មិនចេះផឹកស្រា មិនទាន់សម័យ?
- 2017-07-02 23:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចេះផឹកស្រា មិនទាន់សម័យ?
ចន្លោះមិនឃើញ
នៅក្នុងសង្គមជីវិតរស់នៅសព្វថ្ងៃ គេឃើញមានការពិសាគ្រឿងស្រវឹង នៅពេលមានកម្មវិធីសប្បាយម្តងៗ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ខួបកំណើត ជួបជុំបងប្អូន មិត្តភក្តិ និងកម្មវិធីសប្បាយជាច្រើនផ្សេងទៀត។ ការពិសាគ្រឿងស្រវឹងនៅពេលជួបជុំគ្នានេះ បានក្លាយទៅជាទម្លាប់ទៅហើយ គ្រាន់តែវាប្រែប្រួលទៅតាមរបត់សង្គមនីមួយៗ និងការយល់ឃើញពីមជ្ឈដ្ឋានជុំវិញប៉ុណ្ណោះ។
បច្ចុប្បន្ននេះយើងឃើញថា មានយុវជនមួយចំនួន និងសូម្បីតែក្មេងជំទង់អាយុក្រោម១៨ឆ្នាំក៏ចេះនាំគ្នាផឹកស្រាដែរ មិនថាក្នុងកម្មវិធីជប់លៀងតូចធំនោះទេ ស្រាឬស្រាបៀ គឺជាមុខព្រួញដ៏សំខាន់ ដោយអ្នកខ្លះយល់ថា អ្នកផឹកស្រា គឺជាមនុស្សទាន់សម័យចូលចំណោមគេក្នុងសង្គម និងអាចធ្វើឲ្យបរិយាកាសក្នុងកម្មវិធីជួបជុំគ្នានោះកាន់តែមានភាពជិតស្និទ អ៊ូអរសប្បាយរីករាយ។
ជាបុគ្គលិកផ្នែកទីផ្សារនៃក្រុមហ៊ុនលក់ផលិតផល យុវជន ឃួន ឡង់ឌី អាយុ ២៨ឆ្នាំ បានលើកឡើងថា តាមពិតទៅមិនមែនទាល់តែចេះផឹកស្រាបានគេថាទាន់សម័យនោះទេ។ ពេលជួបជុំគ្មានញុំាអី ឫជុំគ្នាក្នុងពិធីខួបកំណើត មានមិត្តភ័ក្ដិខ្ញុំខ្លះគាត់អត់ចេះញុំាស្រាទេ គឺគាត់ញុំាទឹកក្រូច ហើយលើកកែវជុលជាមួយមិត្តភ័ក្ដិយ៉ាងសប្បាយរីករាយ ហើយក៏អត់មានមិត្តភក្តិណាបង្ខំឲ្យគាត់ផឹកដែរ។
ចំណែកកញ្ញា លីណា អាយុ ១៩ឆ្នាំ ជាសិស្ស យល់ឃើញថា តាមពិតទៅភាពស៊ីវិល័យរបស់មនុស្សយើងមិនមែនការដែលពូកែខាងស៊ីផឹកនោះទេ សំខាន់នៅត្រង់ថា អ្នកមានចំណេះដឹងជ្រៅជ្រះ មានការងារសុច្ចរិត មានសីលធម៌រស់នៅល្អ និងមានការឲ្យតម្លៃកោតសរសើរពីមនុស្សផងទាំងពួង និងសង្គម។ ផ្ទុយទៅវិញកាលពីមុនអ្នកដែលពូកែខាងផឹកស៊ីចាស់បុរាណតែងតែហៅថា «ឬអាប្រមឹកខួប» មិនដែលមានអ្នកណាសរសើរមនុស្សពូកែផឹកស្រានោះទេ។
សម្រាប់យុវជន សុខ វាសនា ជាមន្ត្រីរាជការម្នាក់ បានលើកឡើងថា ខ្ញុំទទួលស្គាល់ថា មានមិត្តភក្តិ ឫយុវជនមួយចំនួនគាត់គិតថា នៅពេលដែលពួកគេជួបជុំគ្នាទទួលទានគ្រឿងស្រវឹងធ្វើឲ្យគាត់មានអារម្មណ៍ថា ជាមនុស្សស្រស់សង្ហា មានភាពស៊ីវិល័យ និងដើរទាន់សង្គម ហើយពួកគេតែងតែថា ឲ្យមិត្តភក្ភិ ដែលមិនចេះផឹកស្រាថា ធ្វើឯងត្រឹមត្រូវ អត់ទាន់សម័យ និងមិនចូលចំណោមគេសោះ មនុស្សប្រុសទាល់ចេះផឹកទើបគេហៅថាប្រុស (និយាយបែបចំអកលេង)៕