គីម ជុង​អ៊ុន ខ្លាចអាមេរិក​លប​ធ្វើឃាត​ដល់​ថ្នាក់​ប្តូរ​រថយន្ត​ញឹកញាប់ និង​ធ្វើដំណើរ​តាំងពីព្រឹក​ទៀបភ្លឺ​

  • 2017-06-17 03:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម ជុង​អ៊ុន មានការ​ភិតភ័យ​ជាខ្លាំង​អំពី​ផែនការ​ធ្វើឃាត រហូតដល់​ថ្នាក់ គាត់​ធ្វើដំណើរ​តាំងពីព្រឹក​ព្រហាម និង ប្តូរ​រថយន្ត​ញឹកញាប់​ដើម្បី​បញ្ឆោត​សត្រូវ​។ នេះ​បើតាម​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​កូរ៉េខាងត្បូង​លាតត្រដាង​ដូច្នេះ​។

ក្រុមមន្ត្រី​ទីភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ (NIS) របស់​កូរ៉េខាងត្បូង​និយាយថា គីម ជុង​អ៊ុន ខ្លាច​ការវាយប្រហារ​ដោយ​កាំភ្លើង​មកលើ​រថយន្ត​របស់គាត់ និង​ការវាយប្រហារ​តាម​ជើង​អាកាស​។

NIS ចែកចាយ​ដំណឹង​នេះ​នៅ​សម័យប្រជុំ​រឹតត្បិត​មួយ​របស់​សភាជាតិ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ មិថុនា​។ នេះ​បើតាម​កាសែត The Korea Herald​។​

​ការព្រួយបារម្ភ​អំពី​ការធ្វើឃាត​របស់​គីម ជុង​អ៊ុន កើនឡើង​ខ្លាំង ចាប់តាំងពី​កូរ៉េខាងត្បូង និង អាមេរិក បង្កើត​អង្គភាព​កងកម្លាំង​ពិសេស ដែល​អាច​សម្លាប់​មេដឹកនាំ​កូរ៉េខាងជើង​យ៉ាង​លឿន ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​។

អង្គភាព​ពិសេស​របស់​កងទ័ពជើងគោក​និង​ជើង​ទឹក​អាមេរិក​បាន​ចូលរួម​ជាមួយ​កងកម្លាំង​ពិសេស​របស់​កូរ៉េខាងត្បូង កាលពី​ខែមីនា សម្រាប់​សមយុទ្ធ ដែល​អាមេរិក​អះអាងថា គឺ​ការហ្វឹកហ្វឺន​សម្រាប់ "​ប្រតិបត្តិការ​កាត់​ក្បាល​" ដើម្បី​កម្ចាត់​មេដឹកនាំ​កូរ៉េខាងជើង​ឱ្យអស់​៕

ប្រភព៖ rasmeinews