គ្រូ​បង្រៀន​រ៉េប​ភាសាចិន​ល្បីឈ្មោះ៖ “អ្នកខ្លះ​ថា ខ្ញុំ​បង្រៀន​ឆ្កួតៗ​ ជារឿង​ត្រឹម​ត្រូវ ពីព្រោះ…” (មានវីដេអូ)

  • 2017-06-20 01:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​តួនាទី​ជា​អ្នក​អប់រំ និង​បណ្តុះបណ្តាល​ភាសាចិន​​នៅ​សាលា​ឯកជន​មួយ​ នា​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ ប្រហែល​មិន​មែន​ជារឿង​ចៃដន្យ​ពេក​ទេ ដែល​​លោក​គ្រូ​បង្រៀន​ម្នាក់​អាច​រិះរក​ ឃើញ​វិធី​សាស្ត្រ​បង្រៀន​ភាសា​ចិន​បែបរ៉េប ហើយ​​​នាំ​អោយ​ផ្ទុះ​ការ​ចាប់​អារម្មណ៍ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម Facebook ខណៈ​វិធី​សាស្រ្ត​បង្រៀន​ភាគច្រើន​​គេ​និយម​ប្រើ​វិធី ​ស្ដាប់ និយាយ អាន និង​សរសេរ​តែប៉ុណ្ណោះ។

បុរស​វ័យ ៣៦ ឆ្នាំ រូប​នេះ​គ្មាន​អ្នក​ក្រៅ​ពី ​លោក​គ្រូ ចៅ សុជាតិ នោះ​ទេ។ រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ លោក​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភាសា​ចិន​ ខណៈ​តម្រូវ​ការ​ទីផ្សារ​ការងារ​​ភាសាចិន​កំពុង​ឈរ​លេខ​រៀង​មួយខ្ពស់ ​បន្ទាប់​ពី ភាសា​អង់គ្លេស។

មាន​ទីកន្លែក​កំណើត​នៅ​​ភូមិ ជ័យ​ឧដ្តុង្គ សង្កាត់លេខ ២ ​ក្នុង​ទី​រួម​ខេត្តកំពត​លោក​បាន​ធំធាត់​នៅ​ក្នុង​គ្រួសារ​មួយ​ ដែល​ឱ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ ត្បិត​ថា​ លោក​ឪពុក​ គឺជា​គ្រូបង្រៀន​ភាសា​ចិន​​នៅ​ក្រុង​តាខ្មៅ។

នៅ​​ឆ្នាំ​ ១៩៩៨ លោក​បាន​ប្តូរ​មក​រស់​នៅ​ជាមួយ ​លោក​​ឪពុក និង​ជា​ពេល​វេលា​ធ្វើ​ឲ្យ​ផ្តោត​ទៅ​លើ​ការសិក្សា​​ភាសា​ចិន​។ “ដំបូង​ឡើយ​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​ប្រើប្រាស់​ពេលវេលាឥត​ប្រយោជន៍​ដើរ​សប្បាយ ប៉ុន្តែ​បន្ទាប់ពី​ទទួល​រង​ការ​វាយ​ប្រហារ ខ្ញុំ​បាន​ភ្ញាក់​រលឹក​ និង​ខិតខំ​ស្វ័យ​សិក្សា​ភាសា​ចិន​ដោយ​ខ្លួន​ឯង”។

រៀន​ចប់​ថ្នាក់​ទី​ ៩ (ថ្នាក់​ភាសា​ចិន) លោក​បាន​ទទួល​អាហារូបករណ៍​ជាច្រើន​លើក​ពី​សមាគម ខ្មែរ​ចិន​ឲ្យ​បន្ត​ការ​សិក្សារយៈពេល​ខ្លី​នៅ​ប្រទេស​ចិន​ ដែល​ផ្តោ​លើ​គរុកោសល្យ​បង្ហាត់​បង្រៀន​ភាសា​ចិន​។ នៅ​ដើម​ឆ្នាំ​ ២០០២ លោក​បាន​ចេញ​បង្រៀន​គួរ​នៅ​សាលាឯកជន​មួយ​។ បន្ទាប់​មក​ជួល​បន្ទប់​បង្រៀន ចាប់​សិស្ស​ពីរ​អង្គ (ព្រះសង្ឃ) រហូត​កើត​ដល់​ចន្លោះ​ពី ៣០ នាក់ទៅ​៤០ នាក់។

