​តាម​ជំនឿ​យល់សប្ដិ​ ៥ យ៉ាង​នេះ​បញ្ជាក់​ថា កំពុង​មាន​គេ​និយាយ​ដើម​ហុយ​ដី

  • 2017-06-05 07:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​​ខ្មែរ​តាំង​ពី​ដើម​មក​ តែង​មាន​ជំនឿ​លើ​ការ​យល់​សប្ដិ ហើយ​កាត់​ឃើញ​ល្អ ឬ​មិន​ល្អ​ទៀត​ផង​។ តាម​ការ​ចំណាំ​ការ​យល់សប្ដិ អាច​បញ្ជាក់​ពី​រឿង​ហេតុ​ដែល​ត្រៀម​នឹង​កើត​ឡើង​នា​ពេល​ខាង​មុខ អាច​មាន​លាភ​ ឬ​អាច​មាន​គ្រោះ​អាក្រក់​។ ជាក់​ស្ដែង​​យល់​សប្ដិ​ ៥​យ៉ាង​ខាង​ក្រោម​នេះ​ ត្រូវ​បាន​ចាស់ៗ​ក្នុង​សង្គម​ខ្មែរ ជឿ​ថា​កំពុង​មាន​អ្នក​យក​ដើម​ទៅ​និយាយ​ហើយ​។ នេះ​បើ​តាម​ការ​ប្រាប់​របស់​លោក​យាយ វ៉ែន រ៉េត ជា​ឆ្មប​បុរាណ​ និង​គ្រូ​ខ្មែរ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

១. យល់សប្ដិ​ឃើញ​ស្លៀក​ខោអាវ​រហែក

លោក​យាយ វ៉ែន រ៉េត ប្រាប់​ថា បើ​តាម​ការ​ចំណាំ និង​ការ​កាត់​យល់សប្ដិ​របស់​ចាស់​ៗ ក្នុង​សង្គម​ខ្មែរ តាំង​ពី​ដើម​មក​មាន​ជំនឿ​ថា បើ​យល់​សប្ដិ​ឃើញ​ស្លៀក​ខោអាវ​រហែក មាន​ន័យ​ថា រឿងរ៉ាវ​ដែល​ខំលាក់​បាំង មាន​អ្នក​ដឹង​ ហើយ​យក​រឿង​នោះ​ទៅ​និយាយ ​ប្រាប់​មនុស្ស​ផ្សេង​ទៀត​។ ប៉ុន្តែ​បើ​ក្នុង​យល់សប្ដិ​នោះ ឃើញ​ថា បាន​យក​ម្ជុល​អំបោះ មក​ដេរ​វិញ នោះ​រឿងរ៉ាវ​ដែល​កំពុង​បែក​ធ្លាយ ​អាច​បញ្ចប់​ទៅ​វិញ​។

២. យល់សប្ដិ​ឃើញ​ស្រាត​ននល​គោក

តាម​ជំនឿ​របស់​ដូនតា​ខ្មែរ និង​ការ​កត់​សម្គាល់​យ៉ាង​ច្បាស់​លាស់​របស់​ចាស់ៗ តែង​ប្រាប់​តៗ​គ្នា​ថា បើ​យល់​សប្ដិ ឃើញ​ស្រាត​ននល​គោក មិន​មាន​សំលៀក​បំពាក់​ជាប់​ខ្លួន​សោះ នោះ​មាន​ន័យ​ថា មាន​អ្នក​កំពុង​ហែកហួរ​រឿង​​អាស្រូវ​ និង​យក​អាថ៌កំបាំង​ទៅ​និយាយ​គ្មាន​សល់​។ ​តាម​ជំនឿ​ពី​បុរាណ​យល់​សប្ដិ​បែប​នេះ​មិន​ល្អ​ឡើយ ហើយ​អាច​នាំ​រឿង​ក្ដៅ​ក្រហាយ​ដល់​ខ្លួន​ឯង​ទៀត​ផង​។

