iPhone 7/7 Plus​ ​ឈ្នះ​ក្នុង​ទឹកដី​អាមេរិក​ ​តែ​ចាញ់​ច្រាប​នៅ​ប្រទេស​ចិន

  • 2017-06-19 09:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ក្រុមហ៊ុន​ ​SAMSUNG​ ​បាន​ប្រកាស​បង្ហាញ​ ​Galaxy S8/S8+​ ​ក៏​ដោយ​ ​ប៉ុន្តែ​ស្មាតហ្វូន​ ​iPhone 7/7+ នៅ​រក្សា​ជំហរ​ទី ១ ក្នុង​ទឹកដី​អាមេរិក​ដដែល។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ ​Kantar Worldpanel ComTech។ ឧបករណ៍​នៃ​ប្រព័ន្ធ​ ​iOS​ ​ក្ដោបក្ដាប់​បាន​ ​៣៦,៥​ ​ភាគរយ​ ​គិត​ត្រឹម​ ​៣​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២០១៧​ ​ដែល​ជា​តួ​លេខ​កើន​ឡើង​ ​៥,៨​ ​ភាគរយ​ពី​ឆ្នាំ​ ​២០១៦។

ដោយ​ឡែក​ ​ងាក​ទៅ​មើល​ស្លាកយីហោ​របស់​ក្រុមហ៊ុន​ ​SAMSUNG, LG​ ​និង​ ​Motorola​ ​គឺ​ពុំ​មាន​ការ​កើន​ឡើង​ការ​លក់​នោះ​ទេ​ ​​ទោះ​បី​ជា​ពួក​គេ​ជាប់​លំដាប់​ទាំង​ ​១០​ ​នៃ​កំពូល​ស្មាតហ្វូន​ក៏​ដោយ។ ទៀត​សោត​តាម​ការ​ប៉ាន់ស្មាន​បញ្ចប់​ត្រឹម​ខែ​ឧសភា​ ​ឆ្នាំ​នេះ​ ​S8/S8+​ ​ទទួល​បាន​ចំណែក​ទីផ្សារ​ ​៨,១ ភាគរយ​ក្នុង​ទឹកដី​អាមេរិក​ ​ចាញ់​ ​iPhone 7/7+​ ​ដែល​​ទទួល​បាន​ដល់​ ​២០,១​ ​ភាគរយ។

ចំណែក​ឯ​ទីផ្សារ​ប្រទេស​ចិន​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​មាន​អ្នក​ប្រើ​កើន​ដល់​ ​៤,៣​ ​ភាគរយ​ ក្ដោបក្ដាប់​បាន​ ​៨៣,៤​ ​ភាគរយ​ ​នៃ​ទីផ្សារ​សរុប​ក្នុង​រយៈ​ពេល​ ​៣​ ​ខែ​ដំបូង​ ​ខណៈ​ ​iOS​ ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ ​៣,៨​ ​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ ​ដោយ​ទទួល​បាន​តែ​ ​១៦,២​ ​ភាគរយ​ ​គិត​ជា​ចំណែក​ទីផ្សារ​សម្រាប់​ ​iPhone 7/7+​ ​មាន​ត្រឹម​ ​៨,៥​ ​ភាគរយ​ប៉ុណ្ណោះ។

ក្រៅ​ពី​នោះ​ក្នុង​ទឹកដី​ប៉ែក​អឺរ៉ុប​រួម​បញ្ចូល​ប្រទេស​អង់គ្លេស​ អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេស្ប៉ាញ ទាំង​ប្រព័ន្ធ​ ​iOS​ ​និង​ ​Android​ ​មាន​ការ​កើន​ឡើង​ប្រហាក់​ប្រហែល​គ្នា៕

ចុចអានបន្ត ៖

ប្រភព៖ iclarified   អត្ថបទ ៖ កៅ រក្សា