បើចង់ទិញ Prius ត្រូវដឹងរថយន្ត Prius ទាំង ៤ ជំនាន់នេះទាំងរូបរាងនិងកម្រិតស៊ីសាំង
- 2017-06-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ទិញ Prius ត្រូវដឹងរថយន្ត Prius ទាំង ៤ ជំនាន់នេះទាំងរូបរាងនិងកម្រិតស៊ីសាំង
ចន្លោះមិនឃើញ
Toyota Prius បានក្លាយជាជម្រើសរថយន្តដ៏ពេញនិយមមួយដោយសារតែមានតម្លៃធូរថ្លៃ និង ស៊ីប្រេងឥន្ធនៈតិច។ រថយន្តនេះបានបង្ហាញវត្តមានជាលើកដំបូងនៅឆ្នាំ ១៩៩៧ ដោយដំបូងជាប្រភេទរថយន្តទ្វារបួន ក្រោយចាប់ពីឆ្នាំ ២០០៣ ក៏បានអាប់ដេតទៅជាប្រភេទទ្វារប្រាំវិញ។ តទៅនេះនឹងបង្ហាញពីរូបភាព និង កម្រិតស៊ីប្រេងឥន្ធនៈរបស់រថយន្ត Prius ទាំងបួនជំនាន់ដែលចេញចាប់តាំងពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០១៧៖
ជំនាន់ទីមួយ (ឆ្នាំ ១៩៩៧ ដល់ ២០០៣)
រថយន្ត Prius ម៉ូដែលដំបូងគេបានចេញលក់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៩៧ ដោយរថយន្តជំនាន់ទីមួយនេះមានលក់តែនៅប្រទេសជប៉ុនប៉ុណ្ណោះ។ ប៉ុន្តែក៏មានការនាំចូលជាលក្ខណៈឯកជនទៅលក់នៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អូស្ត្រាលី និង នូវែលហ្សេឡង់។ Prius ជំនាន់ទីមួយប្រើម៉ាស៊ីន I-4 ទំហំ ១,៥ លីត្រ បង្កើតកម្លាំងបាន ៧០ សេះ រួមជាមួយម៉ូទ័រអេឡិចត្រូនិកកម្លាំង ៤០ សេះ ដោយការបើកបរក្រៅក្រុងចម្ងាយ ១០០ គ.ម ប្រើប្រេងឥន្ធនៈ ៥,៧ លីត្រ និង ក្នុងក្រុង ១០០ គីឡូម៉ែត្រស៊ី ៥,៦ លីត្រ។ Toyota អាចលក់រថយន្តជំនាន់ដំបូងនេះសរុបបានប្រមាណ ៦០០ ០០០ គ្រឿង។
ជំនាន់ទីពីរ (ឆ្នាំ ២០០៣ ដល់ ២០០៩)
Prius ជំនាន់ទីពីរមានការរចនារូបរាងខុសគ្នាពីជំនាន់ទីមួយខ្លាំង ជាពិសេសត្រង់គូថក្រោយតែម្ដង។ ជំនាន់ទីពីរនេះនៅតែប្រើម៉ាស៊ីន I-4 ទំហំ ១,៥ លីត្រ កម្លាំង ៧៦ សេះ គួបផ្សំជាមួយម៉ូទ័រអេឡិចត្រូនិកកម្លាំង ៦៧ សេះ។ ការបើកបរក្រៅក្រុងចម្ងាយ ១០០ គីឡូម៉ែត្រស៊ីប្រេងឥន្ធនៈ ៥,២ លីត្រ និង ក្នុងក្រុងស៊ី ៤,៩ លីត្រក្នុង ១០០ គ.ម។ ចំនួនលក់ជំនាន់ទីពីរនេះកើនឡើងដល់ប្រមាណ ១ ១៩២ ០០០ គ្រឿង។
ជំនាន់ទីបី (ឆ្នាំ ២០០៩ ដល់ ២០១៥)
ចូលដល់ជំនាន់ទីបីកម្លាំងម៉ាស៊ីនហាក់រៀងខ្លាំងជាងមុនបន្តិចដោយជាប្រភេទម៉ាស៊ីន I-4 ចំណុះ ១,៨ លីត្រ កម្លាំង ៩៨ សេះ គួបផ្សំនឹងម៉ូទ័រអេឡិចត្រូនិកកម្លាំងសរុបឡើងដល់ ១៣៤ សេះ។ ត្បិតថាម៉ាស៊ីនខ្លាំងជាងមុនប៉ុន្តែអាចសន្សំសំចៃបានច្រើនជាងមុនដោយការបើកបរក្រៅក្រុង ១០០ គ.ម ស៊ី ៤,៩ លីត្រ និង ក្នុងក្រុង ១០០ គ.ម ដូចគ្នាស៊ី ៤,៦ លីត្រ។ ចាប់តាំងពីប្រកាសចេញតាំងពីឆ្នាំ ២០០៩ មក Toyota អាចលក់ Prius ជំនាន់ទីបីបានប្រហែល ១ ៦៨៨ ០០០ គ្រឿងជុំវិញពិភពលោក។
ជំនាន់ទីបួន (ឆ្នាំ ២០១៥ ដល់ បច្ចុប្បន្ន)
រូបរាងរបស់ Prius ជំនាន់ទីបួនបានរចនាឲ្យកាន់តែប្លែកភ្នែកជាងជំនាន់មុនៗ ប៉ុន្តែដោយសារតែរូបរាងប្លែកនេះហើយធ្វើឲ្យមានការរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំនួន។ ចំពោះម៉ាស៊ីនវិញមានទំហំ ១,៨ លីត្រ អមជាមួយម៉ូទ័រអេឡិចត្រូនិក បង្កើតកម្លាំងបាន ១២១ សេះ ហើយកម្រិតប្រេងឥន្ធនៈចំពោះការបើកក្រៅក្រុង ១០០ គ.ម ស៊ី ៤,៧ លីត្រ និង ក្នុងក្រុងស៊ី ៤,៤ លីត្រ។ Toyota រំពឹងថានឹងអាចលក់រថយន្តជំនាន់ចុងក្រោយរបស់ខ្លួនក្នុងចំនួន ៣០០ ០០០ ទៅ ៣៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ៕
ចុចអាន៖
Subaru XV 2018 ចេញថ្មី រាងម៉ាអ៊េម យកទៅបើកកាត់ភក់នៅតៃវ៉ាន់
៥ នាទី ហ្គេម Forza 7 ស៊ីដាច់ផឹង Need For Speed របស់ EA