៣. ​យល់សប្ដិ​ឃើញ​ភ្លើង

លោកយាយ វ៉ែន រ៉េត ប្រាប់​បន្ត​ទៀត​ថា យល់​សប្ដិ​ឃើញ​ភ្លើង គឺ​មាន​ន័យ​ថា មាន​កំពុង​និយាយ​ដើម​អុចអាល ចាក់​រុក ជាមួយ​អ្នក​នេះ​អ្នក​នោះ ហើយ​អាច​នាំ​ឱ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ទៀត​ផង​។ លោក​យាយ​ ប្រាប់​ថា អ្នក​ដែល​យក​ដើម​ទៅ​និយាយ​នោះ គឺ​មាន​បំណង​នាំ​រឿង​ក្ដៅ​ក្រហាយ យក​ភ្លើង​មក​បញ្ឆេះ នាំ​បញ្ហា​ដល់​គ្រួសារ​។

៤. ​យល់​សប្ដិ​ឃើញ​លាមក

យល់​សប្ដិ​ឃើញ​លាមក​ ក៏​មិន​ល្អ​ដែរ។ តាម​ការ​ចំណាំ ការ​យល់សប្ដិ​ បែប​នេះ គឺ​មាន​ន័យ​ថា មាន​មនុស្ស​កំពុង​តែ​ច្រណែន ហើយ​និយាយ​និន្ទា​​បង្អាប់​បន្តុះ​ប្រៀបធៀប​អ្នក ជាមួយ​នឹង​លាមក​ ដើម្បី​ឱ្យ​អ្នក​ឈឺ​ចាប់​។ ​លោក​យាយ​ វ៉ែន រ៉េត​ លើក​ឡើង​។

៥. ​យល់សប្ដិ​ឃើញ​ដុស​ក្អែល

យល់សប្ដិ​ឃើញ​គេ​ដុស​ក្អែល គឺ​មាន​អ្នក​កំពុង​និយាយ​ដើម​ដូច​ព្យុះ​ ឬ​មួយ​ក៏​ត្រូវ​បាន​អ្នក​ដទៃ​បក​អាក្រាត​ អំពើ​អាក្រក់​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្តិ​គ្មាន​សល់​នោះ​ឡើយ​។

ចុង​ក្រោយ​ លោក​យាយ វ៉ែន រ៉េត តាម​ជំនឿ​តាំង​ពី​បុរាណ​មក​ បើ​សិន​ជា​យល់​សប្ដិ​ឃើញ ៥​យ៉ាង​ដូច​ខាង​លើ ពេល​ភ្ញាក់​ដំណេក​ត្រូវ​យក​អង្ករ​មក​ប្រាយ (បាច) ហើយ​អុច​ធូប​និយាយ​បណ្ដេញ​ឧបទ្រព​ចង្រៃ​នោះ ឱ្យ​វិនាស​ខ្ចាត់​ខ្ចាយ​ តែ​បើ​នៅ​មិន​ស្ងប់​ក្នុង​ចិត្ត​គួរ​ទៅ​ស្រោច​ទឹក ដើម្បី​លើក​រាសី​៕​

ចុចអានអត្ថបទជុំវិញជំនឿ៖

@អ្នក​តា​ ៤​កន្លែង​ស័ក្ដិសិទ្ធិ​បំផុត​នៅ​កម្ពុជា ចង់​ឡើង​តំណែង ចង់​បាន​ប្ដី បានដូចចិត្ត

@មុនផ្សំដំណេកត្រូវធ្វើ ៥ពិធីនេះសិន មិនមែនចេះតែផ្សំទេ ទើបប្ដីប្រពន្ធ​​រស់នៅបានសុខ​

@បម្រាម​ដូន​តា​ខ្មែរ! ផ្សំ​ដំណេក សង់​ផ្ទះ កប់​ខ្មោច​ ដាច់​ខាត​កុំធ្វើ​ក្នុង​ថ្ងៃ​ទាំង​នេះ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម