ភ្លើងឆេះព្រៃដ៏ធំសម្បើមនៅ​ព័រទុយហ្កាល់​ ​មាន​អ្នក​ស្លាប់​ខ្លះ​​ត្រូវ​ដុត​កម្លោច​ក្នុង​រថយន្ត​

  • 2017-06-18 03:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២៤​នាក់ បាន​បាត់​បង់​ជីវិត និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​បាន​រង​របួស​​ដោយ​ឥទ្ធិពល​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ព័រទុយហ្គាល់​ភាគ​កណ្ដាល។ នេះ​បើ​តាម​ប្រសាសន៍​របស់​​នាយករដ្ឋមន្ត្រី Antonio Costa។

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​ប្រមាណ ៤០០​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​នៅ​តំបន់​​ជួរ​ភ្នំ Pedrogão Grande ចម្ងាយ​ប្រមាណ​ ២០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Lisbon។

បើ​យោង​ទៅ​តាម​សេចក្ដីរាយការណ៍​​បឋម ​​​ក្នុង​ចំណោម​ជនរងគ្រោះ​​ទាំង​អស់​ ​មាន​ ១៦​នាក់​​ស្លាប់​ដោយ​សារ​​ជាប់​ក្នុង​រថយន្ត​ពួក​គេ រួច​ត្រូវ​ភ្លើង​​ដុត​កម្លោច​​ទាំង​រស់ និង ៣​នាក់​​ ដោយ​សារ​​ឈ្លក់​​ផ្សែង​​។ ​មនុស្ស​ ២​នាក់ ​កំពុង​បាត់​ខ្លួន។

​ហេតុ​ការណ៍​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សោកនាដកម្ម​ភ្លើង​ឆេះ​ព្រៃ​​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្ស​ចុង​ក្រោយ​ក្នុង​ប្រទេស​ព័រទុយហ្គាល់។

មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា ​រលក​កម្ដៅ​ និង​កម្លាំង​​ខ្យល់​បក់​​ខ្លាំង​បាន​ធ្វើ​ឲ្យ​អំណាច​ភ្លើង​​ឆេះ​កាន់​តែ​ខ្លាំង។ មក​​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ធ្វើ​ឲ្យ​ឆេះ​​នៅ​ឡើយ​ទេ តែ​ផ្ទះ​ច្រើន​ខ្នង​ត្រូវ​ភ្លើង​លេប​ត្របាក់​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