បើ​កំពុង​អស់​សង្ឃឹម​ មក​ស្គាល់​យុវជន​ពីរ​រូប​នេះ​សិន តស៊ូ​តាំង​ពី​បាត​ដៃ​ទទេ រហូត​ក្លាយ​ជា​ថៅកែលុយស្ដុក

  • 2017-06-13 10:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​តិច​នាក់​ទេ តែង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវិត រហូត​ចង់​បោះបង់​ការ​តស៊ូ ព្រោះ​គ្មាន​សង្ឃឹម​នឹង​បន្ត​ទៀត។ ​ប៉ុន្តែ​មុន​ចង់​បោះបង់ តើ​បាន​ក្រឡេក​មើល​អ្នក​ដែល​លំបាក​ខ្លាំង​ជាង​ខ្លួន​ហើយ​ឬ​នៅ​? ហេតុអ្វី​ក៏​គេ​អាច​តស៊ូ​ ដើម្បី​ជីវិត​បាន​? ចុះ​ហេតុ​អ្វី​ត្រឹម​បញ្ហា​ខ្លះ​ចូល​មក​ក្នុង​ជីវិត បែរ​ជា​ចង់​បោះ​បង់? ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​បន្ត​ទៀត សូម​ទៅ​ស្គាល់​យុវជន​ពីរ​រូប​ ដែល​តស៊ូ​ខ្លាំង​រហូត​ទទួល​បាន​ជោគជ័យ​៖

១. លោក​ ញឿក​ ភារុម្យ

ដោយ​សារ​ធ្វើ​​ការ​ទទួល​បាន​ប្រាក់​ខែ​តិច​ពេក​​គឺ​ត្រឹម​តែ​៨០​ដុល្លារ​ក្នុង​មួយ​ខែ​ លោក​ ញឿក​ ភារុម្យ​​ ក៏​​មាន​គំនិត​មួយ​ គឺ​បើក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​​។​ ដំបូង​ឡើយ​លោក​​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ ផ្នែក​​អក្សរសាស្ត្រ​អង់គ្លេស​​ ​ហើយ​ឆ្លៀត​ពេល​​ធ្វើ​ការ​បាន​ប្រាក់​ខែ​តែ​៨០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ​

ថ្ងៃ​មួយ​​​លោក​បាន​ឃើញ​វីដេអូ​មួយ​តាម​អ៊ីន​ធើ​ណេត​ ​ដែល​បង្ហាញ​ពី​​​​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ ពេល​នោះ​​បាន​​ចាប់​អារម្មណ៍​ខ្លាំង​លើ​មុខ​របរ​នោះ​​។​​ ​បន្ទាប់​មក​លោក​ក៏​​ទៅ​រៀន​សូត្រ​បច្ចេកទេស​បន្ថែម​ទៀត​នៅ​ប្រទេស​ថៃ​ និង វៀតណាម​ ព្រម​ទាំង​​បាន​នាំ​​យក​ពូជ​ចង្រិត​ដែល​ល្អ​​មក​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចិញ្ចឹម​សាក​ល្បង​ទៀត​ផង​។​

ចាប់​ផ្ដើម​ដំបូង​ លោក ​មាន​ដើម​ទុន​ត្រឹម​មួយ​ពាន់​ដុល្លារ​ទេ​ សម្រាប់​ការ​សាង​សង់​កសិដ្ឋាន​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​។​ ​ការ​ចាប់​ផ្ដើម​លោក​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​ខាត​បង់​ជា​ច្រើន តែ​លោក​មិន​ដែល​គិត​ចង់​បោះ​បង់​នោះ​ឡើយ​។

ការ​តស៊ូ​ពិត​ជា​មិន​អត់​ប្រយោជន៍ អាជីវកម្ម​របស់​លោក​ក៏​ចាប់​ផ្ដើម​​ទទួល​បាន​ចំណូល​កើន​ឡើង​បន្តិច​ម្ដង​ៗ​ចាប់​ពី​ខែ​ទី​៤​នៃ​ការ​ចិញ្ចឹម​​ ​​ហើយ​រហូត​​មក​ទល់​សព្វ​ថ្ងៃ​​គឺ​មាន​រយៈ​ពេល​​៧​ឆ្នាំ​​ហើយ​។​ បច្ចុប្បន្ន​កសិដ្ឋាន​ការ​ចិញ្ចឹម​ចង្រិត​របស់​លោក អាច​ប្រមូល​ផល​បាន ​​​ប្រមាណ​១​តោន​​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ​។​ លើស​ពី​នេះ​លោក​បាន​បង្រៀន​កសិករ​ដទៃ​ទៀត​មួយ​ចេះ យក​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ។

យុវជន​តស៊ូ​ក្នុង​ជីវិត​រូប​នេះ ប្រាប់​ថា ក្នុង​មួយ​ខែ​ៗ​ លោក​បាន​ផ្គត់​​ផ្គង់​ចង្រិត​ប្រមាណ​​ជាង​១០​តោន​​ដែរ​ ​ទៅ​អោយ​ទីផ្សារ​​ក្នុង​ប្រទេស​កម្ពុជា​។

