ត្រៀមពីរចំណុចនេះរួច ប្រឡងយកប័ណ្ណបើកបររថយន្តស៊ីផុយ
- 2017-06-20 10:25:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមពីរចំណុចនេះរួច ប្រឡងយកប័ណ្ណបើកបររថយន្តស៊ីផុយ
ចន្លោះមិនឃើញ
ដើម្បីមានភាពងាយស្រួល និងមានលទ្ធភាពខ្ពស់ក្នុងការប្រឡងជាប់ទទួលបានប័ណ្ណបើកបររថយន្តធុនតូច បេក្ខជនគ្រប់រូប ដែលមានបំណងប្រឡងយកប័ណ្ណបើកបរ គួរត្រៀមរួចជាស្រេច នូវពីរចំណុចដូចខាងក្រោមនេះ។
ដំបូងគឺការទាញយកកម្មវិធីរៀនទ្រឹស្ដីបើកបរសម្រាប់ទូរសព្ទដៃ មានឈ្មោះថា Cambodian Driving Rule របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទាំងលើប្រព័ន្ធប្រតិបត្តិការ Android និង IOS។ កម្មវិធីនេះ រួមមានច្បាប់ចរាចរណ៍ផ្លូវគោក ទ្រឹស្ដីបើកបរ បច្ចេកទេសយានយន្ត ល្បែងកម្សាន្ត កម្មវិធីប្រឡងតេស្តសាកល្បងផ្នែកទ្រឹស្ដី និងលិខិតបទដ្ឋានគតិយុត្តិជាច្រើនទៀតទាក់ទងនឹងចរាចរណ៍ផ្លូវគោក។
ការប្រឡងសាកល្បងដដែលៗច្រើនដងនឹងធ្វើឲ្យបេក្ខជនគ្រប់រូប លែងបារម្ភចំពោះសំណួរទាក់ទងនឹងចរាចរណ៍ផ្លូវគោក។
ទស្សនាវីដេអូនៅកន្លែងប្រលងដៃចង្កូត
ជំហ៊ានបន្ទាប់ បេក្ខជនគ្រប់រូបគប្បីទៅហាត់សមដៃចង្កូតនៅទីលានប្រឡងដោយផ្ទាល់។ ក្រោយពេលរៀនបើកបរចប់ បេក្ខជនត្រូវចុះឈ្មោះប្រឡងយកប័ណ្ណបើកបរ។ ក្រោយចុះឈ្មោះរួចខាងសាលាបង្រៀនបើកបរឬក្រសួងនឹងកំណត់កាលបរិច្ឆេទឱ្យបេក្ខជនទៅពិនិត្យកាយសម្បទា ដែលរួមមានការពិនិត្យភ្នែក ពិនិត្យដៃជើង វាស់កម្ពស់និងថ្លឹងទម្ងន់។
សាលាបង្រៀនបើកបរនឹងបញ្ជាក់បេក្ខជនម្ដងទៀតអំពីពេលវេលា នៃការហាត់សមដៃចង្កូតលើទីលានប្រឡងដោយផ្ទាល់។ ចំណុចនេះ ជាចំណុចសំខាន់ ដែលបេក្ខជនគ្រប់រូបមិនត្រូវមើលរំលង ព្រោះការ បើកសាកល្បងលើទីលានប្រឡងនឹងជួយឱ្យបេក្ខជនស្គាល់ផ្លូវនិងផ្លាកសញ្ញាចរាចរណ៍ច្បាស់លាស់ ហើយងាយស្រួលក្នុងការកែកំហុសឆ្គងនៅពេលប្រឡងមែនទែន។ បេក្ខជនគ្រប់រូបត្រូវបើកបរយឺតៗនិងគោរពផ្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ ទើបទទួលជោគជ័យក្នុងការប្រឡង។
មានតែបេក្ខជនដែលបានប្រឡងជាប់ទ្រឹស្ដីនៅជុំដំបូងប៉ុណ្ណោះ ទើបមានឈ្មោះប្រឡងដៃចង្កូត ដើម្បីទទួលបានប័ណ្ណបើកបរ។ ដោយឡែក បេក្ខជនដែលធ្លាក់ការប្រឡងទ្រឹស្ដីឬដៃចង្កូត កុំទាន់អស់សង្ឃឹមពីព្រោះនៅមានឱកាសប្រឡងម្ដងទៀតបាន គឺចន្លោះចាប់ពីសប្ដាហ៍បន្ទាប់រហូតដល់សប្ដាហ៍ទីបី។ ផុតរយៈពេលកំណត់នេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយបេក្ខជនត្រូវចុះឈ្មោះប្រឡងម្ដងទៀត៕