គិត​ឲ្យ​ច្បាស់​​មុន​សម្រេច​ចិត្ត​​ទិញ OnePlus 5 ឫ​ Galaxy S8?

  • 2017-06-22 02:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី ២១ ក្រុមហ៊ុន​ OnePlus របស់​ប្រទេស​ចិន បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​របស់​ខ្លួន​ម៉ូដែល​ OnePlus 5។

មាន​ចំណុច​ចាប់​អារម្មណ៍​ជា​ច្រើន​សម្រាប់​ទូរសព្ទ​ស៊េរី​ថ្មី​នេះ។ Sabay ប្រៀបធៀប​ចំណុច​ឈ្នះ​ចាញ់ OnePlus 5 ទៅ​ទូរសព្ទ​ជំនាន់​ចុងក្រោយ​របស់​ Samsung Galaxy S8 ដើម្បី​ពិចារណា។

១.កម្រិត​បង្ហាញ​អេក្រង់

ចំណុច​សំខាន់​បំផុត​នៃ​ស្មាតហ្វូន​គឺ​ភាព​ទាក់ទាញ​នៃ​អេក្រង់។ ចំណុច​មួយ​ដ៏​វិសេស​វិសាល​របស់​ S8 គឺ​មាន​អេក្រង់​ធំ​ទំហំ ៥,៨ អ៊ីញ កម្រិត​ Quad-HD AMOLED ដែល​មាន​រាង​កោង​សង​ខាង​និង​ជា​ផ្ទៃ​អេក្រង់​ពេញ។​

ចំណែក OnePlus 5 មាន​ផ្ទៃ​អេក្រង់ ៥,៥ អ៊ីញ​មិន​ជា​ធំ​ប៉ុន្មាន​ទេ​ ហើយ​មាន​រូបរាង​អេក្រង់​មុខ​ស្រដៀង​ទៅ​នឹង​ស្មាតហ្វូន​ដទៃៗ​ទៀត​នៅ​លើ​ទីផ្សារ។ ប៉ុន្តែ​កម្រិត​បង្ហាញ​អេក្រង់​របស់​ OP5 មាន​ត្រឹម​តែ 1080P កម្រិត​ HD AMOLED ធម្មតា​នៅ​ចាញ់​ឆ្ងាយ​ធៀប​ទៅ​នឹង​ S8 ។​

ត្រង់​ចំណុច​នេះ បើ​អ្នក​ពេញ​ចិត្ត​អេក្រង់​ធំ S8 គឺ​ល្អ​បំផុត ប៉ុន្តែ​បើ​ស្រលាញ់​ម៉ូដ​អេក្រង់​សល់​ផ្ទៃ​ហើយ​រាង​តូច​ល្មម OP5 ពិត​ជា​មិន​ខុស​ឡើយ។

២.ការ​រចនា​

តួ​ខ្លួន​របស់​ OnePlus 5 ជា​លោហៈ​រឹង​មាំ​ទាំង​អស់​មិន​ថា​តែ​ផ្នែក​ខាង​ក្រោយ ទោះ​បី​វា​មិន​សូវ​ប្លែក​ភ្នែក ប៉ុន្តែ​យើង​មិន​សូវ​ភ័យ​ខ្លាច​រឿង​ធ្លាក់​បែក​ប្រេះ​ស្រាំ​ឡើយ។ ផ្ទុយ​ទៅ​វិញ S8 ជា​ប្រភេទ​កញ្ចក់​ស្រោប​ពី​ក្រៅ ដែល​មើល​ទៅ​វា​លេច​ធ្លោ ប៉ុន្តែ​រឿង​ធ្លាក់​អាច​ជា​ចាញ់​ OnePlus ។​ ចំពោះ​ការ​ដាក់​ទ្រនាប់​ស្កេន​ក្រយៅដៃ​ យើង​មាន​ជម្រើស ២ សម្រាប់​អ្នក​ទាំង​អស់​គ្នា រវាង​នៅ​ទីតាំង​ក្រោយ​ក្បែរ​កាមេរ៉ា​របស់ S8 និង​នៅ​លើ​ប៊ូតុង​ Home របស់​ OP5 ទាំង​ល្បឿន​​ចាប់​យក​របស់​វា​អាច​ប្រហាក់​ប្រហែល​គ្នា។​

យ៉ាង​ណាមិញ OP5 ចាញ់​គេ​ត្រង់​មុខងារ​ គ្មាន​បំពាក់​អាវ​ក្រោះ​ការពារ​ទឹក​តែ​ម្ដង នៅ​ចាញ់ S8 មាន​អាវក្រោះ​ស្តង់​ដារ​ IP68 ដែល​អាច​ចុច​លេង​ក្នុង​ទឹក​ជម្រៅ​ជាង ១ ម៉ែត្រ​កន្លះ រយៈ​ពេល ៣០ នាទី​បាន​យ៉ាង​ព្រងើយ។