២. ​លោក ទេព​កេន វណ្ណកន

​ងាក​មក​កាន់​យុវជន​រូប​នេះ ក៏​មាន​ជីវិត​តស៊ូ​មិន​ធម្មតា​ដែរ​។ លោក​ ទេព​កេន​ វណ្ណ​កន​ ​គឺ​ជា​​សហគ្រិន​វ័យ​ក្មេង​​​មួយ​រូប ​​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត រាប់​ទាំង​គ្មាន​លុយ​បង់​ថ្លៃ​សាលា​ និង​ស្នាក់​អាស្រ័យ​នៅ​ព្រះ​​វិហារ​គ្រិស្ត រហូត​ក្លាយ​ជា​CEO នៃ​ក្រុម​ហ៊ុន​​ព័ត៌មាន​វិទ្យា CAMWP DEV។

បុរស​តស៊ូ​រូប​នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​​ធំ ជា​កូន​ក្នុង​គ្រួសារ​​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង។ ក្រោយ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ហើយ លោក​គ្មាន​លទ្ធភាព ដើម្បី​បង់​ថ្លៃ​សាលា​ ថ្នាក់​បរិញ្ញាបត្រ​នោះ​ទេ តែ​ជា​ឱកាស​ល្អ លោក​​បាន​ជាប់​​​អាហារូបករណ៍​សិក្សា​នៅ​សកលវិទ្យាល័យ​កម្ពុជា​ផ្នែក​ព័ត៌មាន​វិទ្យា​។​​​ មក​នៅ​ភ្នំពេញ​ លោក​​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​​​តូច​មួយ​​​របស់​វិហារ​គ្រិស្ត​មួយ​កន្លែង ព្រោះ​គ្មាន​លទ្ធភាព​ជួល​បន្ទប់​ជួល​ទេ​។

ក្រោយ​មក​ដោយ​សារ​​មិត្ត​ភក្តិ​របស់​លោក​បាន​នាំ​លោក​អោយ​ស្គាល់​​ពី Internet និង Website ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្ដើម​​​​ចូលចិត្ត​ និង​តស៊ូ​រៀន​សូត្រ​ដោយ​មិន​បោះ​បង់​ចោល​។​ ម្យ៉ាង​ទៀត​​​ដោយ​សារ​លោក​ជា​អតីត​សិស្ស​ពូកែ​គណិតវិទ្យា​​ប្រចាំ​ខេត្ត​មួយ​រូប​ស្រាប់​ ដូច​នេះ​មិន​បង្ក​ជា​បញ្ហា​អ្វី​​សម្រាប់​ការ​រៀន​ជំនាញ​មួយ​នេះ​​ឡើយ​។​​

ក្រោយ​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០១២​ លោក​ ទេព​កេន​​ វណ្ណកន​ បាន​ចូល​បម្រើ​​ការងារ​អោយ​ក្រុមហ៊ុន​ធំ​ៗ ក្នុង​នាម​ជាWeb Developer​ ​ជា​បន្ត​បន្ទាប់​​​រហូត​ដល់​ពាក់​កណ្ដាល​​ឆ្នាំ​២០១៦​ ទើប​លោក​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​​ផ្នែក​វេបសាយ​ និង ​​ព័ត៌មាន​វិទ្យា​មួយ​ដោយ​ខ្លួន​ឯង​។​​​​ គោល​ដៅ​សំខាន់​គឺ​ដើម្បី​បង្កើត​ស្នាដៃ​សម្រាប់​ជីវិត​របស់​ខ្លួន​ ម៉្យាង​ដោយ​សារ​លោក​​មាន​​ជំនាញ​ការ​ងារ​នេះ​​​ច្បាស់​លាស់​ រួម​ផ្សំ​នឹង​មាន​គេ​ស្គាល់​​ច្រើន​ផង​ដែរ​​។​ ជា​ពិសេស​បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​អ្នក​ក្រីក្រ​ដូចជា​រូប​លោក​

សព្វ​ថ្ងៃ​ បុរស​មាន​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​​បាន​លើក​ឡើង​ថា​​ ថ្វី​បើ​ក្រុម​ហ៊ុន​របស់​លោក​ទើប​បើក​​ដំណើរ​ការ​បាន​​រយៈ​ពេល​ជាង​៤​ខែ​ក៏​​ពិត​មែន​ ប៉ុន្តែ​លោក​បាន​​ទទួល​គម្រោង​​ពី​អតិថិជន​​​ច្រើន​ឥត​ដាច់​។

សហគ្រិន​វ័យ​ក្មេង​រូប​នេះ បាន​ផ្ដល់​ជា​គំនិត​ថា អ្នក​ដែល​ចង់​សម្រេច​គោល​ដៅ​របស់​ខ្លួន ត្រូវ​ហ៊ាន​តស៊ូ​ពុះពារ​រាល់​ឧបសគ្គ មាន​គោល​ដៅ តែ​គ្មាន​សកម្មភាព មិន​អាច​ជោគ​ជ័យ​បាន​ឡើយ។ លុះ​ត្រា​មាន​គោល​ដៅ​ហើយ អនុវត្ត​ឲ្យ​បាន​ល្អ ហ៊ាន​ប្រឈម​ភាព​បរាជ័យ ទើប​ធ្វើ​ឲ្យ គោល​ដៅ​នោះ​ចេញ​ជា​លទ្ធផល​ផ្លែ​ផ្កា​បាន៕ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម