អាយុ​ ១៨ ឆ្នាំ​ក្លាយ​ជា​សេដ្ឋី​ ព្រោះ​តែ Bitcoin

  • 2017-06-21 03:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​រូប​ឈ្មោះ​ Erik Finman ​បាន​ភ្នាល់​ជា​មួយ​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា​ប្រសិន​បើ​គេ​​ចូល​ដល់​អាយុ ១៨ ឆ្នាំ​ ហើយ​ក្លាយ​ជា​សេដ្ឋី នោះ​មិន​ត្រូវ​បង្ខំ​ឲ្យ​ខ្លួន​ទៅ​រៀន​​ថ្នាក់​មហាវិទ្យាល័យ​ឡើយ។ ទី​បំផុត​​យុវជន​រូប​នេះ​ក៏​បាន​ឈ្នះ​ការ​ភ្នាល់ ក្រោយ​ពី​បាន​បណ្ដាក់​ទុន​លើ​រូបិយប័ណ្ណ​ Bitcoin ​អស់​ពេល​យ៉ាង​យូរ​រួម​មក។

បច្ចុប្បន្ន​ Erik មាន​ចំនួន​ ៤០៣Bitcoin ដែល​មួយ​ Bitcoin ពេល​នេះ​មាន​តម្លៃ​ខ្ទង់ ២ ៧០០ ដុល្លារ ។ សរុប​ទៅ​ Erik មាន​ទ្រព្យ​សម្បត្តិ ១,០៩ លាន​ដុល្លារ។ យ៉ាងណាក្ដី​តម្លៃ​ Bitcoin ​ងាយ​នឹង​ប្រែ​ប្រួល​ណាស់ ហើយ​វា​អាច​ធ្លាក់​ចុះ​យ៉ាង​គំហុក។ អ្នក​វិភាគ​បច្ចេកទេស​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​​​តម្លៃ Bitcoin នឹង​ឡើង​ដល់​ត្រឹម​ ២ ៨០០ ដុល្លារ ប៉ុណ្ណោះ ​រួច​វា​នឹង​ធ្លាក់​ចុះ​វិញ ចំណែក​អ្នក​វិភាគ​ដទៃ​ទៀត​យល់​ថា​តម្លៃ Bitcoin អាច​ឡើង​ដល់ ១ សែន​ដុល្លារ ​ក្នុង​ពេល​ ១០ ឆ្នាំ​ទៀត។

ដោយ​ឡែក​ Erik ឯណោះ​វិញ​យល់​ថា​ Bitcoin អាច​នឹង​មាន​តម្លៃ​​ចន្លោះ​​ពី​​រាប់​សែន​ដុល្លារ ​ដល់ លាន​ដុល្លារ ក្នុង​ពេល​ខាង​មុខ។ គួរ​ឲ្យ​ដឹង​ថា​​យុវជន​ខាង​លើ​បាន​បណ្ដាក់​ទុន​លើ Bitcoin ដំបូង​នា​ខែ​ឧសភា ឆ្នាំ​ ២០១១ ដោយ​ពេល​នោះ​​មួយ​ Bitcoin តម្លៃ ១ ដុល្លារ​ប៉ុណ្ណោះ។ នៅ​ចុង​ឆ្នាំ​ ២០១៣ ពេល​​មួយ​ Bitcoin ឡើង​ដល់​ខ្ទង់ ១ ២០០ ដុល្លារ ​គេ​ក៏​បាន​លក់​ Bitcoin ដែល​ខ្លួន​មាន។ ចំពោះ Bitcoin ដែល Erik មាន​បច្ចុប្បន្ន​នេះ គេ​មិន​បាន​​ឲ្យ​ដឹង​ថា​នឹង​លក់​វា​ចេញ​ ឬ បន្ត​ទុក​វា​​នោះ​ទេ៕​​​​​​​​​​​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង