ទៀតហើយ! ក្រុម IS បំផ្ទុះវិហារអ៊ីស្លាមដ៏ល្បីមួយ កណ្តាលទីក្រុងម៉ូស៊ូល
- 2017-06-22 01:50:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ! ក្រុម IS បំផ្ទុះវិហារអ៊ីស្លាមដ៏ល្បីមួយ កណ្តាលទីក្រុងម៉ូស៊ូល
ចន្លោះមិនឃើញ
ក្រុមរដ្ឋអ៊ីស្លាម Islamic State ដែលគេហៅថា IS បានបំផ្ទុះវិហារអ៊ីស្លាមដ៏ល្បី Great Mosque of al-Nuri ដែលស្ថិតនៅកណ្តាលទីក្រុងម៉ូស៊ូល (Mosul) ប្រទេសអ៊ីរ៉ាក់។
កន្លែងប្រវត្តិសាស្ត្របុរាណ ដែលមានអណ្ដូងរ៉ែដ៏ល្បីល្បាញមួយនេះ ធ្លាប់ជាកន្លែងដែលមេដឹកនាំ ក្រុម IS លោក Abu Bakr al-Baghdadi ប្រកាសថាជាការិយាល័យរបស់ព្រះចៅកាលិហ្វ កាលពីឆ្នាំ ២០១៤។
ទោះបីជាយ៉ាងណា ក្រុម IS បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយដោយសារព័ត៌មានរបស់ខ្លួន ឈ្មោះ Amaq ថា យន្តហោះចម្បាំងអាមេរិកទេ ដែលបានបំផ្លាញព្រះវិហារនោះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ការបំផ្ទុះវិហារអ៊ីស្លាមនោះ គឺជាការប្រកាសជាផ្លូវការនៃការបរាជ័យរបស់ក្រុម IS។ បើតាមរូបថតពីលើអាកាស បានបង្ហាញឲ្យឃើញ វិហារអ៊ីស្លាមនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
មេបញ្ជាការអ៊ីរ៉ាក់ ដែលទទួលបន្ទុកលើការវាយលុក ដើម្បីដណ្ដើមយកទីក្រុងម៉ូស៊ូលមកវិញ បានប្រាប់ឲ្យដឹងថា កងទ័ពបានស្ថិតនៅចម្ងាយតែ ៥០ ម៉ែត្រប៉ុណ្ណោះ ពីវិហារអ៊ីស្លាមនោះ នៅពេលដែល ក្រុម IS បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រខាងលើ។
ចំណែកឯមេបញ្ជាការជាន់ខ្ពស់អាមេរិកម្នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏បានប្រាប់ឲ្យដឹងដែរថា ក្រុម IS បានបំផ្លាញមរតកដ៏អស្ចារ្យមួយ របស់ទីក្រុងម៉ូស៊ូល និងជារបស់ប្រទេសអ៊ីរ៉ាក់ ផងដែរ។
គួរបញ្ជាក់ឲ្យដឹងថា ក្រុមរដ្ឋអ៊ីស្លាម IS ដែលជាពួកជីហាដនិយម នាពេលកន្លងមកនេះ បានបំផ្លាញតំបន់បេតិកភណ្ឌសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