Scott Neeson ​ប្រើរូបមួយផ្ទាំងកុហកថា កន្លែងរស់នៅដូចឋានសួគ៌ តែពេលរូបរលំទើបដឹងការពិត

  • 2017-06-14 02:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ​ស្កុត​នី​សិន​ (Scott Neeson) ​គឺ​​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ឬ Cambodian Children's Fund (CCF) បាន​ប្រើ​រូប​មួយ​ផ្ទាំង​មាន​ទឹក​សមុទ្រ និង​ទេស​ភាព​ដ៏​ស្រស់​ស្អាត ដើម្បី​កុហក​មិត្ត​ភក្ដិ​មហាវិទ្យាល័យ​​របស់​លោក​តាម​វីដេអូ ថា​លោក​កំពុង​រស់​នៅ​កន្លែង​មួយ​ដ៏​ស្រស់​ស្អាត​ដូច​ឋាន​សួគ៌​។ ​តែ​មិន​បាន​ប៉ុន្មាន​នាទី​ផ្ទាំង​រូប​ភាព​នោះ​បាន​រលំ​ទៅ​វិញ​ ទើប​មិត្ត​ភក្ដិ​លោក​ដឹង​ថា មិន​មែន​ឋាន​សួគ៌​អ្វី​នោះ​ទេ កន្លែង​ដែល​លោក​កំពុង​រស់​នៅ​គឺ​តំបន់​ស្ទឹង​មានជ័យ​ នៃ​ប្រទេស​កម្ពុជា​។

លោក​បាន​សរសេរ​បន្ថែម​ទៀត នៅ​លើ​ហ្វេស​ប៊ុក​ថា ឋាន​សួគ៌​ដ៏​ពិត​ប្រាកដ​របស់​លោក គឺ​ស្ទឹង​មាន​ជ័យ​នេះ​ហើយ​។

រំឭក​ទៅ​ប្រវត្តិ​លោក​បន្តិច ស្កុត​នី​សិន​​​បាន​កើត​នៅ​ក្នុង​​តំបន់​មួយ​នៃ​ប្រទេស​ស្កុត​ឡែន​ ស្ថិត​ក្នុង​ចក្រភព​អង់គ្លេស​ ហើយ​​គ្រួសារ​​របស់​លោក​បាន​​​ផ្លាស់​ទី​​​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​លោក​មាន​​អាយុ​៥​ឆ្នាំ​ម្ល៉េះ​។​ ពេល​​វ័យ​ជំទង់​ ​លោក​បាន​​​​​​​ទៅ​ធ្វើ​ការ​​នៅ​​ក្រុម​ហ៊ុន​ភាព​យន្ត​ រហូត​លោក​អាច​​ក្លាយ​ខ្លួន​​ជា​​​ប្រធាន​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​​ហូលីវ៉ូដ​ (20 Century Fox International)​ ទៀត​ផង​។

​​អំឡុង​​ឆ្នាំ​ ២០០៣​ គឺ​ជា​ពេល​​ដែល​លោក​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា​​។​ លោក​បាន​ទៅ​ខេត្ត​សៀម​រាប​ សារមន្ទីរ​ទួល​ស្លែង​ និង តំបន់​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ​​​។​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ចងចាំ​មិន​ភ្លេច​ រហូត​ឈាន​ដល់​ការ​កែប្រែ​ខ្សែ​​ជីវិត​​របស់​លោក​​ទាំង​ស្រុង​នោះ​គឺ​ គ្រាហ៍​​​មួយ​ ​ដែល​លោក​បាន​ទៅ​ទី​​លាន​ចាក់​សំរាម​នៅ​​តំបន់​ស្ទឹង​មាន​ជ័យ​​ រាជ​ធានី​ភ្នំពេញ​។ ​ ​ពេល​ទៅ​ដល់​ទី​នោះ​ លោក​មាន​អារម្មណ៍​​សង្វេគ​ជា​ខ្លាំង​​​នៅ​ពេល​ដែល​​ លោក​បាន​ឃើញ​កុមារ​តូច​ៗ​ និង មនុស្ស​​ជា​ច្រើន​រស់​នៅ​​ទី​នោះ​ពោរពេញ​ដោយ​ការ​លំបាក​ ​ខ្វះ​អនាម័យ​ និង រស់​នៅ​​​ក្នុង​បរិស្ថាន​ដ៏​អាក្រក់​​បំផុត​។​ ​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​អោយ​លោក​គិត​ថា​ លោក​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ដល់​ពួក​គេ​។ ហេតុ​​នេះ​ហើយ​ ទើប​នៅ​ឆ្នាំ​ ២០០៤​ លោក​​បាន​សម្រេច​ចិត្ត​​លា​ឈប់​​ពី​ការ​ងារ​​​។​ ​បន្ទាប់​មក​លោក​បាន​លក់​​​ផ្ទះ​ លក់​រថយន្ត​​ លក់​កប៉ាល់​ទេសចរណ៍​ផ្ទាល់​ខ្លួន និង ​ទ្រព្យ​​សម្បត្តិ​មួយ​ចំនួន​​​​ទៀត​ ដើម្បី​យក​លុយ​មក​​​​​បើក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ​ជំនួស​វិញ​។​

​បេសកកម្ម​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឱ្យ​កុមារ​ទាំង​នោះ​ទទួល​បាន​ការ​អប់​រំ​ក្នុង​កម្រិត​មួយ​ខ្ពស់​ និង ​​​ការ​ជួយ​ដល់​​គ្រួសារ​ក្រីក្រ​របស់​ពួក​គេ​ឱ្យ​មាន​ចំណី​អាហារ​បរិភោគ​ ព្រម​ទាំង​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​​ទៀត​ផង​។ ​ ជា​លទ្ធផល​ ជាង​១៣​​ឆ្នាំ​មក​នេះ​ អង្គការ​របស់​លោក​បាន​ជួយ​ដល់​​កុមារ​តាំង​ពី​ ៤៥​ នាក់​ដំបូង​រហូត​ កើន​ឡើង​ដល់​ជាង​២០០០​នាក់​។​ លើស​ពី​នេះ​ទៀត​ អង្គការ​ក៏​បាន​​​​ជួយ​ដល់​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​​តាម​រយៈ​ការ​សាង​សង់​ផ្ទះ​ជាង​ ៤០០​ខ្នង​ និង ការ​ជួយ​ផ្គត់​ផ្គង់​អាហារ​​​មួយ​ចំនួន​​ផង​ដែរ​។ ហើយ​គម្រោង​​ថ្មី​មួយ​ដែល​លោក​ទើប​តែ​ទទួល​​បាន​ជោគ​ជ័យ​នោះ​ គឺ​ការ​​ដាក់​អោយ​ប្រើ​ប្រាស់​នូវ​សាលា​រៀន នីសិន​គ្រីប​អាខាដឺមី​ សម្រាប់​​​បណ្ដុះ​បណ្ដាល​ជំនាញ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា ​វិស្វកម្ម​ និង គណិតវិទ្យា​​ដល់​កុមារ​​ក្រី​ក្រ​រស់​នៅ​​លើ​គំនរ​សំរាម​​ទាំង​នោះ​៕​​​​​​​​​​​​

អត្ថបទ៖ វឌ្ឍនៈ