៣.លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន

អ្វី​ដែល​ជា​ចំណុច​រសើប​បំផុត​ ត្រង់​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន OP5 តម្លៃ​ត្រឹម ៤៧៩ ដុល្លារ សឹង​តែ​មាន​កម្លាំង​ប្រហែល​គ្នា​ទៅ​នឹង S8 ដែល​មាន​តម្លៃ​ជាង ៧០០ ដុល្លារ។​

+លក្ខណៈ​សម្បត្តិ​ OP5

-អេក្រង់​ ៥,៥ អ៊ីញ កម្រិត 1080p HD AMOLED -បន្ទះឈីប​ Snapdragon 835 (ដូច​ S8) -បំពាក់​ RAM 6GB អង្គ​ផ្ទុក 64GB ឫ​ជម្រើស​ RAM 8GB អង្គ​ផ្ទុក 128GB -គ្មាន​រន្ធ​បន្ថែម Micro-SD Card -ដំណើរការ​ Android Nougat ជាមួយ​ Oxygen OS -កាមេរ៉ា​ក្រោយ​ភ្លោះ​មួយ​គ្រាប់ 20MP មាន​ Aperture f/2.6 និង​មួយ​គ្រាប់​ទៀត 16MP មាន​ Aperture f/1.7 -កាមេរ៉ា​មុខ​ទំហំ 16MP -ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​មុខ ​​​​​​-ថាមពល​ថ្ម​ 3,300mAh មាន​មុខងារ​សាក​ថ្ម​រហ័ស Faster Dash Charging (0-92% ក្នុង​មួយ​ម៉ោង) -USB ប្រភេទ C មាន​រន្ធ​ដោត​កាស និង​បិទ​បើក​ Mute -ផ្នែក​ក្រោម​ជា​ឧបករណ៍​បំពង​សម្លេង... ​ +លក្ខណៈ​សម្បត្តិ​ S8

-អេក្រង់ ៥,៨ អ៊ីញ កម្រិត Quad HD 2560x1440 ភីកសែល​ ជា​អេក្រង់​ពេញ​កោង​ -ប្រើ​ឈីប​ Snapdragon 835 ឫ​​ Exynos របស់​ SAMSUNG -ទំហំ RAM 4GB និង​អង្គ​ផ្ទុក 64GB មាន​រន្ធ​បន្ថែម Micro-SD (RAM 6GB តាម​ទីផ្សារ​ប្រទេស​ផ្សេងៗ) -Android 7.1.1 Nougat ជាមួយ​ប្រព័ន្ធ SAMSUNG TouchWiz -កាមេរ៉ា​មួយ​គ្រាប់​ទំហំ 12MP ប្រភេទ DualPixel មាន​ Aperture f/1.7 -កាមេរ៉ា​មុខ 8MP មាន​មុខងារ​ Auto-Focus -មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​និង​មុខ -ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​ក្រោយ -មាន​មុខងារ​ការ​ពារ​ទឹក​និង​ធូលី​ដី ​IP68 -ថាមពលថ្ម​ 3,000mAh -មុខងារ​ Always-On Display -SAMSUNG Pay -មាន​រន្ធដោត​កាស​, USB ប្រភេទ​ C និង​មុខងារ​ Bixby AI បើ​យើង​និយាយ​ពី​ល្បឿន​អាច​ថា​វា​មិន​ជា​ស៊ី​ដាច់​គ្នា​ទេ ប៉ុន្តែ​មុខងារ​កាមេរ៉ា​យើង​មិន​ទាន់​អាច​សន្មត់​បាន​ថា S8 ធ្វើ​បាន​ប្រសើរ​ជាង​ OP5 ឫ​អត់​ឡើយ លុះ​ត្រា​តែ​មាន​វីដេអូ​តេស្ត​សាកល្បង​ពិត​ប្រាកដ​ចេញ​ផ្សាយ​សិន។ សម្រាប់​មុខងារ​ពិសេសៗ ត្រូវ​ទទួល​ស្គាល់​ S8 មាន​ច្រើន​ជាង​ OP5 ។ ប៉ុន្តែ​សម្រាប់​ជម្រើស​ក្រោយ​បំផុត​របស់​ OP5 ដែល​មាន​ RAM 8GB និង​អង្គ​ផ្ទុក 128GB តម្លៃ​របស់​វា​ក៏​នៅ​តែ​ថោក​ជាង​ S8 ដល់​ទៅ​ជិត ២០០ ដុល្លារ​ឯ ណោះ។

