ដូណាល់ ត្រាំ៖ «អាល់អាសាដ ទំនងកំពុងរៀបចំ ការវាយប្រហារអាវុធគីមី ថ្មីមួយទៀត»

  • 2017-06-27 04:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • លោក ដូណាល់ ត្រាំ៖ ការ​វាយប្រហារ​អាវុធ​គីមី​មួយនេះ ​ស្រដៀង​ទៅ​នឹង ការ​វាយ​ប្រហារ​អាវុធ​គីមី កាល​ពី​ខែ​មេសា
  • លោក អាសាដ នឹង​សង​សំណង​ដ៏​ធំ​មួយ ប្រសិន​បើ​វា​កើត​ឡើង
  • ការ​វាយ​ប្រហារ​អាវុធ​គីមី​ថ្មី នឹង​នាំ​មក​នូវ​ការ​សម្លាប់​ប្រជាជន​ស៊ីវិល យ៉ាង​រង្គាល រួម​ទាំង​កុមារ​គ្មាន​កំហុស​ផង​ដែរ

សេតវិមាន បាន​ប្រាប់​ឲ្យ​ដឹង កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​នៅ​កម្ពុជា) ថា ប្រធានាធិបតី​ស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ហាក់បីដូចជា កំពុង​ត្រៀម​រៀបចំ​ការ​វាយ​ប្រហារ​អាវុធ​គីមី​មួយ​ផ្សេង​ទៀត និង​បាន​ព្រមាន​ប្រធានាធិបតី​រូប​នេះ​ថា លោក​នឹង​សង​សំណង​ដ៏​ធំ​មួយ ប្រសិន​បើ​វា​កើត​ឡើង។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ពី​លេខាធិការ​នៃ​សេតវិមាន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក អាសាដ កំពុង​រៀបចំ​ការ​វាយប្រហារ​អាវុធ​គីមី​មួយ ដែល​ស្រដៀង​ទៅ​នឹង ការ​វាយ​ប្រហារ​អាវុធ​គីមី កាល​ពី​ខែ​មេសា កន្លង​ទៅ​នេះ ដែល​បាន​សម្លាប់​ប្រជាជន​ស៊ីរី​ស្លូតត្រង់ ជា​ច្រើន​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​កុមារ ផង​ដែរ។

បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​សេតវិមាន បាន​ឲ្យ​ដឹង​ថា «ដូច​ដែល​យើង​ធ្លាប់​បាន​លើក​ឡើង​ពី​មុន​មក​ថា សហរដ្ឋអាមេរិក ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​កម្ចាត់​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង​ស៊ីរី។ បើសិនជា លោក អាសាដ ធ្វើ​ការ​វាយប្រហារ​ដោយ​ប្រើ​មហាអំណាច​នៃ​អាវុធ​គីមី នោះ លោក និង យោធា​របស់​លោក នឹង​ត្រូវ​សង​សំណង​​ធំ​មួយ ជាមិនខាន»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា រដ្ឋាភិបាល​អាមេរិក ទទួល​បាន​ភស្តុតាង នៃ​គម្រោងការណ៍​វាយ​ប្រហារ​អាវុធ​គីមី​ខាង​លើ បាន​យ៉ាង​ដូចម្ដេច។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍​ពី​សេតវិមាន បាន​បង្ហាញ​ថា ការ​វាយ​ប្រហារ​អាវុធ​គីមី​ថ្មី នឹង​នាំ​មក​នូវ​ការ​សម្លាប់​ប្រជាជន​ស៊ីវិល យ៉ាង​រង្គាល រួម​ទាំង​កុមារ​គ្មាន​កំហុស​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សេង ឡុង