OnePlus 5 កាមេរ៉ា​ភ្លោះ​ថត​ព្រាល​ដូច iPhone 7 Plus តម្លៃ​វិញ​ញាក់​សាច់

  • 2017-06-21 01:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ OnePlus 5 ដែល​មាន​រូបរាង​ស្រដៀង​នឹង​ iPhone 7 Plus បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ។

ក្រៅ​ពី​មាន​រូបរាង​​ស្រដៀង​ហើយ OnePlus 5 នេះ​ក៏​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដែល​មាន​ដំណើរ​ការ​ដូច​កាមេរ៉ា​ភ្លោះ​លើ iPhone 7 Plus អ៊ីចឹង​ដែរ។ កាមេរ៉ា​ពីរ​គ្រាប់​ខាង​ក្រោយ​របស់​ OnePlus 5 មួយ​​ជា​ប្រភេទ​ឡេន​ធម្មតា​មាន​ទំហំ​ ១៦ MP Aperture f/1.7 និង មួយ​ទៀត​ជា​ប្រភេទ​ឡេន​ Telephoto ដែល​មាន​ទំហំ​ ២០ MP ​Aperture f/2.6។ ប្រព័ន្ធ​នេះ​អាច​ឲ្យ OnePlus 5 ថត​រូប​ប្រភេទ​ព្រាល​ផ្ទៃ​ខាង​ក្រោយ (Portrait Mode) បាន​​ ហើយ​អាច​ថត​រូប​ដោយ​ Zoom មិន​បែក​សាច់​រូបភាព​ឡើយ។

​​​OnePlus 5 ក៏​មាន​បំពាក់​ដោយ​អេក្រង់​ AMOLED ៥,៥ អ៊ីញ កម្រិត Full HD និង មាន​កម្រាស់​ ៧,២៥ ម.ម ដែល​ជា​ត្រកូល​ OnePlus ប្រភេទ​ Flagship ​មាន​កម្រាស់​ស្ដើង​ជាង​គេ។ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 835, RAM ៦ GB/ ៨ GB និង មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB ឬ ១២៨ GB ដែល​គ្មាន​រន្ធ​សម្រាប់​ដោត​​មេមូរី​កាត​ឡើយ។ ​

​​​ ចំពោះ​ការ​ Selfie វិញ​គឺ​អាច​ប្រើ​កាមេរ៉ា​ខាង​មុខ​ដែល​មាន​កម្រិត​ដល់​ ១៦ MP ជា​មួយ​ Aperture f/2.0។ OnePlus 5 ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.1.1 Nougat ជា​មួយ​នឹង OxygenOS, មាន​ថ្ម​ថាមពល​ ៣៣០០ mAh រួម​ជា​មួយ​បច្ចេកវិទ្យា​ Dash Charge អាច​សាក​ថ្ម​បាន​លឿន​តាម​រន្ធ​ USB Type C 2.0។

នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា​ OnePlus 5 នឹង​មាន​លក់​នៅ​អាមេរិក​ខាង​ជើង​ក្នុង​តម្លៃ​ចាប់​ពី​ ៤៧៩ ដុល្លារ និង​នៅ​អឺរ៉ុប​តម្លៃ​ចាប់​ពី ៤៩៩ អឺរ៉ូ (ប្រហែល​ ៥៥៥ ដុល្លារ)។ ចំណែក​នៅ​ទីផ្សារ​អាស៊ី​ដូច​ជា​ចិន និង ហុង​កុង នឹង​មាន​លក់​នៅ​ពេល​បន្ត​បន្ទាប់៕​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង