ប៉ាតង់​ថ្មី​បង្ហាញ​ថា​​ Facebook ​ចង់​លួច​ថត​រូប​អ្នក​ប្រើ​ដោយ​សម្ងាត់​តាម​កាមេរ៉ា

  • 2017-06-09 02:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ស៊ើបការណ៍​ទីផ្សារ​ CBInsights ​បាន​ប្រទះ​ឃើញ​ប៉ាតង់​មួយ​របស់​ Facebook ដែល​បង្ហាញ​ពី​បំណង​ចង់​​លួច​ថត​រូប​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​កាមេរ៉ា​ទូរសព្ទ និង កាមេរ៉ា​កុំព្យូទ័រ​របស់​ពួក​គេ។

ក្នុង​ឯកសារ​ប៉ាតង់​បាន​រៀប​រាប់​ថា​បណ្ដាញ​សង្គម​យក្ស​នេះ​អាច​នឹង​ប្រើ​បច្ចេកវិទ្យា​អ្វី​មួយ (ដូច​ជា​កាមេរ៉ា) ដើម្បី​វិភាគ​​មើល​ការ​ប្រែ​ប្រួល​ទឹក​មុខ​របស់​អ្នក​ប្រើ​ប្រាស់​​នៅ​ពេល​ដែល​ពួក​គេ​ Scroll ប៉ះ​ចំ​ Post ប្រភេទ​ណា​មួយ។ ក្រោយ​មក​វា​នឹង​វិភាគ​​លើ​រូប​ថត​ថា​អ្នក​ប្រើ​ប្រាស់​មាន​អារម្មណ៍​បែប​ណា​ ហើយ​ប្រើ​ព័ត៌មាន​ដែល​គេ​ទទួល​បាន​នោះ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ស្ថិត​នៅ​លើ​ Facebook ឲ្យ​កាន់​តែ​យូរ។

រូបភាពក្នុងឯកសារប៉ាតង់

ឧទាហរណ៍​ថា​ប្រសិន​បើ​អ្នក​ញញឹម​នៅ​ពេល​អ្នក Scroll ចំ​រូប​ភាព​មិត្ត​ភក្តិ​របស់​អ្នក ភ្លាម​នោះ​ ប្រព័ន្ធ​ Facebook នឹង​កំណត់​ចំណាំ​ត្រង់​ចំណុច​នេះ ហើយ​នឹង​បង្ហាញ​រូបភាព​មិត្ត​ភក្តិ​របស់​អ្នក​ឲ្យ​កាន់​តែ​ច្រើន​នៅ​លើ News Feed។ មិន​តែ​ប៉ុណ្ណោះ​ Facebook អាច​នឹង​ប្រើ​ព័ត៌មាន​ពី​អារម្មណ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ផ្សាយ​​ប្រភេទ​ផ្ទាំង​ពាណិជ្ជកម្ម​ផ្អែក​ទៅ​តាម​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៀត​ផង។

​យ៉ាងណាមិញ​​អ្នក​នាំ​ពាក្យ​ Facebook ​បាន​លើក​ឡើង​ថា ៖ "យើង​តែង​តែ​ស្វែង​រក​ប៉ាតង់​សម្រាប់​បច្ចេកវិទ្យា​ដែល​យើង​មិន​ធ្លាប់​បង្កើត​បាន ហើយ​​តាម​រយៈ​ប៉ាតង់​នេះ​​​មិន​​អាច​កំណត់​ជា​ផែនការ​ថ្ងៃ​អនាគត​របស់​យើង​បាន​នោះ​ទេ”។

​ត្បិត​ថា​ Facebook មិន​ទាន់​មាន​គម្រោង​ថា​នឹង​អនុវត្ត​ប៉ាតង់​​​ខាង​លើ​ ប៉ុន្តែ​​គ្មាន​ការ​ធានា​​ថា​បណ្ដាញ​សង្គម​យក្ស​នេះ​​​មិន​អនុវត្ត​វា​នោះ​ទេ។ រំលឹក​ថា​កាល​ពី​ឆ្នាំ​មុន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហោះ​ដោយ​ Mark Zuckerberg បង្ហាញ​ថា​ស្ថាបនិក​រូប​នេះ​បាន​យក​ស្គុត​មក​បិទ​បាំង​កាមេរ៉ា​ខាង​នៃ​កុំព្យូទ័រ​របស់​ខ្លួន ​​​ និង បិទ​រន្ធ​មីក្រូហ្វូន​ទៀត​ផង ហើយ​ជា​មួយ​ការ​រក​ឃើញ​ប៉ាតង់​នេះ​ទៀត ​ធ្វើ​ឲ្យ​ប្រើ​ប្រាស់​កាន់​តែ​ព្រួយ​បារម្ភ​ថែម​ទៀត៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី