ត្រណម ៥​យ៉ាង​ហាម​ធ្វើ​ដាច់​ខាត ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា អាចនាំ​ហេតុ​មិន​ល្អ​ដល់​គ្រួសារ

  • 2017-06-25 08:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវិត​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​តែង​ជៀស​មិន​ផុត​រឿង​ឈ្លោះ​ទាស់ទែង​គ្នា តែ​ទោះ​យ៉ាង​ណា​ក្រោយ​ឈ្លោះ​ហើយ​នៅ​តែ​ជា​ប្ដី​ប្រពន្ធ​ដដែល​។ តាម​ជំនឿ​ដូន​តា​ខ្មែរ​តាំង​ពី​បុរាណ​មក ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​ទាស់ទែង​គ្នា ហាម​ធ្វើ​រឿង​ ៥​យ៉ាង​នោះ​ដាច់​ខាត ព្រោះ​អាច​នាំ​ហេតុ​មិន​ល្អ​ដល់​គ្រួសារ​។ នេះ​បើ​តាម​ការ​ប្រាប់​របស់​លោក​តា អាចារ្យ អែម ចន រស់​នៅ​ខេត្ត​កំពង់ស្ពឺ​។

១. ជេរ​ប្រទេច​ផ្ដាសា

តាម​ជំនឿ​តាំង​ពី​បុរមបុរាណ​មក​ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ហាម​ជេរ​ប្រទេច​ ដាក់​បណ្ដាសា​ដាច់​ខាត ព្រោះ​នឹង​នាំ​តែ​រឿង​ឧបទ្រព​ចង្រៃ​ដល់​គ្រួសារ​មិន​ចេះ​ចប់ ប្ដី​ប្រពន្ធ​រស់​នៅ​មិន​បាន​សុខ​នោះ​ទេ​។ បើ​តាម​លោក​តា អែម ចន អាចារ្យ​ក្នុង​ពិធី​មង្គលការ ប្រាប់​ទៀត​ថា បើ​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា អត់​ទ្រាំ​ជេរ​មិន​បាន អាច​ជេរ​ឧបកិច្ច​ទៅ​ដូចជា ជេរ​ ឆ្មា ឆ្កែ​ ជា​ដើម​ តែ​កុំ​ជេរ​ចំ​ឈ្មោះ​ប្ដី​ប្រពន្ធ​ដាច់​ខាត​។

២. ​ស្បថ​​ឬ​ដាក់​ទំនាយ

លោកតា អែម ចន ប្រាប់​ទៀត​ថា ស្បថ​ ឬ​ដាក់​ទំនាយ ក៏​ចាស់ៗ​ពី​ដើម​ហាម​មិន​ឱ្យ​កូន​ចៅ​និយាយ​ដាច់​ខាត ព្រោះ​វា​នឹង​ក្លាយ​ជា​ការ​ពិត​ដូច​ពាក្យ​និយាយ​។ ដូច្នេះ​ហើយ​ឱ្យ​តែ​មាន​កូន​ចៅ​ស្បថ ឬ​ដាក់​ទំនាយ​គ្នា ចាស់ៗ​តែង​ឱ្យ​ទៅ​វត្ត​អុជ​ធូប​សុំ​ខមាទោស ឬ​សែន​ព្រេន​លា​ពាក្យ​សម្ដី​។ ដូច​នេះ​ទោះ​ជា​មាន​រឿង​ឈ្លោះ​ទាស់ទែង​ធំ​ប៉ុណ្ណា​ក៏​ដោយ​ហាម​ស្បថ ឬ​ដាក់​ទំនាយ​ដាច់​ខាត​។

៣. ​គេង​បែក​គ្រែ

គេង​បែក​គ្រែ​នេះ ដូន​តា​ខ្មែរ​ ហាម​ដាច់​ខាត​ហើយ​ ព្រោះ​ជា​ប្រផ្នូល​មិន​ល្អ ប្ដី​ប្រពន្ធ​អាច​បែក​គ្នា​រហូត​ក៏​ថា​បាន​។ លោកតា អែម ចន និយាយ​ថា ទោះ​ជា​ឈ្លោះ​គ្នា​ពី​ថ្ងៃ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​ពេល​យប់​ត្រូវ​តែ​គេង​រួម​គ្រែ មិន​ត្រូវ​ប្រកាន់​ចិត្ត​ខឹង​រៀង​ខ្លួន​ គេង​បែក​គ្នា​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិន​ងាយ​នឹង​ត្រូវ​គ្នា​ទេ។

៤. ​ប្រើ​អំបោស ឬ​សម្ភារៈ​ស្មោកគ្រោក​វាយ​ដំគ្នា

អំបោស ឬ​សម្ភារៈ​ស្មោកគ្រោក ហាម​យក​មក​វាយ​ដំ​គ្នា​ដាច់​ខាត ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ព្រោះ​អាច​នាំ​រឿង​អពមង្គល​ដល់​គ្រួសារ។ ចាស់​ៗ​ក្នុង​សង្គម​ខ្មែរ​ជឿ​ថា អំបោស ជា​សម្ភារៈ​សម្រាប់​បោស​សម្អាត តែ​បើ​យក​មក​វាយ​គ្នា អាច​នាំ​មនុស្ស​នោះ​ចង្រៃ​បាន រក​ស៊ី​មិន​ឡើង ឬ​រហូត​ដល់​ឆ្កួត​លីលា​ទៀត​ផង​។ ប្ដី​ប្រពន្ធ​គួរ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី មិន​មែន​ជា​ការ​ប្រើ​អំពើ​ហិង្សារ​លើ​គ្នា​នោះ​ឡើយ​។

៥. ​យក​សំលៀក​បំពាក់​ដុត​ចោល

លោក​តា​ អាចារ្យ​ អែម ចន បាន​ប្រាប់​ទៀត​ថា ចាស់ៗ​ពី​ដើម​ហាម​ដាច់​ខាត មិន​ឱ្យ​យក​សំលៀក​បំពាក់​ទៅ​ដុត​ចោល​ ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា​នោះ​ទេ។ ដូន​តា​ខ្មែរ មាន​ជំនឿ​ថា ជា​ការ​នាំ​រឿង​ហេតុ ឬ​ប្រផ្នូល​មិន​ល្អ​ដល់​គ្រួសារ ប្ដី​ប្រពន្ធ​អាច​មាន​ជំងឺ​ឈឺ​ថ្កាត់ រស់​នៅ​មិន​បាន​សុខ ចេះ​តែ​មាន​បញ្ហា ឬ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង​៕

អត្ថបទ៖ វឌ្ឍនៈ