១០ សេវាកម្ម​ និង ផលិតផល​បច្ចេកវិទ្យា​កំពូលៗ​នៅ​ប្រទេស​ចិន

  • 2017-07-09 02:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន ជា​ប្រទេស​ប្រមូល​ផ្ដុំ​នូវ​សេវាកម្ម​និង​ផលិតផល​បច្ចេកវិទ្យា​កំពូលៗ​ជា​ច្រើន។ មាន​ទីក្រុង ៤ ដែល​ពេញ​និយម​ខ្លាំង​រួម​មាន​ ទីក្រុង​ប៉េកាំង ដែល​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា Baidu ជាប់​ឈ្មោះ​ជា Google របស់​ប្រទេស​ចិន, ទីក្រុង​ស្សិនចេន ដែល​ភាគ​ច្រើន​មាន​សុទ្ធ​តែ​រោងចក្រ​ផលិត​តាំង​ពី​ឧបករណ៍​បច្ចេកវិទ្យា​លំដាប់​តូច​ដល់​ខ្ពស់ ហើយ​មាន​ការិយាល័យ​ក្រុមហ៊ុន Tencent នៅ​ទី​នោះ ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី WeChat និង QQ, ​​​ទីក្រុង​ហាំងចូវ បណ្ដុំ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​រួម​មាន Alibaba និង NetEase និង​ទីក្រុង​សៀងហៃ​ដែល​ជា​តំបន់​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ច្រើន​មាន​ធនាគារ​ជាង​ក្រុមហ៊ុន​បច្ចេកវិទ្យា។​

+សេវាកម្ម​និង​ផលិតផល​ល្បីៗ​ទាំង ១០ របស់​ប្រទេស​ចិន ៖

១. WeChat (កម្មវិធី​បណ្ដាញ​សង្គម)

ជា​កម្មវិធី​ស្ថិត​ក្រោម​ទ្រនំ​របស់​ក្រុមហ៊ុន Tencent ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ ៨០០ លាន​នាក់ ដោយ​វា​ជា​បណ្តាញ​សង្គម​ពេញ​និយម​កំពូល​ក្នុង​ស្រុក។​ យើង​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​ ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ជា​លក្ខណៈ​ផ្ញើ​សារ​អក្សរ, សម្លេង និង​រូបភាព​ជាដើម។

២. Baidu (កម្មវិធី Search)

Baidu អាច​ហៅ​ថា​ជា Google របស់​ប្រទេស​ចិន ដោយ​វា​ថែម​ទាំង​មាន​កម្មវិធី Baidu Maps ប្រហាក់​ប្រហែល​ទៅ​នឹង Google Maps ដែរ។ ទៀតសោត​កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​យក្ស​មួយ​នេះ​ក៏​ទើត​ប្រកាស​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ Duer OS ដែល​ស្រដៀង​នឹង Alexa របស់​ក្រុមហ៊ុន​អាមេរិក Amazon។

៣. Alibaba (ក្រុមហ៊ុន​ពាណិជ្ជកម្ម)

​Alibaba ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ដែល​បង្កើត​នូវ​កម្មវិធី​ផ្សារ​លក់​ទំនិញ​អន្តរជាតិ មិន​ថា​តែ Taobao និង Tmall ក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វា​ផង​ដែរ។​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង eBay, Amazon ប៉ុន្តែ​មិន​មាន​ការ​លក់​ជា​ប្រភេទ​ដេញ​ថ្លៃ​នោះ​ទេ។ ក្រុមហ៊ុន Alibaba កាន់កាប់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ប្រមាណ ៨០ ភាគរយ ក្នុង​ប្រទេស​ចិន។​

៤. Alipay & WeChat Pay (សេវាកម្ម​ទូទាត់​ទំនិញ)

Alipay ជា​សេវាកម្ម​របស់ Alibaba ហើយ WeChat Pay ជា​របស់ Tencent ដោយ​វា​សុទ្ធសឹង​ជា​សេវាកម្ម​ទូទាត់​ទំនិញ​ខ្នាត​ធំ​និង​តូច។ មនុស្ស​ជា​ច្រើន​រស់​នៅ​ក្នុង​ទីក្រុង​សៀងហៃ​និង​ប៉េកាំង​ច្រើន​ប្រើ​សេវាកម្ម​ទាំង ២ នេះ ដោយ​មិន​សូវ​ប្រើប្រាស់​ក្រដាស​ប្រាក់​ចេញ​ពី​ហោប៉ៅ​ឡើយ​ ក្នុង​ការ​ទិញ​ទំនិញ​ផ្សេងៗ។​

៥. Weibo (បណ្ដាញ​សង្គម)

​Weibo ជា​បណ្តាញ​សង្គម​កូន​កាត់ Twitter ។ ចំណូល​របស់​ក្រុមហ៊ុន​នេះ មាន​ការ​កើន​ឡើង​ប្រមាណ ៤០ ភាគរយ​ក្នុង​ឆ្នាំ​កន្លង​ទៅ ដោយ​ឡែក​បច្ចុប្បន្ន​ទាំង​ចំនួន​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​ទីផ្សារ​របស់​ Weibo បាន​វ៉ា​ដាច់ Twitter របស់​អាមេរិក​បាត់​ទៅ​ហើយ។

៦. Momo (កម្មវិធី​ជួប​គូ​ណាត់)

Momo ជា​កម្មវិធី​ជួប​គូ​ណាត់​ដំបូង​បង្អស់​ក្នុង​ប្រទេស​ចិន មិន​ខុស​ពី Tinder ដែល​ជា​ការ​មធ្យោបាយ​រក​ស្នេហា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ បច្ចុប្បន្ន​វា​កំពុង​ពេញ​និយម​ខ្លាំង​មែន​ទែន​ក្នុង​ស្រុក។

៧. Meitu(កម្មវិធី​កាត់​ត​រូបភាព)

មាន​ប្រមាណ​ជាង ៥០ ភាគរយ​នៃ​រូបភាព Selfie ដែល​បង្ហោះ​ចេញ គឺ​ប្រើប្រាស់​កម្មវិធី Meitu។ ប្រើ​ដើម្បី​ជួយ​កែ​ច្នៃ​សម្រស់​របស់​អ្នក​ឱ្យ​មាន​សភាព​ស​ចែងចាំង បាត់​ស្នាម​លើ​ផ្ទៃ​មុខ និង​ពង្រីក​គ្រាប់​ភ្នែក​ឱ្យ​ធំ​ជាដើម។ កន្លង​ទៅ​តម្លៃ​ខ្លួន​ក្រុមហ៊ុន​មួយ​នេះ បាន​ឡើង​ដល់ ៥,២ ពាន់​លាន​ដុល្លារ។​

៨. YouKu (បណ្ដាញ​ទស្សនា​វីដេអូ) ៖​​​​

YouKu ជា​ YouTube របស់​ប្រទេស​ចិន ដោយ​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ ក្រុមហ៊ុន Alibaba បាន​ទិញ​យក​ក្នុង​តម្លៃ​ប្រមាណ ៤,៨ ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​ប្រកួតប្រជែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​មួយ​ក្រុមហ៊ុន ​Tencent និង Baidu។​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Jack Ma បណ្ដាញ​ទស្សនា​វីដេអូ​មួយ​នេះ មាន​ចំនួន​ប្រជាជន​ក្នុង​ស្រុក​ទស្សនា​ច្រើន​ជាង​ប្រជាជន​សរុប​ក្នុង​ទឹកដី​អាមេរិក​ទៅ​ទៀត។

៩. Didi Chuxing (ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ)

ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ដឹក​អ្នក​ដំណើរ​មួយ​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​មនុស្ស​ប្រមាណ ៣០០ លាន​នាក់ ក្នុង​ទីក្រុង​ជាង ៤០០ ជុំវិញ​ប្រទេស​ចិន។​ Uber ចំណាយ​ពេល ៦ ឆ្នាំ​ដើម្បី​បម្រើ​អ្នក​ធ្វើ​ដំណើរ​បាន​ ៦ ពាន់​លាន​នាក់ ខណៈ​ក្រុមហ៊ុន​នេះ​ចំណាយ​ពេល​ត្រឹម​មួយ​ឆ្នាំ នា​ឆ្នាំ ២០១៥ បម្រើ​បាន​ដល់ ១,៤ ពាន់​លាន​នាក់​ឯ​ណោះ។​

១០. NetEase (ក្រុមហ៊ុន​ហ្គេម)

NetEase ជា​ក្រុមហ៊ុន​ប្រទេស​ចិន ដែល​ផ្ដល់​សេវា​លេង​ហ្គេម​លើ​អ៊ីនធឺណិត​ស្រដៀង​ទៅ​នឹង Yahoo ដែរ។​ ដោយ​ទោះ​បី​ជា​ពុំ​មាន​ភាព​ល្បីល្បាញ​ខ្លាំង ប៉ុន្តែ​ក្រុមហ៊ុន​ចិន​មួយ​នេះ កំពុង​ព្យាយាម​បង្កើត​ផលិតផល​ដែល​អាច​បង្កើន​ចំណែក​ទីផ្សារ​បន្ថែម​ទៀត៕

ប្រភព៖ TopBots   ប្រែ​សម្រួល ៖ កៅ រក្សា

អត្ថបទថ្មី