ហុក សុចិត្រា ​នាំ​ក្រុម​ POSENCHEY FC ​លើក​ពាន KMH Cup ​​រង្វាន់​៥​ពាន់​ដុល្លារ

  • 2017-07-11 02:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POSENCHEY FC ​បាន​លើក​ពាន KMH CUP ​រដូវ​កាល​ទី​៤​ហើយ ​ក្រោយ​ពី​បញ្ចប់​៣៨​ប្រកួត​ឈរ​នៅ​លើ​ក្រុម ​PISNOKA FC ​ដែល​ប្រកួត​ចាញ់​ក្រុម​ CSSC Rolling FC ​កាល​ពី​យប់មិញ​ក្នុង​លទ្ធផល ៣-៤។

POSENCHEY FC

ក្រោយ​ពី​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ក្នុង​ការ​ប្រកួត​ពាន​ខាង​លើ​នេះ ​ចុង​ក្រោយ​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក​នោះ​គឺ​បាន​ទៅ​លើ​ក្រុម POSENCHEY FC ​មាន​៩៤​ពិន្ទុ​ឈរ​កំពូល​តារាង។ ខណៈ​ដែល​ក្រុម​ត្រូវ​គេ​រំពឹង​ខ្ពស់ PISNOKA FC ​នោះ ​បែរ​ជា​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​លើក​ពាន​ទៅ​វិញ ពោល​គឺ​បែរ​ជា​ចាញ់​ក្រុម CSSC Rolling FC ​នៅ​ប្រកួត​ចុង​ក្រោយ ធ្វើ​ឱ្យ​ពួកគេ​មាន​ត្រឹម​តែ​៩២​ពិន្ទុ​ប៉ុណ្ណោះ។ បរាជ័យ​១​ប្រកួត​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម POSENCHEY FC ​របស់​លោក ហុក សុចិត្រា ​មាន​ឱកាស​ហក់​ឡើង​កំពូល​តារាង ​និង​កាន់​ពាន​រង្វាន់​សម្រាប់​រដូវ​កាល​នេះ​តែ​ម្ដង។

លោក ហុក សុចិត្រា

ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ ​លោក ហុក សុចិត្រា ​ដែល​ជា​កីឡាករ​លេង​នៅ​ក្នុង​ក្រុម ​POSENCHEY FC ​បាន​និយាយ​ថា​នេះ​ជា​ការ​ប្រកួត​ពាន​រង្វាន់​មិន​អាជីព ​ដែល​អាច​និយាយ​បាន​ថា​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា។ លោក សប្បាយ​ចិត្ត​ពេល​ឃើញ​វិស័យ​បាល់ទាត់​រីក​ចម្រើន​យ៉ាង​នេះ ​ហើយ​ក៏​ចូល​រួម​អបអរ​ដល់​សមាជិក​ទាំង​អស់​ទទួល​បាន​ជ័យជម្នះ​នេះ​ផង​ដែរ។ ក្រុម POSENCHEY FC ​ជា​ក្រុម​ចំណូល​ថ្មី​មួយ​ក្នុង​ពាន​នេះ ប៉ុន្តែ​លេង​សហការ​គ្នា​បាន​ល្អ ​ហើយ​គ្មាន​កីឡាករ​បរទេស​ជួយ​នោះ​ទេ។

លោក សាមិត្ត វឌ្ឍនៈឧត្តម ​តំណាង​អ្នក​រៀប​ចំ​ការ​ប្រកួត​ខាង​លើ​បាន​បញ្ជាក់​ដែរ​ថា​នេះ​ជា​រដូវ​កាល​ជោគជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​ពាន KMH CUP ។ ដូច​ដែល​អ្នក​គាំទ្រ​ទាំង​អស់​បាន​ដឹង ​ពាន​នេះ​បង្កើត​ឡើង​ដើម្បី​សប្បុរសធម៌ ​ហើយ​ក្រុម​កីឡាករ​ទាំង​អស់​ក៏​លេង​ដោយ​មាន​ទំនុក​ចិត្ត​និង​សាមគ្គី​គ្នា​ដែរ។ លោក សង្ឃឹម​ថា​រដូវ​កាល​ទី​៥ នឹង​កាន់​តែ​ធំ​ជាង​រដូវ​កាល​នេះ​ទៀត ​ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

ពាន KMH CUP ​រដូវ​កាល​ទី​៤ ចាប់​ផ្ដើម​ឡើង​​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០១៦ ​ដោយ​មាន​២០​ក្រុម​ចូល​រួម។ ចំពោះ​ប្រាក់​រង្វាន់​វិញ ​លេខ​១ Posenchey FC ​បាន​៥ ០០០​ដុល្លារ ​លេខ​២ Pisnoka FC ​បាន​ ១ ៥០០​ដុល្លារ ​លេខ​៣​ Anachak Baitong FC បាន​ ១ ០០០​ដុល្លារ ​លេខ​៤​​ Mekong Materials FC បាន​៥០០​ដុល្លារ ​និង​មាន​ប្រាក់​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​ចាំ​ទី​ល្អ ក្រុម​លេង​ល្អ អ្នក​ស៊ុត​បញ្ចូលទីបានច្រើនជាងគេ ផង​ដែរ៕

ចុចអានអត្ថបទបន្ដ៖

កីឡាករ​នីហ្សេរីយ៉ា​ម្នាក់​មក​លេង​ក្រុម​​តូច​ដើម្បី​​ឈាន​​ចូល​លីគ​កម្ពុជា​

​FFC ​​សម្រេច​ដាក់​បាល់ទាត់​ក្នុង​សាល​​​ក្នុង​សាលា​តម្រង់​ទិស​កីឡា ២៥ ​ខេត្ត-​ក្រុង

អត្ថបទ៖ មុន្នីរម្យ