មិនមែនត្រឹមតែជាមិត្ត តែខ្ញុំស្រឡាញ់អ្នកខ្លាំង..វិលវិញបានទេ?
- 2017-06-12 02:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនត្រឹមតែជាមិត្ត តែខ្ញុំស្រឡាញ់អ្នកខ្លាំង..វិលវិញបានទេ?
ចន្លោះមិនឃើញ
នៅសុខៗ ខ្ញុំបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្ញុំ ដោយគ្មានដំណឹងសូម្បីតែបន្តិច គេចាកចេញពីខ្ញុំដោយគ្មានហេតុផល។ ឯណាទៅពាក្យថា មិត្តភក្ដិស្លាប់រស់ដែលអ្នកតែងនិយាយប្រាប់ខ្ញុំ ឯណាទៅពាក្យថា មិនបោះបង់ចោលគ្នា ទោះមានរឿងអ្វីក៏ដោយ ពាក្យសន្យាថាជាមិត្តល្អនឹងគ្នាជារៀងរហូត អ្នកសន្យាមិនបាននោះទេ។
បន្ទាប់ពីថ្ងៃដែលអ្នកចាកចេញពីខ្ញុំ ខ្ញុំមានអារម្មណ៍ថា ពិភពលោកមួយនេះ ធំល្វឹងល្វើយ ពិភពលោកធ្លាប់តែស្រស់ស្រាយ ប្រែជាខ្មៅងងឹត អាប់រស្មី មនុស្សធ្លាប់តែញញឹម ធ្លាប់តែរីករាយ ប្រែជាមនុស្សស្ងៀមស្ងាត់ ចង់ប្រាបថាពេលនេះខ្ញុំនឹកអ្នក ចង់ឱ្យគ្រប់យ៉ាងត្រឡប់ដូចដើម តើបានទេ? ហេតុអ្វីមិត្តភាពដ៏ល្អមួយ ត្រូវបានកាត់ផ្ដាច់ ទាំងមិនដែលមានបញ្ហាអ្វីសោះនោះ? ខ្ញុំបានអាននូវសំណេររបស់អ្នកហើយ ហើយខ្ញុំប្រាកដថា ប្រាកដជាអ្នកមិនខាន។ ថ្ងៃនោះខ្ញុំកំពុងលេងហ្វេសប៊ុក និងស្វែងរកអ្នក ស្រាប់តែមានមិត្តម្នាក់ Mention ខ្ញុំក្នុងអត្ថបទមួយរបស់សប្បាយ ហើយខ្ញុំបានអានគ្រប់ពាក្យ គ្រប់ម៉ាត់ គ្មានចន្លោះទេ ខ្ញុំក្ដុកក្ដួលពេលឃើញ សំណេរនោះ ហើយខ្ញុំក៏ទើបតែដឹងថា កន្លងមកអ្នកស្រឡាញ់ខ្ញុំ មិនមែនគ្រាន់តែជាមិត្តធម្មតានោះទេ។
ហឹមមម.....មិនមែនខ្ញុំមិនដឹងថាមិនស្រឡាញ់ខ្ញុំនោះទេ ព្រោះខ្ញុំក៏ជាមនុស្សពូកែវិភាគដែរ តែគ្រាន់តែខ្ញុំមិនច្បាស់នូវទង្វើដែលអ្នកធ្វើ និងពាក្យសម្ដីដែលអ្នកតែងនិយាយ។ អ្នកតែងប្រាប់ខ្ញុំថា រាល់ទង្វើដែលអ្នកធ្វើមកលើខ្ញុំ គឺគ្រាន់តែជាមិត្តទេ កុំយល់ច្រឡំអី ហើយបើបែបនេះឱ្យខ្ញុំគិតយ៉ាងម៉េចវិញចំពោះអ្នក ជាមិត្តល្អផង ជាស្នេហាផង បែបនេះមែនទេ? ហើយនៅសុខៗអ្នកចេញពីខ្ញុំគ្មានប្រាប់ហេតុផលសូម្បីមួយម៉ាត់ សួរថា ខ្ញុំសប្បាយចិត្តណាស់មែនទេ? អ្នកក៏ដឹងហើយក្រៅពីអ្នក តើខ្ញុំមានអ្នកណាទៀតដែលជិតស្និទ្ធបែបនេះ?
