ប្រវត្តិខ្លះៗនៃសារធាតុគីមី «សារីន» ដែលប្រើវាយប្រហារនៅស៊ីរី គ្រោះថ្នាក់ដល់ម្លឹង

  • 2017-04-06 08:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារធាតុគីមី "សារីន" ​ដែល​បាន​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ទីក្រុង Khan Sheikhoun ប្រទេស​ស៊ីរី ​កាល​ពី​ថ្ងៃ​អង្គារ​ថ្មី​ៗ​នេះ​ បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​ស្លូត​ត្រង់​រាប់​សិប​នាក់​រួម​ទាំង ១១​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុកចាប់​ចូល​មន្ទីរពេទ្យ​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

ទាំង​អ្នក​ស៊ើបការណ៍​អាមេរិក និង​កង​កម្លាំង​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ប្រើ​អាវុធ​គីមី​ទាំង​នេះ។ តើ សារីន បង្កើត​ឡើង​នៅ​​ពេលណា និង​ធ្លាប់​ប្រើ​ក្នុង​សង្គ្រាម​ពី​មុន​មក​ទេ?

សារីន មាន​រូប​មន្ត​គីមី C4H10FO2P ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​គីមីវិទូ​​អាល្លឺម៉ង់​លោក Gerhard Schrader ក្នុង​ឆ្នាំ ១៩៣៧ សម្រាប់​សម្លាប់​សត្វ​ល្អិត​ប៉ុណ្ណោះ តែ​ក្រោយ​មក​ត្រូវ​គេ​វិវឌ្ឍ​ទៅ​ជាភ្នាក់ងារ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ព្រោះ​វា​មាន​ឥទ្ធិពល​ដល់​រាងកាយ​មនុស្ស។ សារធាតុ​រាវ​នេះ​ គ្មាន​ពណ៌ គ្មាន​ក្លិន គ្មាន​រសជាតិ និង​អាច​ជ្រាប​ចូល​ក្នុង​ស្បែក សួត ភ្នាស​កោសិកា ថែមទាំង​អាច​លាយ​ជាមួយ​ទឹក​បាន​ទៀត​ផង។

នៅ​ពេល​សារីន ជ្រាប​ចូល​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​​ការ​ផឹក ប៉ះ​ផ្ទាល់ ឬ​ស្រូប​ចំហាយ វា​នឹង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ខ្លាំង​ ថប់ដង្ហើម ភ្នែក​ឡើង​ក្រហម ​ប្រកាច់ បែក​ពពុះ​មាត់ សន្លប់ ហើយ​អាច​ក្លាយ​​ទៅ​ជា​​ពិការ​មួយ​ជីវិត តែ​វា​មិន​បង្ក​ឲ្យ​ជនរងគ្រោះ​ខ្វាក់ភ្នែក​ ឬ​អត់​កូន​នោះ​ទេ។ វា​អាច​សម្លាប់​មនុស្ស​ក្រោម​រយៈពេល​ ១០នាទី​ប៉ុណ្ណោះ។​

ចាប់​តាំង​ពី​​រក​ឃើញ​ក្នុង​ឆ្នាំ ១៩៣៧ វា​ត្រូវ​បាន​គេ​ប្រើ​ជា​អាវុធគីមី​ជា​បន្ត​បន្ទាប់​ក្នុងការ​សម្លាប់​សត្រូវ។ មេដឹកនាំ​អាល្លឺម៉ង់​ណាស៊ី អ៊ីត្លែ ក៏​ធ្លាប់​ប្រើ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ ២​ដែរ​។

ក្នុង​ឆ្នាំ ១៩៨៨ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​​សម្លាប់​ក្រុម​ឧទ្ទាម​ឃឺដ​​ប្រមាណ ៥០០០​នាក់ ដោយ​ប្រើ​សារីន និង​ម្សៅ​ស្ពាន់ធ័រ​នៅ​ទីក្រុង Halahbja។

ក្នុង​ឆ្នាំ ១៩៩៥ ក្រុម​ជំនឿ​សាសនា Aum Shinrykio ​ក្នុង​ប្រទេស​ជប៉ុន បាន​ប្រើ​​​សារធាតុ​សារីន​ សម្លាប់​មនុស្ស ១២នាក់ និង​របួស​រាប់​ពាន់​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​រថភ្លើង​ក្រោម​ដី​​នៅ​ទីក្រុង​តូក្យូ៕

រណ្ដៅ​វាយ​ប្រហារ​នៅ​ទីក្រុង​ Khan Sheikhoun ប្រទេស​ស៊ីរី មាន​សារធាតុ​សារីន

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