ផ្ដើម​គិតពី​ផែនការ​អនាគត និង​អ្វី​ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​ គួបផ្សំ​ទៅ​នឹង​ចំនួន​សិស្ស​កាន់តែ​មាន​ការ​កើន​​ឡើង​ឥតឈប់​ផងនោះ​ មជ្ឈមណ្ឌល​បង្រៀន​ភាសា​ចិន​មួយ​ត្រូវបាន​បង្កើតឡើង​កាល​ពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០០៩។ មជ្ឈមណ្ឌល​នោះ​មាន​​ឈ្មោះ​ មជ្ឈមណ្ឌល​ភាសាចិន ហេងតុង ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​សាលា​ហេងតុង​តែម្តង និង​ដំណើរ​ការ​បង្រៀន​ តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ៥​៖៣០នាទី ដល់​ ៧៖៣០នាទី។ ក្រោយ​មក​មជ្ឈមណ្ឌល​ភាសា​នេះ​ បាន​ប្តូរ​ឈ្មោះ​មក​ជា​សាលា​ភាសា​ចិន អ៊ិឈីន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ សាលា​ភាសា អ៊ិឈីន ដែល​មាន​ទីតាំង​ក្នុង​ក្រុង​តាខ្មៅ​កំពុង ទទួល​បាន​ការ​គាំទ្រ​ពីឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស​ជាច្រើន។

វិល​មក​កាន់​វិធីសាស្ត្រ​បង្រៀន​បែបរ៉េប ដែល​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម Facebook ជាច្រើន​ស្គាល់​លោក​នោះ​ត្រូវ​បាន​លោក​គ្រូ ចៅ សុជាតិ លើក​ឡើងថា វិធី​សាស្រ្ត​នេះ​បាន​កើត​ចេញ​ពីការ​សង្កេត បច្ចេកទេស និង​ច្បិច​យក​គន្លឹះ​សំខាន់ ​ដែល​សិស្ស​ចាប់ អារម្មណ៍។ ការ​បង្រៀន​ត្រូវ​សិក្សា​ពីការ​វិវត្ត​ទៅតាម​សម័យកាល។ សិស្ស​ត្រូវការ​អ្វី​ដែល​ប្លែក​ និង សប្បាយ ស្រប​ទៅតាម​សម័យប​ច្ចេកវិទ្យា អ៊ីនធឺណេត ក៏​ចាប់​ផ្តើម​អនុវត្តន៍ ​វិធីសាស្ត្រ​បង្រៀន បែបរ៉េប​នៅ​ឆ្នាំ​២០១០។ ​

“ដំបូង​ខ្ញុំបង្រៀន​លក្ខណៈ​អានមេរៀន​តាមធម្មតា​ បក​ប្រែប្រើ វិធី​សាស្រ្ត structure ដោះដូរ​ពាក្យ ។ ដល់ក្រោយមក​ខ្ញុំ​ហាក់​ដូចជា​ពិបាក​ឲ្យ គាត់​អាន មេរៀន​ ព្រោះ​ពួកគេ​មិន​ស្តាប់​ ខ្ញុំ​គិត​ថា ម្ង៉ៃៗ​ពួកគេ​មើលតែ​ទូរសព្ទ​ ស្ដាប់​តែ​ចម្រៀង​ហើយ ពេលខ្លះ​ក្បាល​ក៏​ញ៉ាក់​ចុះញ៉ាក់​ឡើង អញ្ចឹង​ទៅ​​ក៏​មាន​អារម្មណ៍​ថា ចុមនេះ​ពួគគាត់​ចូលចិត្ត​ភ្លេង​តាស៎ ។ ការ៉េប​ជាភាសា​អង់គ្លេស​មើល​ទៅពិរោះ ចុះ​បើ​ប្តូរ​មក​ភាសា​ចិន​វិញ​អាចអោ​យ​ពួកគេ​ចាប់អារម្មណ៍ទេ? ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​ការស្រាវជ្រាវ ដោយ​ចាប់​ពី​ឆ្នាំ ​២០១០ ​បង្កើត ​និង​អនុវត្ត​​…ពួកគេ​ចាប់អារម្មណ៍​មក​រៀន​ច្រើន ​ប៉ុន្តែ​មិនទាន់​ជោគជ័យ​នៅ​ឡើយទេ​ ខ្ញុំ​ត្រូវ​ធ្វើយ៉ាងម៉េច​អោយ មាន​ពាក្យជួន ធ្វើ​សំលេង​ម៉េច​ឲ្យ​ចាប់​អារម្មណ៍​ សប្បាយ នឹង​ការអាន សប្បាយ​ក្នុង​ការទន្ទេញ។ ដល់​ឆ្នាំ ​២០១៤ ទើប​មាន​ប្រសិទ្ធិភាព​មែនទែន”។

ការ​បង្រៀន​រយៈពេល​មួយ​ម៉ោង​ លោក​គ្រូ​អនុវត្ត​វិធីសាស្រ្ត​បង្រៀន​បែបរ៉េបតែ​ ៥នាទី ១០ នាទី​ប៉ុណ្ណោះ នៅ​រៀងរាល់​ចុង​​ម៉ោង​ពេល​សិស្ស​ល្វើយ ខណៈ​វិធីសាស្រ្ត​នេះ​ត្រូវបាន​​លោក​គ្រូ​ចាត់​ទុក​ជា​ថ្នាំ​ម្យ៉ាង ដែល​អាច​ព្យាបាល​ទៅ​លើ​អារម្មណ៍ និង​ផ្លូវចិត្ត​របស់​សិស្ស​។

“ខ្ញុំមាន​តិចនិច និង​វិធីសាស្រ្ត ត្រឹមត្រូវ​ច្បាស់លាស់ មិន​អាច​ចេះតែ Copy ហើយ​យក​ទៅ​បង្រៀន​សិស្ស​ដូច​ខ្ញុំ​ដែរ មិន​អាច ទៅរួចទេ។ ការ​អាន មេរៀន​តាម​ចង្វាក់​ភ្លេង​ពួកគាត់​សប្បាយ​មែន ​តែ​ការ​អាន​ត្រឹមត្រូវ​ ឬ​មិន​ត្រឹមត្រូវ​ បើ​គ្រូ​មិនពត់​ទេ ចោល​លុយ​តែម្តង អញ្ចឹង​បានថា វិធីសាស្រ្ត​នេះ​មានតែ​សាលាខ្ញុំ​ទេ​ទើប​អាច​ធ្វើ​បាន ព្រោះ​ខ្ញុំ​ជាអ្នកបង្កើត​”។

យ៉ាង​នេះ​ក្តី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​រិះគន់ វិធី​សាស្រ្ត​បង្រៀន​របស់​លោក​រហូត ចាត់ទុកថា នេះ​គឺជា​វិធីបង្រៀនបែប​ឆ្កួតៗ។ មិនយល់​ទាស់​ចំពោះ​អ្នក​រិះគន់ លោក​គ្រូថែម​ទាំង​យល់​ស្រប​ចំពោះ​មតិ​អ្នក​រិះ​គន់​ទៀតផង​។

“កត្តា​ដែល​គេ​ថា ខ្ញុំ​ឆ្កូត​ជារឿង​ត្រឹមត្រូវ ពីព្រោះ​ថា នៅក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ផ្ទុក​ដោយ​ព័ត៌មាន​ជាច្រើន​ ព័ត៌មាន​ដែល​យើង​ដឹង​ គឺ​យើង​ស្គាល់​ ព័ត៌មាន​ដែលយើង​មិន​ដឹង​គឺយើងមិន​ស្គាល់ បើ​កាល​យើង​មិន​ស្គាល់​ ហើយ​គេ​ធ្វើ​ យើង​មានអារម្មណ៍ថា វាមិន​ដែលៗ យើង​នឹង​ឲ្យ​តម្លៃ​អ្នក​នោះថា ឆ្កួត។ ខ្ញុំឧទាហរណ៍​ទៅ​លើ​ការ​ពិសា​ទឹកអញ្ចឹង ទឹក​ដែល​យើង​ស្គាល់​ម៉ាក និង​ទឹក​ដែល​យើង​មិន​ស្គាល់​ម៉ាក់ យើង​ជ្រើសរើយយក​មួយ​ណា? យើង​ច្បាស់​ជា​យកទឹក​ស្គាល់​ម៉ាក​ហើយ…អាហារ ក៏ដូច​គ្នាដែរ។ អញ្ចឹង​មានតែ​អ្នក​ទទួល​បាន​ព័ត៌មាន​ពី​ខ្ញុំ​ទេ ទើប​ដឹង​ច្បាស់ ពិសេស​អ្នក​ដែល​បានរៀន​ជាមួយ​ខ្ញុំ”។

បច្ចុប្បន្ន​លោ​ក​គ្រូ ចៅ សុជាតិ ដែល​ជាអ្នក​គ្រប់​គ្រង​ទូទៅ​នៅ​សាលា​ភាសាចិន អ៊ិឈីន បាន​បណ្តុះបណ្តាល​សិស្ស​រាប់ពាន់​នាក់​អោយមាន​ការងារ​ធ្វើ​សមរម្យ​ ជាពិសេស​ក្លាយជា​អ្នក​បកប្រែ​នៅ​តាមរោងចក្រ​នានាស្ទើរ​ទូទាំង​ប្រទេស។ ទៅ​ថ្ងៃអនាគត​លោក​មាន​បំណង​ពង្រឹង​វិធីសាស្រ្ត​បង្រៀន​នេះ​មិន​ឲ្យ​​សាបសូន្យ​នោះទេ ខណៈ​ មហិច្ឆតា​មួយ​ទៀត ​លោក​ចង់​បង្កើត​សាលា និង​បញ្ជ្រាប​វិធី​សាស្រ្ត​បង្រៀន​នេះ ឲ្យ​បាន​ទូទាំង​ប្រទេស។ ប៉ុន្តែ​មិន​ប្រាកដថា ពេលវេលា​នឹង​មក​ដល់​នៅពេលណា​នោះទេ។

លោក​គ្រូ បានចែករំលែក​បទ​ពិសោធន៍ផ្ទាល់​ខ្លួន​ថា ការដែល​លោក​បាន​ដើរមក​ដល់​ចំណុច​នេះ អ្វី​ៗ​គឺកើត​ឡើង​ពីភាព​បរាជ័យ។ ចង់ធ្វើ​អ្វី​អោយ​ទទួល​ជោគជ័យ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្រស់ ស្រាយ បង្កើត​ចំណង់​ចំណូល​ចិត្ត ត្រូវ​ចេះរៀបចំ​ផែន​ការ​ជីវិត គួរ​ធ្វើខ្លួនឯងអោយ​រវល់ តែ​រវល់​នឹង​រឿង​មានប្រយោជន៍ និង​បែងចែក​ពេលវេលាអោយបានច្បាស់លាស់​។ ប្រើប្រាស់ពេល វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ និង​​លើសគេ។ ត្រូវចេះ​មើលចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៍ខ្លួន។ ចំណុច​ខ្សោយ​របស់​យើង​ ជា​គ្រាប់​ពេជ្រ​មិន​អាចកាត់​ថ្លៃបាន​​៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម