ចុងក្រោយយើងអស់តួនាទី
- 2017-07-03 06:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងក្រោយយើងអស់តួនាទី
ចន្លោះមិនឃើញ
ភាពឈឺចាប់មិនអាចថ្លែងលើកនេះ គឺត្រូវបន្ទោសខ្លួនឯងជាមនុស្សល្អពេក ល្អដល់ថ្នាក់ក្លាយជាមនុស្សល្ងង់ ដែលតែងជួយគេ លើកទឹកគេ ពេលគេពិបាកចិត្ត ពេលគេឯកា តែនៅទីបំផុតអ្នកដែលស្រក់ទឹកភ្នែកគឺខ្លួនឯង។
ពេលនេះគេមានសង្សារហើយ គេឈប់ឯកាហើយ គេមានជីវិតថ្មីហើយ គេក្លាយជាមនុស្សរឹងមាំ ដូចដែលយើងចង់ឃើញហើយ តែហេតុអ្វីខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំងម្ល៉េះ? នៅពេលគេមានជីវិតថ្មី តើហេតុអីក៏យើងឯកាម្ល៉េះ? ក្រែងកន្លងមកយើងតែងនិយាយប្រាប់គេថា គេជាមិត្តល្អរបស់យើងនោះអី ចុះបើពេលនេះមិត្តភក្ដិយើងគេមានជីវិតល្អហើយហេតុអ្វីយើងមិនសប្បាយចិត្តទៅ? ឬកន្លងមកយើងចាត់ទុកគេលើសពីមិត្តល្អ បានជាពេលនេះយើងមកត្រូវដេកយំពេលឃើញគេមានអ្នកថ្មី?
ខ្ញុំយល់ព្រមកំដរមនុស្សម្នាក់នៅពេលគេនោះ បាត់បង់ស្នេហា នៅពេលដែលគេមិនដឹងថាជីវិតគេទៅជាយ៉ាងណា ខ្ញុំតែងនៅក្បែរគេស្ម័គ្រចិត្តធ្វើគ្រប់បែបយ៉ាងឱ្យតែគេសប្បាយចិត្ត តែរយៈពេលកន្លងផុតទៅជាច្រើនខែភាពស្និទ្ធស្នាលរវាងយើងទាំងពីរនាក់ បានធ្វើឱ្យខ្ញុំលង់ស្រឡាញ់គេដោយមិនដឹងខ្លួន។ ពីមនុស្សកំដរគេឈឺចាប់ចង់ឱ្យគេមើលឃើញពីទង្វើល្អរបស់ខ្លួន ចង់ឱ្យគេយកខ្ញុំជំនួសម្នាក់នោះ ចង់ក្លាយជាចំណែកមួយក្នុងជីវិតរបស់គេ តែនេះគ្រាន់តែជាការស្រមៃ វាគ្មានថ្ងៃក្លាយជាការពិតនោះទេ ព្រោះគេមិនដែលចាត់ទុកយើងលើសពីមិត្តទេ។
មែននៅទីបំផុតការផ្ដល់កម្លាំងចិត្តពីខ្ញុំ ការប្រឹក្សាយោបល់ខ្ញុំបានធ្វើឱ្យជីវិតគេផ្លាស់ប្ដូរយ៉ាងលឿន គេក្លាយជាមនុស្សរឹងមាំ គេអាចរកមនុស្សថ្មីដើម្បីជំនួសនារីម្នាក់នោះ គេមានជីវិតពោរពេញដោយភាពរីករាយ។ ចំណែកខ្ញុំបានត្រឹមធ្វើជាអ្នកកំដរគេ ជាស្ពានសម្រាប់ឱ្យគេដើរឆ្លង ចុងក្រោយគេទុកយើងចោល យើងគ្មានតម្លៃអ្វីដើម្បីឱ្យគេមកនៅក្បែរទៀតទេ កន្លងមកគេនៅក្បែរយើងក៏ព្រោះតែគេមិនដឹងទៅរកអ្នកណាប៉ុណ្ណោះ។
ចុងក្រោយខ្ញុំអស់តួនាទី គ្មានសិទ្ធិអ្វីទៅស្និទ្ធស្នាលគេដូចពីមុនទៀតទេ មានតែកាត់ផ្ដាច់ពីជីវិតរបស់គេចាប់ពីពេលនេះតទៅ គេលែងអីហើយ តើខ្ញុំនៅទើសមុខទើសមាត់គេដល់ណាទៀត។ មកដល់ពេលនេះទើបខ្ញុំដឹងថា ធ្វើជាមនុស្សកំដរគេ វាគ្មានអីចំណេញទេ មានតែភាពឈឺចាប់ ហើយថ្ងៃក្រោយត្រូវចាំទុក កុំឱ្យអ្នកណាចូលមកក្នុងជីវិតយើងផ្ដេសផ្ដាសទៀត លើលោកនេះគ្មានមិត្តភាពពិតប្រាកដ គ្មានមនុស្សល្អពិតប្រាកដជាមួយយើងនោះទេ។
ខ្ញុំអរគុណសម្រាប់ពេលវេលាកន្លងមកដែលអ្នកផ្ដល់ឱ្យខ្ញុំ ហើយខ្ញុំមិនដឹងថា ត្រូវប្រើរយៈពេលប៉ុន្មានទៀត ដើម្បីបំភ្លេចអ្នកនោះទេ គ្រាន់តែដឹងថា ចាប់ពីពេលនេះតទៅអ្នកមិនចាំបាច់ឆ្លើយតបសាររបស់ខ្ញុំទាំងមិនចង់ មិនចាំបាច់ហត់នឿយមានខ្ញុំនៅក្បែរអ្នកទៀតទេ៕
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: thor.chanreth@sabay.com ឬទូរសព្ទទៅកាន់លេខ 015 828 595 ចុអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា