ក្រុមហ៊ុន​​ផលិត​ពោង​សុវត្ថិភាព​ Takata ប្រកាស​ក្ស័យធន​​​​

  • 2017-06-26 02:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​ពោង​សុវត្ថិភាព​រថយន្ត​ដ៏​ធំ​របស់​ជប៉ុន​ Takata បាន​ប្រកាស​ក្ស័យ​ធន​ទាំង​នៅ​សហរដ្ឋអាមេរិក និង ប្រទេស​ជប៉ុន។

ដើម​ហេតុ​នៃ​ការ​ប្រកាស​នេះ​​ដោយ​សារ​ក្រុមហ៊ុន​ប្រឈម​មុខ​នឹង​បំណុល​រាប់​ពាន់​លាន​ដុល្លារ​ ដែល​ពាក់​ព័ន្ធ​នឹង​ពោង​សុវត្ថិភាព​មាន​បញ្ហា ​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​ ១៧ នាក់​នៅ​ជុំវិញ​ពិភពលោក។ ភ្លាមៗ​នេះ​ដែរ​​ក្រុមហ៊ុន​ Key Safety Systems ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​បាន​​ចំណាយ​ ១,៦ ពាន់​លាន​ដុល្លារ​ទិញ​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ Takata ​លើក​លែង​តែ​ផ្នែក​ជាប់​ពាក់​ព័ន្ធ​ពោង​សុវត្ថិភាព។

នាយក​ប្រតិបត្តិ​ Key Safety Systems លោក​ Jason Luo លើក​ឡើង​ថា ៖ "ត្បិត​ថា​ Takata រង​ការ​ប៉ះពាល់​ដោយ​សារ​បញ្ហា​ពោង​សុវត្ថិភាព​មែន ប៉ុន្តែ​​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​របស់​ក្រុមហ៊ុន​នេះ, កេរ្តិ៍​ឈ្មោះ, ការ​ផលិត​ចង្កូត​រថយន្ត, ខ្សែ​ក្រវាត់​ និង ផលិតផល​សុវត្ថិភាព​ដទៃ​ទៀត​​មិន​បាន​កប់​ទៅ​ជា​មួយ​នឹង​បញ្ហា​នេះ​ឡើយ”។

រំលឹក​ថា​រថយន្ត​ជាង ១០០ ​លាន​គ្រឿង​ដែល​ប្រើ​ពោង​សុវត្ថិភាព​ Takata ត្រូវ​បាន​ហៅ​ចូល​ត្រឡប់​មក​វិញ​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក​ដោយ​សារ​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ពោង​សុវត្ថិភាព។ វា​ជា​ការ​ហៅ​ចូល​ផ្នែក​សុវត្ថិភាព​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​​សហគ្រាស​យាន​យន្ត។

នៅ​ខែ​មករា​​ឆ្នាំ​នេះ​ Takata យល់​ព្រម​បង់​ថ្លៃ​ការ​ពិន័យ​ ១ ពាន់​លាន​ដុល្លារ​​ក្នុង​សហរដ្ឋអាមេរិក​ ចំពោះ​ការ​បិទ​បាំង​​ពី​​កំហុស​ដ៏​គ្រោះ​ថ្នាក់​ និង បាន​សារភាព​ទោស​កំហុស​លើ​បទ​ឧក្រិដ្ឋ​មួយ​ផង​ដែរ។ ក្រុមហ៊ុន​នេះ​បាន​បង់​ពិន័យ ២៥ លាន​ដុល្លារ, ១២៥ លាន​ដុល្លារ​បង់​​ឲ្យ​ជន​រងគ្រោះ​ដោយ​សារ​ពោង​សុវត្ថិភាព រួម​ទាំង​ ៨៥០ លាន​ដុល្លារ​ទៀត​បង់​​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ដែល​ប្រើ​ពោង​សុវត្ថិភាព​របស់​ខ្លួន៕​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង