ក្រសួង​វប្បធម៌ ត្រៀម​ចាត់វិធានការ​​ណ៍លើ​បទ​ប្រភេទ "បែក​ស្លុយ"?

  • ពុធ, 7 មិថុនា 2017 07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីប្រភេទ​បទ​បែក​ស្លុយ បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​តន្ត្រី​ខ្មែរ​ក្នុង​រង្វង់​២​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​មាន​ការ​រីះគន់​ខ្លះ ទទួល​យក​ខ្លះ ថ្មី​ៗ​នេះ​មាន​ប្រភព​មួយ​បាន​បង្ហើប​ថា ​ក្រសួង​គ្រោង​នឹង​ចាត់​វិធានការ​ធ្ងន់​លើ​បទ​​ប្រភេទ​នោះ។

រូបតំណាង

ប្រភព​ពី​ផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​បង្ហើប​ពី​បញ្ហា​នេះ ដោយ​លោក​ថា ក្រសួង​គ្រោង​នឹង​មាន​វិធានការណ៍​លើ​ប្រភេទ​បទ​ចម្រៀង ដែល​មាន​កាយ​វិការ​រាំង​ច្រង៉េងច្រង៉ាង​នេះ​ហើយ ដោយ​សារ​តែ​បទ​ប្រភេទ​នេះ បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​បទ​ចម្រៀង​ប្រជាប្រិយ និង​សិល្បៈ​វប្បធម៌​យើង​​ច្រើន។

លោក​ថា "បង​ឯង​ចាំ​មើល តិច​ទៀត​ក្រសួង​នឹង​មាន​វិធានការណ៍​លើ​បទ​បែក​ស្លុយ​ហើយ ហើយ​វា​ត្រូវ​នឹង​ផលិតកម្ម​ខ្ញុំ​ដែល​មិន​មាន​ផែន​ការ​ធ្វើ​បទ​ប្រភេទ​នេះ"។

ប្រភព​ដែល​សុំ​លាក់​អត្តសញ្ញាណ ប្រាប់​បន្ត​ថា ផលិតកម្ម​របស់​លោក​មាន​គោលការណ៍​និពន្ធ​តែ​បទ​និពន្ធ​ថ្មី (Original Song) ដោយ​មិន​មាន​ទំនោរ​ទៅ​រក​ការ​និពន្ធ​បទ​បែក​ស្លុយ​នោះ​ទេ។ ដូច្នេះ​ហើយ នេះ​​គឺជា​រឿង​ល្អ​មួយ​​ប្រសិន​បើ​ក្រសួង​ចេញ​វិធាន​ការ​បែប​នោះ​មែន និង​អំណោយ​ផល​ដល់​ស្ថាប័ន​របស់​លោក។ ជាក់​ស្ដែង ​ផលិតកម្ម​របស់​លោក ​បាន​ត្រៀម​អាល់ប៊ុម​​ចម្រៀង​​ជា​ច្រើន​ដែល​សុទ្ធ​សឹង​តែ​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធសាធ​ គ្មាន​លាយឡំ​នឹង​​បទ​បែក​ស្លុយ​នោះ​ទេ។

ប្រភព​ដដែល បាន​សង្កត់​ធ្ងន់​ថា នេះ​​ក៏​ជា​​សញ្ញាណ​វិជ្ជមាន​មួយ ជំរុញ​​អ្នកនិពន្ធ​ឲ្យ​មាន​ទំនោរ​ទៅ​រក​បទ​មិន​បែក​ស្លុយ​ផង​​ដែរ ដែល​ចុង​ក្រោយ​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​សិល្បៈ​តន្ត្រី​ក្នុង​ស្រុក។

​​​​​​​​​​​ចំណែក​​​យុវវ័យ​មួយ​ក្រុម​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​​បាន​និយាយ​​​មក​កាន់​ Sabay ថា​ពួក​គេ​មិន​មែន​​​មិន​គាំទ្រ​​ មិន​ឲ្យ​មាន​ទាំង​ស្រុង​នោះ​​ទេ ប៉ុន្តែ​សូម​ឲ្យ​មាន​ព្រំដែន​កំណត់​មួយ មិន​មែន​ចេះ​តែ​​ធ្វើ​តាម​តែ​ចិត្ត​ចង់​នោះ​ទេ ចង់​​ឲ្យ​អ្នក​និពន្ធ​ក៏​ដូចជា​ផលិតកម្ម​ទាំង​អស់​ពិចារណា​ចំណុច​នេះ​ឡើង​វិញ។

"ជាពិសេស​គឺ​ចូល​ឆ្នាំ​តែ​ម្ដង បទ​ប្រពៃណី​ជាតិ​មាន​តិច​តួច​បំផុត​ព្រោះ​ផលិតកម្ម​ធំ​ៗ​គាត់​សម្រុក​ធ្វើ​តែ​បទ​បែក​ស្លុយ យើង​ជា​យុវវ័យ​អត់​​សប្បាយ​ចិត្ត ហើយ​ក៏​មិន​ពេញ​ចិត្ត​នឹង​សមិទ្ធផល​នេះ​ដែរ​" ពួក​គេ​បន្ត។

ពួក​គេ​បន្ថែម​ថា ប្រសិន​បើ​ក្រសួង​មាន​វិធានការ​ដូច​ដែល​បាន​លើក​ឡើង​មែន​ពួក​គេ​នឹង​សប្បាយ​ចិត្ត​ព្រោះ​បទ​ចម្រៀង​ប្រភេទ​បែក​ស្លុយ​មិន​បាន​បង្ហាញ​ពី​អ្វី​ដែល​ជា​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​វា​បាន​បង្ហាញ​យ៉ាង​មុត​មាំ​ថា​ផលិតករ​ អ្នក​និពន្ធ​ និង​ផលិតកម្ម​ទាំង​អស់​មាន​ទំនោរ​ទៅ​រក​តន្ត្រី​របស់​ប្រទេស​ជិត​ខាង ទោះ​បី​ពួក​គេ​បញ្ជាក់​ថា​បទ​ចម្រៀង​ទាំង​នោះ​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​ក៏ដោយ។​​

​ទាក់​ទង​នឹង​បញ្ហា​នេះឯកឧត្ដម​ ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ បាន​តប​ជាមួយ​ Sabay ដោយ​ខ្លី​ថា​មិនទាន់​មាន​វិធានការ​​អ្វី​ទាក់​ទង​នឹង​បទ​បែក​ស្លុយ​នោះ​ទេ។ "ដូច​ជា​អត់​ទាន់មាន​វិធានការ​ទៅលើបទបែបហ្នឹងទេ" ឯកឧត្ដម បញ្ជាក់៕

អត្ថបទ៖ Samedy