៤ ចំណុចគួរស្វែងយល់ បើចង់ប្រើប្រាស់ស្មាតហ្វូនឱ្យនៅដូចថ្មី (គន្លឹះអ្នកប្រើទូរសព្ទ)
- 2017-06-07 02:35:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចគួរស្វែងយល់ បើចង់ប្រើប្រាស់ស្មាតហ្វូនឱ្យនៅដូចថ្មី (គន្លឹះអ្នកប្រើទូរសព្ទ)
ចន្លោះមិនឃើញ
ជាទូទៅស្មាតហ្វូនថ្មីដែលទិញបើកចេញពីប្រអប់ភ្លាមៗ ធម្មតាអតិថិជនអាចប្រើប្រាស់បានត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះហើយបញ្ហា ការខូចខាតផ្សេងៗនឹងកើតមានឡើង បើយើងមិនយកចិត្តទុកដាក់លើវា។ ចំណែកឯប្រជាពលរដ្ឋអាមេរិកវិញ មិនដល់ ២ ឆ្នាំពេញទេ ជាមធ្យមគឺត្រឹមរយៈពេលតែ ២១ ខែ ស្មាតហ្វូនតម្លៃថ្លៃៗរបស់គេ នឹងមានសភាពប្រែប្រួលខ្លាំង។ ថ្ងៃនេះ Sabay លើកយក ៤ ចំណុចដែលអ្នកគួរស្វែងយល់ឱ្យបានច្បាស់ ដើម្បីរក្សាគុណភាពស្មាតហ្វូនឱ្យប្រើបានយូរនៅដូចថ្មីដដែល។
១.ការខូចខាតផ្នែកក្រៅ៖
ការខូចខាតគឺជាកត្តាដ៏សំខាន់បំផុត ដែលបង្កបញ្ហាផ្សេងៗដល់គ្រឿងក្នុងរបស់ម៉ាស៊ីន។ ដើម្បីជៀសវាងបញ្ហានេះបាន អ្នកប្រើប្រាស់គួរបិទនូវកញ្ចក់ការពារ (Screen Protector) និងប្រើនូវប្រភេទ Case ការពារធ្លាក់និងចូលទឹក (Case ប្រភេទនេះមានតម្លៃរាងថ្លៃបន្តិច គេនិយមប្រើសម្រាប់ស្មាតហ្វូនតម្លៃខ្ពស់ៗ)។ ទៀតសោតតាមរយៈប័ណ្ណធានារបស់ក្រុមហ៊ុនមួយចំនួន ក៏បញ្ជាក់ករណីបើស្មាតហ្វូនដែលទិញហើយ មានការខូចខាតនៅផ្ទៃខាងក្រៅខ្លាំង ពួកគេអាចនឹងផ្ដាច់ចោលនូវសុពលភាពប័ណ្ណធានានោះ ម្ល៉ោះហើយការអនុវត្តខាងលើ នឹងបញ្ចៀសអ្នកពីបញ្ហានេះបាន។
២.ថាមពលថ្ម៖
ស្មាតហ្វូនជាច្រើន និយមបំពាក់នូវថ្មមិនអាចដោះបានប្រភេទ Lithium-ion ដោយពពួកថ្មទាំងនេះ អ្នកគួរប្រុងប្រយ័ត្នព្រោះវាឆាប់ខូចបំផុត ។ ដើម្បីជៀសបញ្ហាបាន អ្នកប្រើសូមកុំទុកឱ្យស្មាតហ្វូនសល់ថ្មដល់ ០ ភាគរយឫរលត់បានសាក ទៀតសោតបើសាក សូមសាកឱ្យពេញដល់ ១០០ ភាគរយសឹមដក ។ យ៉ាងណាមិញទាំងថ្ម ដែលអាចដោះបាន ដូចជាពពួកស្មាតហ្វូន SAMSUNG ស៊េរីចាស់ ក៏អ្នកគួរអនុវត្តវិធីនេះដែរ។
៣.ការប្រើប្រាស់៖
អ្នកប្រើប្រាស់ស្មាតហ្វូន គួរយកកូនក្រណាត់តូចៗឫសម្លីត្បារត្រចៀកទុកតាមខ្លួន ព្រោះជាធម្មតាស្មាតហ្វូនតែងប្រឡាក់នូវកម្ទេចកំទីធូលីដីផ្សេងៗ ហើយបើយើងមិនខ្វល់ពីវា ចេះតែទុកចោលពីមួយថ្ងៃទៅមួយថ្ងៃ ទីបំផុតវានឹងកខ្វក់ខ្លាំងលែងចង់ប្រើក៏ថាបាន។ ចំណុចពិសេសមួយទៀតគឺការចុចលើអេក្រង់ សូមកុំប្រើកម្លាំងដៃចុចខ្លាំងៗពេក ឫយកវត្ថុធ្ងន់សង្កត់ពីលើ ព្រោះការធ្វើបែបនេះ ជាញឹកញយ វានឹងធ្វើឱ្យភាពរំញោចនៃអេក្រង់ ឆាប់ខូចខាតលឿនខុសពីធម្មតា។
៤.ភាពហួសសម័យ៖
ជាទូទៅក្រុមហ៊ុនស្មាតហ្វូនជាច្រើន ក្នុងរយៈពេល ១ ឆ្នាំៗ ចេញលក់សឹង ៥-៦ ម៉ូដែល កត្តានេះធ្វើឱ្យមនុស្សមានចិត្តចង់បន្ទាន់សម័យ។ បើអ្នកមានថវិកាគ្រប់គ្រាន់វាមិនជាបញ្ហាចោទទេ ប៉ុន្តែបើយើងពុំមាន សូមកុំគិតច្រើន ព្រោះភាពខុសគ្នានៃស្មាតហ្វូនពីមួយឆ្នាំទៅមួយឆ្នាំ វាមានតិចបំផុត សំខាន់លើយើងចេះលើកចំណុចពិសេសៗមកប្រៀបធៀបគ្នាឱ្យបានស៊ីជម្រៅ ហើយបើកាលណាអ្នកគិតថា វាល្មមដល់ពេលប្តូរស៊េរីហើយ នោះក៏ជាជម្រើសរបស់អ្នក (បញ្ជាក់: ៣-៤ ឆ្នាំចាំប្ដូរស៊េរីស្មាតហ្វូនម្ដងគឺល្អបំផុត)។
រាល់ការលើកឡើងចំណុចខាងលើ គ្រាន់ជាវិធីសាស្ត្រមួយក្នុងការថែរក្សាស្មាតហ្វូនឱ្យប្រើប្រាស់បានយូរ ហើយវាក៏ជាទម្លាប់ល្អមួយផងដែរ ព្រោះការរកថវិកាទិញបានស្មាតហ្វូនតម្លៃថ្លៃមួយគ្រឿងៗគឺពិបាកខ្លាំងណាស់៕
អានបន្ត៖
- យន្តហោះដឹកអ្នកដំណើរជាមធ្យមហោះនៅកម្ពស់ប៉ុន្មានគីឡូម៉ែត្រ?
- ចង់ដឹងអត់ថា Bitcoin ដំណើរការយ៉ាងម៉េចខ្លះ? (វីដេអូនិយាយខ្មែរ)
- ៥ ចំណុចគួរឱ្យសោកស្ដាយ ដែលទូរសព្ទបច្ចុប្បន្នមិនមានដូចអតីតកាល