រំឭកដល់អនុស្សាវរីយ៍ចុងក្រោយ ដែលយើងទាំងពីរនាក់ទៅដើរលេងជាមួយគ្នា ខ្ញុំនៅតែចងចាំមិនភ្លេចទេរូបថតទាំងប៉ុន្មាន ខ្ញុំនៅតែរក្សាទុក ហើយខ្ញុំក៏តែងស្រក់ទឹកភ្នែកពេលមើលរូបថតយើងទាំងពីរនាក់ ហើយក៏នឹកក្នុងចិត្តថា មិនគួរណាមានថ្ងៃ ដែលយើងត្រូវបែកគ្នាទេ។ ពីដំបូងខ្ញុំក៏មិនដែលគិតថា អាចនឹងមានស្នេហាកើតឡើងរវាងយើងទាំងពីរនាក់ដែរ គិតថាយើងជាមិត្តល្អ តែគ្រប់ពេលខ្ញុំនៅជាមួយអ្នក បេះដូងខ្ញុំតែងលោតញាប់ខុសពីធម្មតា មានក្ដីសុខក្នុងផ្លូវចិត្ត មានភាពកក់ក្ដៅ ចង់ស្និទ្ធស្នាលដូចគ្នា។
មកទល់ពេលនេះទើបខ្ញុំដឹងថា អ្នកជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំ ខ្ញុំមិនអាចបន្តដំណើរជីវិតមួយនេះដោយគ្មានអ្នកបានទេ ខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នក ចង់ឱ្យអ្នកមកផ្ដល់កម្លាំងចិត្តឱ្យខ្ញុំដូចមុនវិញតើអាចទេ? មិនខុសគ្នា ពីអ្នកដែរ មានតែសំណេរនេះ ហើយដែលខ្ញុំហ៊ានសារភាពប្រាប់ថា ខ្ញុំក៏ស្រឡាញ់អ្នកដូចគ្នា មិនមែនមានតែអ្នកទេ ដែលស្រឡាញ់ខ្ញុំ តែមកពីម្នាក់ៗ តែងលាក់អារម្មណ៍រៀងខ្លួន ទើបថ្ងៃដែលបែកគ្នា អាចមកដល់បែបនេះ។
ចង់ប្រាប់ថា មិត្តម្នាក់នេះក៏ស្រឡាញ់អ្នកដូចគ្នា បើអាចវិលវិញបាន ហើយអ្នកក៏មិនទាន់អ្នកណា យើងត្រឡប់មកដើមវិញ ហើយមិនមែនត្រឹមជាមិត្តដូចពីមុនទេ តែជាស្នេហាបានទេ? ប្រយោគស្នេហាបែបនេះ គឺជាលើកទីមួយហើយដែលខ្ញុំសរសេរ ហើយអ្នកក៏ជាមនុស្សទីមួយដែរ ដែលធ្វើឱ្យខ្ញុំមានភាពក្លាហានហ៊ានសារភាព។
មនុស្សម្នាក់ដែលអ្នកតែងបង្អាប់ថា មិនចេះធ្វើអ្វីសោះសូម្បីតែ ដំខ្ទឹមម្នាក់នេះ នៅតែនឹកអ្នក នៅតែចាំអ្នក គ្រប់ពេលវេលា គ្មានថ្ងៃបំភ្លេចទេ ហើយក៏ល្មមដល់ពេល ដែលយើងពីរនាក់ ឈប់ធ្វើបាបបេះដូងខ្លួនឯងទៀតទៅ យើងជាម្ចាស់បេះដូង យើងមានសិទ្ធិធ្វើតាមបេះបញ្ជាឈប់ ក្បត់អារម្មណ៍ខ្លួនឯងទៀតទៅ រយៈពេលរាប់ឆ្នាំកន្លងមកនេះ សមល្មមឱ្យយើងពីរនាក់ស្គាល់ច្បាស់ពីគ្នាហើយ។ ខ្ញុំស្រឡាញ់អ្នកណាស់ RN
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: thor.chanreth@sabay.com ឬទូរសព្ទទៅកាន់លេខ 015 828 595 ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា