យុវជនបច្ចុប្បន្ន​ ចាប់​អារម្មណ៍​លើការ​រកស៊ី​ ជា​ង​ធ្វើ​ការ​ឱ្យ​គេ

  • 2017-06-30 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​យុវជន​ជា​ច្រើន​នាក់​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ​តែង​លើក​ឡើង​ថា ឱ្យ​តែ​មាន​ដើម​រកស៊ី​ មិន​ចង់​ធ្វើ​ការ​ឱ្យ​គេ​ទេ​ព្រោះ​មិន​ងាយ​មាន​ទេ។ ចំណែក​អ្នក​ខ្លះ​និយាយ​ថា ធ្វើ​ការ​ឱ្យ​គេ​ពីរ​បី​ឆ្នាំ​ឈប់​ធ្វើ​ហើយ​ចង់​ទៅ​រកស៊ី​វិញ​។ រី​ឯ​យុវជន​មួយ​ចំនួន​ គឺ​ចាប់​ផ្ដើម​ប្រថុយ​រកស៊ី​តែ​ម្ដង​ទៅ​មុខ​ជំនួញ​ផ្នែក​ភេសជ្ជៈ និង​អាហារ​ជា​ដើម​។ ដូច្នេះ​យុវជន​ភាគ​ច្រើន​លែង​ចង់​ធ្វើ​ការ​ឱ្យ​គេ​ហើយ​? ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន​មួយ​ចំនួន​ជុំវិញ​បញ្ហា​នេះ​៖

ជួប​ជាមួយ​យុវជន ហេង បញ្ញារិទ្ធិ បច្ចុប្បន្ន​នេះ​មាន​រទេះ​លក់​​កាហ្វេ​តូច​មួយ​នៅ​ម្ដុំ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា៖ "ហ្នឹង​ហើយ​បង​តាម​គំនិត​ខ្ញុំ ធ្វើ​ការ​ឱ្យ​ប៉ុន្មាន​ឆ្នាំ​ក៏​មិន​ងាយ​សល់​លុយ​ដែរ ព្រោះ​គ្មាន​ក្រុមហ៊ុន​ណា​ហ៊ាន​ឱ្យ​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ​ទេ​បង​។" យុវជន​វ័យ​ក្មេង​នេះ​បន្ត​ទៀត​ថា តាម​ពិត​ទៅ​ពី​រូប​លោក​ក៏​ជា​អ្នក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ដែរ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា តែ​ហាក់​មិន​សល់​លុយ​សោះ បាន​ត្រឹម​តែ​មួយ​គ្រប់​ចាយ​។ លុះ​ក្រោយ​មក​ក៏​បែក​គំនិត​ចង់​រកស៊ី​វិញ​ដោយ​សារ មាន​លុយ​សន្សំ​ខ្លះ​ និង​លុយ​គ្រួសារ​ខ្លះ លោក​ក៏​ចាប់​ផ្ដើម​បើក​កន្លែង​លក់​កាហ្វេ​នេះ​តែ​ម្ដង​ ព្រោះ​គិត​ថា ចំណាយ​ទុន​តិច មិន​សូវ​ប្រឈម​ហានិភ័យ​។

ចុង​ក្រោយ​ បញ្ញារិទ្ធិ​ និយាយ​ថា៖ ចំណេញ​តិច​ចំណេញ​ច្រើន​អី ក៏​យើង​មិន​បាន​ធ្វើការ​គ្រាប់​បង្គាប់​នរណា គឺ​ធ្វើ​ជា​ថៅកែ​ខ្លួន​ឯង ទោះ​ជា​ហត់​បន្តិច​តែ​នេះ​ជា​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​។ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ពង្រីក​មុខ​របរ​នេះ​ឱ្យ​កាន់​តែ​ធំ ព្រោះ​បច្ចុប្បន្ន​ហាក់​ជោគជ័យ​បណ្ដើរ​ៗ​ហើយ​។

ដោយ​ឡែក​ចំពោះ លោក ហាក់ សីហា បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ បាន​លើក​ឡើង​ថា នរណា​ក៏​ចង់​រកស៊ី​ដែរ តែ​ទាស់​ត្រង់​ថា មិន​មាន​ដើម​ទុន ម្យ៉ាង​វិញ​ទៀត​មិន​ទាន់​ហ៊ាន​ប្រថុយ ព្រោះ​រកស៊ី​ខុស​ពី​ការ​ធ្វើ​ការ​ឱ្យ​គេ។ សីហា​និយាយ​ថា ធ្វើ​ការ​ឱ្យ​គេ​ទោះ​ល្អ​មិន​ល្អ​ក៏​នៅ​តែ​មាន​ប្រាក់​ខែ​ចាយ តែ​បើ​រកស៊ី​ក្ស័យ​ធុន​វិញ​គឺ​អត់​លិឍ​តែ​ម្ដង​។ ដូច្នេះ​ការ​រកស៊ី​អាច​និយាយ​ងាយ ប៉ុន្តែ​ក៏​ត្រូវ​សិក្សា​ឱ្យ​ល្អិន​ល្អន់​ដែរ។ ចំពោះ​រូប​លោក​ចាំ​ធ្វើ​ការ​ឱ្យ​គេ​បាន​យ៉ាង​តិច​៣​ឆ្នាំ​សិន ចាំ​ចាប់​ផ្ដើម​គិត​គូរ​ពី​ការ​រកស៊ី ព្រោះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ប្រមូល​ផ្ដុំ​បទ​ពិសោធន៍​។

មក​ជួប​ជាមួយ​យុវតី ប៊ិន សុជាតា វិញ​លើក​ឡើង​ថា ជា​ការ​ពិត​យុវវ័យ​ឥឡូវ​ចូលចិត្ត​រកស៊ី​ខ្លួន​ឯង​ជាង​ធ្វើ​ការ​ឱ្យ​គេ​ សូម្បី​តែ​រាល់​ថ្ងៃ​កញ្ញា​ផ្ទាល់​ក៏​ចាប់​ផ្ដើម​រកស៊ី​ដែរ តាម​រយៈ​ការ​លក់​ផលិត​ផល​តាម​អន​ឡាញ​។ សុជាតា និយាយ​ថា មុខ​របរ​ជា​ច្រើន​មិន​ចំណាយ​ដើម​ទុន​ច្រើន​ ហើយ​យុវជន​អាច​ចាប់​ផ្ដើម​បាន ដូចជា​ការ​លក់​កាហ្វេ អាហារ ឬ​ផលិត​ផល​តាម​អន​ឡាញ​ជា​ដើម ព្រោះ​មិន​ទាមទារ​ឱ្យ​មាន​បទពិសោធន៍​ច្រើន ដូច​មុខ​ជំនួញ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ​៕

ចុះ​ចំណែក​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​?​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី