អ្នកដំណើរស្លន់ស្លោ ក្រោយយន្តហោះចិន ផ្ទុះ និងធ្លុះម៉ាស៊ីន ត្រូវត្រលប់ក្រោយបន្ទាន់

  • 2017-06-12 01:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines ធ្វើ​ដំណើរ​ពី​ទីក្រុង Sydney ទៅកាន់​ទីក្រុង​សៀងហៃ ត្រូវ​បង្ខំ​ចិត្ត​បក​ត្រលប់​ក្រោយ​វិញ បន្ទាប់​ពី​សមាជិក​នាវិក​លើ​យន្តហោះ រក​ឃើញ​ប្រហោង​យ៉ាង​ធំ​មួយ នៅ​ត្រង់​ម៉ាស៊ីន​យន្តហោះ ក្រោយ​ពេល​ចេញ​ដំណើរ​បាន​បន្តិច។

រូបថត​ជាច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ យន្តហោះ​ប្រភេទ Airbus A330 ដែល​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់ ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ មាន​ប្រហោង​ដ៏​ធំ​មួយ​នៅ​ត្រង់​ម៉ាស៊ីន។ យន្តហោះ​ដែល​ស្ថិត​នៅ​លើ​ជើង​ហោះហើរ Flight MU736 បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជាយក្រុង Bulli ដែល​មាន​ចម្ងាយ​ប្រហែល ៧០ គីឡូម៉ែត្រ​ពី​ទីក្រុង Sydney មុន​ពេល​ដែល​វា​ធ្វើ​ការ​ហៅ​ចេញ​បន្ទាន់ ទៅ​កាន់​ព្រលាន​យន្តហោះ Sydney Airport ដើម្បី​ចុះចត​បន្ទាន់។

អ្នក​ដំណើរ​នៅ​លើ​យន្តហោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​បាន​ឮ​សំឡេង​ផ្ទុះ ក្រោយ​ពេល​យន្តហោះ​ចេញ​ដំណើរ។ មិនតែប៉ុណ្ណោះ ការ​ផ្ទុះ​នោះ​បាន​បង្ក​ជា​សំឡេង​យ៉ាង​ខ្លាំង រហូត​ឮ​ដល់​ប្រជាជន​នៅ​ភាគ​ខាងលិច ទីក្រុង Sydney ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​ផ្ទុះ​នេះ​ទេ ខណៈ​គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ។

គួរ​បញ្ជាក់​ថា យន្តហោះ​ប្រភេទ Airbus A330 អាច​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ​ជា ២៩៧ នាក់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង