​Canon 6D Mark II បង្ហាញ​ខ្លួន​ហើយ តែ​ឯណា​លុយ?

  • 2017-06-29 07:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ Canon 6D Mark II ដែល​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់ចាំ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ អម​ជា​មួយ​នឹង​កាមេរ៉ា​ស៊េរី​ថ្មី​តម្លៃ​ធូរ​ថ្លៃ Rebel SL2 ផង​ដែរ។

​6D Mark II ដែល​ទើប​ប្រកាស​ចេញ​នេះ​មាន​តម្លៃ​ ១ ៩៩៩ ដុល្លារ​ ធូរ​ថ្លៃ​ជាង​ 5D បន្តិច ហើយ​នឹង​មាន​ចេញ​លក់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ 6D ស៊េរី​ថ្មី​មាន​បន្ថែម​សមត្ថភាព​មួយ​ចំនួន​ដូច​ជា​​មាន​ Sensor CMOS ទំហំ​ដល់ ២៦,២ MP រួម​ជា​មួយ​នឹង​ Image Processor DIGIC 7 ផង​ដែរ។ ចំពោះ​ ISO វិញ​ក៏​បាន​ដំឡើង​រហូត​ដល់​ ៤០ ០០០ ជួយ​ឲ្យ​ថត​រូប​ពេល​ខ្វះ​ពន្លឺ​បាន​កាន់​តែ​ល្អ។

6D Mark II ថែម​ទាំង​មាន​ប្រើ​បច្ចេកវិទ្យា​ Dual Pixel Autofocus របស់​ Canon ទៀត​ផង ហើយ​​កាមេរ៉ា​នេះ​មាន​ Autofocus Point ឡើង​ដល់ 45 Cross-Type។ អាច​ថត​រូប​ក្នុង​ល្បឿន​លឿន​បំផុត​ ៦,៥ ប្លង់​ក្នុង​មួយ​វិនាទី ហើយ​ចំពោះ​ល្បឿន​ថត​រូប​ Burst អាច​បាន​ច្រើន​បំផុត ២១ សន្លឹក​សម្រាប់​រូប RAW និង រូប​ JPEG បាន​ ១៥០ សន្លឹក។

អេក្រង់ LCD ទំហំ ៣ អ៊ីញ​លើ 6D Mark II គឺ​ជា​ប្រភេទ​អេក្រង់​ Touchscreen ដែល​អាច​ទាញ​ចេញ​ក្រៅ​បាន និង អាច​ធន់​នឹង​អាកាស​ធាតុ​ច្រើន​ប្រភេទ​បាន​ដូច​ជា​ការ​ការពារ​​មាន​លើ​ 5D Mark IV ដែល​ជា​ម៉ូដែល​ថ្លៃ​ជាង​យ៉ាង​អ៊ីចឹង។ ចំពោះ​ប្រព័ន្ធ​ត​ភ្ជាប់​មាន​ដូច​ជា​ Wi-Fi, NFC, Bluetooth និង ប្រព័ន្ធ​ GPS។

ដោយ​ឡែក​ងាក​ទៅ​មើល​ Rebel SL2 វិញ​ជា​កាមេរ៉ា​កម្រិត​ធូរ​ថ្លៃ​ដែល​មាន​តម្លៃ​ត្រឹម​ ៥៤៩ ដុល្លារ​ប៉ុណ្ណោះ។ វា​មាន​បំពាក់​ Sensor CMOS ទំហំ​ ២៤,២ MP ហើយ​​ប្រើ DIGIC 7 និង Dual Pixel Auto Focus ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បំពាក់​អេក្រង់​ Touchscreen អាច​ទាញ​ចេញ​បាន, Wi-Fi, Bluetooth និង NFC ផង​ដែរ។

សម្រាប់​ការ​ថត​វីដេអូ​វិញ​ទាំង​ 6D Mark II និង Rebel SL2 អាច​ថត​វីដេអូ​បាន​កម្រិត​ 1080p ក្នុង​ល្បឿន​ ៦០ ប្លង់​ក្នុង​មួយ​វិនាទី ដោយ​មិន​អាច​ថត​វីដេអូ​កម្រិត 4K បាន​ឡើយ៕ ​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី