BOEING ដំណើរការ​សាកល្បង​យន្តហោះ​បើក​បញ្ជា​ដោយ​ខ្លួន​ឯង​

  • 2017-06-22 08:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក​ BOEING បាន​ប្រកាស​នឹង​បើក​ដំណើរការ​សាកល្បង​យន្តហោះ​បើក​បញ្ជា​ដោយ​ស្វ័យប្រវត្តិ។

វា​អាច​ហោះ​ឡើង​និង​ចុះ​ចត​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ដំណាក់​កាល​ដំបូង​មាន​អ្នក​ចាំ​ត្រួតពិនិត្យ​មុន​ឈាន​ដល់​ការ​បញ្ជា​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង។ ក្នុង​ការ​សម្រេច​ចេញ​ជា​លទ្ធផល​នៃ​ការ​បញ្ជា​ យន្តហោះ​នេះ​ប្រើ​នូវ​បច្ចេកវិទ្យា​ AI។

លោក​ Mike Sinnett អនុ​ប្រធាន​ផ្នែក​អភិវឌ្ឍ​ផលិតផល​របស់​ BOEING បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ Reuters ថា រាល់​ពេល​ដែល​លោក​សម្លឹង​មើល​ទៅ​អនាគត​នៅ​ ២០ ឆ្នាំ​ទៅ​មុខ តម្រូវការ​យន្តហោះ​ខ្នាត​យក្ស​មាន​ចំនួន ៤១ ០០០ គ្រឿង​ ហើយ​ដែល​ត្រូវ​ការ​អ្នក​បើក​យន្តហោះ​ប្រហែល ៦១៧ ០០០ នាក់​បន្ថែម​ទៀត។

លោក​បន្ត ដូច្នេះ​ដំណោះស្រាយ​ដ៏​ល្អ​មួយ ចាំ​បាច់​ត្រូវ​បង្កើត​យន្តហោះ​ស្វ័យប្រវត្តិ​ ដែល​អាច​កាត់​បន្ថយ​អ្នក​បើក​ក្នុង​ចំណោម ៥ នាក់​ឱ្យ​សល់​តែ ២ ទៅ ៣ នាក់​ បន្ត​ពី ២ នាក់​ចុះ​សល់ ១ នាក់​ រហូត​ដល់​លែង​មាន​អ្នក​នៅ​បញ្ជា​តែ​ម្ដង។

រំលឹក​ថា​ក្រុមហ៊ុន​ Airbus បច្ចុប្បន្ន​ក៏​កំពុង​ដុត​ដៃ​ដុត​ជើង​ជាមួយ​ការ​បង្កើត​នូវ​រថយន្ត​ហោះ​លើ​អាកាស​ ដែល​បើក​ដំណើរការ​សាកល្បង​ដំបូង​ជា​ប្រភេទ​ផ្ទុក​បាន​មនុស្ស​ម្នាក់​នា​ចុង​ឆ្នាំ​នេះ មុន​ដល់​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ទ្រង់ទ្រាយ​ធំ​នា​ឆ្នាំ ២០២១។

បន្ត​ចុច​អាន៖

ប្រភព៖ Independent   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី