ស្ងាត់ៗ សូ លីហ្សា ក្លាយ​ជា​ថៅកែ​ហាង​សាឡន

  • 2017-06-24 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​កញ្ញា សូ លីហ្សា បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​ទើបតែ​​បើក​ហាង​​សាឡន​​មួយ​កន្លែង បន្ទាប់​​ពី​ប៉ងប្រាថ្នា​ជា​ច្រើន​ឆ្នាំ​មក។

ហាង​សាឡន​ដែល តារា​សម្ដែង​ខាង​លើ​បើក​នោះ​មាន​យីហោ​ថា"យ៉ាហ្សា​សាឡន" មាន​ទីតាំង​នៅ​​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​នាង​ទើបតែ​សាក​ល្បង​ដំណើរ​ការ​​ប្រហែល​២សប្ដហ៍​មក​នេះ។ សូ លីហ្សា បាន​ឲ្យ​ដឹង​ថា វា​ជា​បំណង​របស់​នាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​បើក​ហាង​សាឡន ពោល​គឺ​តាំង​ពី​មិន​ទាន់​ចូល​សិល្បៈ​មក​ម្ល៉េះ ប៉ុន្តែ​កន្លង​មក​នាង​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​បើក ទើប​តែ​សន្សំ​​បាន​នៅ​ពេល​នេះ។

ដើម​ទុន​នៃ​ការ​បើក​ហាង​ខាង​លើ តារា​ស្រី​ក្នុង​រឿង "បំណុល​ស្នេហ៍" រូប​នេះ​ប្រាប់​ថា ចំណាយ​ប្រហែល​ជិត​១ម៉ឺន​ដុល្លារ។ "អស់​ជិត​១ម៉ឺន​បង លុយ​ហ្នឹង​របស់​ខ្ញុំ​ខ្លះ ម៉ាក​ខ្លះ ខ្ញុំ​​សន្សំ​ច្រើន​ឆ្នាំ​ហើយ អត់​មាន​​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ទេ" សូ លីហ្សា ថ្លែង។

"យ៉ាហ្សា​សាឡន"​ មាន​សេវាកម្ម​ផាត់​មុខ​ធ្វើ​សក់ ត្រាំ​ទឹក​ដោះ​គោ លក់​ផលិតផល​​សម្ផស្ស​ដូច​ទៅ​ហ្នឹង​ហាង​សាឡាន​​ទូទៅ ក្នុង​នោះ សូ លីហ្សា គឺ​ជា​អ្នក​ធ្វើ​ជាង​ខ្លួនឯង​ដោយ​ផ្ទាល់​តែ​ម្ដង បន្ទាប់​ពី​ទំនេរ​ពី​ការងារ​សិល្បៈ។ ក្រៅ​ពី​នេះ នាង​មាន​កូន​ជាង​៣ទៅ៤នាក់​ផ្សេង​ទៀត។

តួឯក​ស្រី​ក្នុង​រឿង "ម្ចាស់​ព្រែក" លើក​ឡើង​ថា ខ្លួន​មិន​អាច​ពឹង​តែ​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ​ព្រោះ​ការងារ​សិល្បៈ​មិន​មាន​រហូត​នោះ​​ទេ អីចឹង​ហើយ​ត្រូវ​​តែ​មាន​មុខរបរ​​ពិតប្រាកដ​មួយ​ដែល​អាច​ធានា​​ចំណូល​ប្រចាំ​ថ្ងៃ​បាន។ ម្យ៉ាង​ទៀត ការ​មាន​ហាង​សាឡន​ផ្ទាល់​ខ្លួន គឺ​វា​ងាយ​ស្រួល​ក្នុង​ការ​តុបតែង​ខ្លួន​ដោយ​ខ្លួន​ឯង ពេល​មាន​ការងារ​សិល្បៈ​ម្ដងៗ មិន​ចាំ​បាច់​​ទៅ​ជួល​​ឲ្យ​គេ​ធ្វើ​ឲ្យ ។

ទោះបី​ជា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​ក្ដី សូ លីហ្សា មិន​ទាន់​ធ្វើ​ពិធី​បើក​សម្ពោធ​នៅ​ឡើយ​ទេ ពោល​​គ្រាន់​តែ​សែន​ម្ចាស់​ទឹក​ម្ចាស់​ដី​តែ​ប៉ុណ្ណោះ ។ ឆាប់​ខាង​មុខ​នេះ នាង​គ្រោង​ធ្វើ​ពិធី​សម្ពោធ ប៉ុន្តែ​ធ្វើ​មិន​ធំដុំ​ឡើយ គឺ​ហៅ​តែ​មិត្តភ័ក្ដិ​ស្និទ្ធ​ៗ​១០​ទៅ២០​នាក់ ចូល​រួម​ប៉ុណ្ណោះ។

សូ លីហ្សា បាន​បោះ​ជំហាន​ចូល​​សិល្បៈ​នៅ​ដើម​ឆ្នាំ​២០១៥ តាម​រយៈ​ម្ដាយ​របស់​ខ្លួន ដោយ​ធ្វើ​ជា​តារា​សម្ដែង។ រយៈ​ពេល​នេះ​ ក្រៅ​ពី​ការ​ថត​ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន ស្រី​ស្រស់​វ័យ២១ឆ្នាំ​រូប​នេះ ធ្លាប់​បាន​សម្ដែង​រឿង​ខ្ទង់​១០រឿង​មក​ហើយ ក្នុង​នោះ នាង​មាន​ឱកាស​ក្ដាប់​បាន​តំណែង​តួឯក​បាន​ចំនួន​៤រឿង​​ផង​ដែរ។ រឿង​ដែល​នាង​ធ្លាប់ និង​កំពុងតែ​សម្ដែង​​តួឯក​មាន​ដូច​ជា រឿង "អវសាន​ស្នេហ៍" រឿង "បំណុល​ស្នេហ៍" កំពុង​តែ​ថត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ជិត​ចប់ រឿង​មួយ​ទៀត​ថត​ឲ្យ TV8HD មិន​ចាំ​ចំណង​ជើង និង​រឿង"​ម្ចាស់​ព្រែក" កំពុងតែ​ថត៕

*នៅ​ចាំ នាង ប្រាក់​សុគន្ធ​ទេ?

*សុគន្ធ ថេរ៉ាយុ នាំ Porsche ចូល​ផ្ទះ

*តារា​ហង្សមាស​ចេញ​ច្រើន​មែន!

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម