាំ​ ហើយ​ គឺ​ជា​អ្នក​ហ្វឹក​ហាត់​ចំណូល​ថ្មី​ ប៉ុន្តែ​មិន​ច្បាស់​ថា​ ជា​សមាជិក​របស់​ ផលិតកម្ម​ YG ឫ​យ៉ាងណាទេ។ បច្ចុប្បន្ន​នារី​ម្នាក់​នេះ​ កំពុង​ត្រូវ​បាន​ប៉ូលិស​ស៊ើបសួរ​ និង​ស្រាវជ្រាវ​ជា​បន្ត៕

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម