ក្រុម​សកម្មប្រយុទ្ធ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​អាយ​ស៊ី​ស សម្រុកចូល​ទីក្រុង​មួយទៀត​នៅ​ហ្វីលីពីន​

  • 2017-06-21 08:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពួក​ឧទ្ទាម​មូស្លីម​រាប់រយ​នាក់​បាន​ឆ្មក់​ចូល​ទីក្រុង​មួយ​នៅ​ហ្វីលីពីន​ភាគខាងត្បូង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១ មិថុនា ក្នុង​អ្វីដែល​មន្ត្រី​សន្តិសុខ​ច្រានចោល​ថា​ជា "​សកម្មភាព​ឱកាសនិយម​" ប៉ុណ្ណោះ​។

​របាយការណ៍​មុននេះ​និយាយថា ខ្មាន់កាំភ្លើង​ប្រហែល ៣០០ នាក់​មកពី​ក្រុម​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​អ៊ីស្លាម​បាង​សា​ម៉ូ​រ៉ូ (BIFF) ជា​ក្រុម​មួយ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ផ្តាច់ខ្លួន​ជ្រុលនិយម​។

ពួក​អាយ​ស៊ី​សបាន​លុកលុយ​ចូល​ភូមិ​ម៉ា​ឡា​ហ្គា​គីត ក្នុង​ទីក្រុង​ភី​ក​ខា​វ៉ា​យ៉ាន ខេត្ត​កូតា​បា​តូ​ខាងជើង តាំងពីព្រឹក​ព្រហាម​។ ពួកវា​បាន​ឆ្មក់​វាយប្រហារ​ប៉ុស្តិ៍​យាម​របស់​យោធា និង ក្រោយមក​ឆ្មក់​កាន់កាប់​សាលារៀន​មួយ​ខ្នង​។

​ភូមិ​ម៉ា​ឡា​ហ្គា​គីត មាន​ចម្ងាយ ១៩០ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ក្រុង​ម៉ា​រ៉ាវី ជា​កន្លែង​ដែល​កងទ័ព​រដ្ឋាភិបាល និង ក្រុម​ជ្រុលនិយម​មួយទៀត កំពុង​ប្រយុទ្ធ​គ្នា អស់ ៥ សប្តាហ៍​មកហើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រី​ស្ទី​ទូ​តូ ផា​ឌី​ល​ឡា អ្នកនាំពាក្យ​យោធា ក្រោយមក​បាន​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃត្រង់​នេះ​ថា "​ស្ថាន​ការ​ត្រូវបាន​ដោះស្រាយ​រួចហើយ​...​។ សត្រូវ​បាន​ដកថយ​អស់ហើយ​។ ពួកវា​ព្យាយាម​ចូលក្នុង​ភូមិ ហើយ​បរាជ័យ​។ ពួកវា​លែង​នៅ​ទីនោះ​ទៀតហើយ​។ សាលា​ក៏ត្រូវ​បាន​ធានា​សុវត្ថិភាព​ដែរ​"​។​

លោក​បាន​និយាយ​នៅ​សន្និសីទកាសែត​ថា "​អ្វីដែល​ពួក BIFF ធ្វើ​គឺជា​សកម្មភាព​ឱកាសនិយម​...​។ ពួកវា​បាន​ឆ្លៀតឱកាស​លើ​ស្ថានភាព នៅ​កន្លែង​ដែល​យើង​មាន​ប៉ុស្តិ៍​យាម​ធូររលុង ហើយ​ពួកវា​ស្មានថា​កងកម្លាំង​យើង​នៅ​កន្លែង​ផ្សេង​។ ប៉ុន្តែ​នោះ​មិនមែនជា​ករណី​ទេ​។ យើង​អាច​ប្រឈម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ច្រើន ប៉ុន្តែ​កងកម្លាំង​យើង​គឺ​ដាក់ពង្រាយ​គ្រប់កន្លែង​ដើម្បី​ប្រឈម​រាល់​ការគំរាមកំហែង​គ្រប់​ប្រភេទ​"​។​

ប៉ុន្តែ​លោក​និយាយថា ពួក​ឧទ្ទាម​បាន​ចាប់​មនុស្ស ៥ នាក់​ធ្វើជា​ចំណាប់ខ្មាំង អំឡុង​ការដកថយ​ទៅវិញ​។ ចំណាប់ខ្មាំង​ទាំងនោះ​មិនមែនជា​សិស្ស​មកពី​សាលារៀន​នោះទេ​។

​លោក​និយាយថា "​យើង​នៅតែ​រង់ចាំ​បញ្ជាក់ថា​តើ​ពួកវា​ដោះលែង​ជន​ស៊ីវិល ៥ នាក់ ដែល​ពួកវា​ចាប់​ដែរ​ឬ​យ៉ាងណា​"​។

​លោក​បាន​លាតត្រដាង​ថា អ្នកនាំពាក្យ​របស់ BIFF និយាយថា ក្រុម​ខ្លួន​ពុំ​មានបំណង​រក្សាទុក​ចំណាប់ខ្មាំង​ឡើយ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនេះ​បន្តទៀតថា ការវាយប្រហារ​នេះ​អាច​ធ្វើឡើង​ដើម្បី​រំខាន​ដល់​ការវាយលុក​របស់​យោធា​ដែល​កំពុង​ធ្វើឡើង​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ផ្តាច់ខ្លួន ដែលមាន​ទំនាក់ទំនង​ជាមួយ​ពួក​អាយ​ស៊ី​ស ដែល​កំពុង​ចាប់យក​ទីក្រុង​ម៉ា​រ៉ាវី ប៉ុន្តែ​បាន​ច្រានចោល​នូវ​ការ​លើកឡើងថា នេះ​អាចជា​ការប្រឹងប្រែង​ដើម្បី​បើក​សមរភូមិ​ជួរមុខ​ថ្មី​មួយទៀត​នៅក្នុង​ទីក្រុង​ហែកហួរ​ដោយ​សង្គ្រាម​នៅលើ​កោះ​មិន​ដា​ណាវ​៕

ប្រភព ៖ rasmeinews