៤.កាមេរ៉ា

សម្រាប់​ផ្នែក​កាមេរ៉ា​ OP5 អាច​ធ្វើ​បាន​ប្រហែល​នឹង​ iPhone 7 Plus ខណៈ​វា​មាន​មុខងារ​ថត​រូប​ព្រាល​ដាច់​ Background ក្រោយ​ដូច​គ្នា។​ មុខងារ​ជា​ច្រើន​នៃ​ការ​ថត​រូប​របស់ OnePlus ដូច​ជា​ Pro Mode វា​ជា​មុខងារ​ពិសេស​បំផុត។​

បើ​យើង​ធៀប​ទៅ​នឹង​ S8 ត្រង់​មុខងារ​ Focus វិញ ក្រុមហ៊ុន​ OnePlus បាន​ប្រកាស​ហើយ​ ថា​មាន​ល្បឿន​លឿន​ជាង ៤០ ភាគរយ​ធៀប​នឹង​ OP 3T ដែល​ត្រង់​ចំណុច​នេះ OP5 អាច​ធៀប​ទៅ​នឹង​ S8 បាន។ កាមេរ៉ា​ក្រោយ​ ២ គ្រាប់​ទំហំ 20+16MP វា​ទាំង​ពីរ​ជួយ​បាន​គ្រប់​ស្ថានភាព​នៃ​ការ​ថតរូប​បាន​យ៉ាង​ល្អ។​ ត្រង់​កាមេរ៉ា​មុខ​ទំហំ 16MP អាច​ថត​ Selfie មិន​ថា​នៅ​ទីតាំង​ងងឹត​ វា​ធ្វើ​បាន​ល្អ​បំផុត គួបផ្សំ​នឹង​មុខងារ​ Wide-Angel អាច​ថត​បាន​មនុស្ស​ច្រើន​គ្នា ហើយ​ថត​វីដេអូ​ក្នុង​កម្រិត 1080p ។​

រំលឹក​ថា​ចំពោះ S8 កន្លង​ទៅ បាន​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​បំផុត ប៉ុន្តែ​បើ​ធៀប​នឹង​ ​OP5 យើង​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ​ក្នុង​ពេល​នេះ ព្រោះ​ត្រូវ​រង់ចាំ​វីដេអូ​តេស្ត​ផ្ទាល់​ ទើប​អាច​យក​ជា​ការ​បាន។

៥.តម្លៃ

-OnePlus 5 ទំហំ​ផ្ទុក 64GB មាន​ RAM 6GB តម្លៃ​ ៤៧៩ ដុល្លារ -OnePlus 5 ទំហំ​ផ្ទុក 128GB មាន​ RAM 8GB តម្លៃ ៥៣៩ ដុល្លារ ​​​​-Galaxy S8 ទំហំ RAM 4GB អង្គផ្ទុក​ 64GB តម្លៃ ៧៤៩ ដុល្លារ​ (ទៅ​តាម​តំបន់)

តម្លៃ​របស់​វា​គឺ​ខុស​គ្នា​ជាង ២៥០ ដុល្លារ ប៉ុន្តែ​លក្ខណៈ សម្បត្តិ​ដូច​ជា​មិន​ខុស​គ្នា​ច្រើន​ឡើយ។​ ត្រង់​ចំណុច​នេះ​ក៏​សំខាន់​លើ​អ្នក​ផ្ទាល់ បើ​អ្នក​ស្រលាញ់​ស្មាតហ្វូន​មាន​រូបរាង​ស្អាត​​ ទាន់​សម័យ និង​មាន​អេក្រង់​ធំ ហើយ​អាវក្រោះ​ការពារ​ទឹក គួរ​រើស​យក S8 ប៉ុន្តែ​បើ​អ្នក​គិត​ថា​ត្រឹម​រូបរាង​វា​មិន​សំខាន់ ហើយ​មុខងារ​ការពារ​ទឹក វា​មិន​ជា​ចាំ​បាច់​សម្រាប់​អ្នក អ្នក​ក៏​គួរ​សាកល្បង​រើស​យក​ OnePlus 5 ហើយ​សល់​លុយ ២៥០ ដុល្លារ​ទុក​ទៅ​ទិញ​របស់​របរ​អ្វី​ផ្សេង​ទៀត​ក៏បាន។

បន្ត​ចុច​អាន៖

ប្រភព៖ GottabeMobile   ប្រែសម្រួល៖ កៅ រក្សា