កីឡាករ​នីហ្សេរីយ៉ា​ម្នាក់​មក​លេង​ក្រុម​​តូច​ដើម្បី​​ឈាន​​ចូល​លីគ​កម្ពុជា​ ​

  • 2017-07-11 02:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​បាន​មក​​ប្រកប​អាជីព​បាល់ទាត់​នៅ​លើ​ទឹក​ដី​កម្ពុជា​រយៈ​ពេល​​ជិត​មួយ​ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​លេង​នៅ​ក្លឹប​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ឡើយ។

កីឡាករ Noluka Uche Raul

Noluka Uche Raul ​កំពុង​លេង​នៅ​ក្រុម​​ Khmer United ដែល​ជា​ក្រុម​លេង​ពាន​រង្វាន់​អាជីព​ចម្រុះ​ Khmer Real Estate League ​និង​លេង​​ឲ្យ​ក្រុម​មួយ​ផ្សេង​ទៀត​​​ក្នុង​ពាន​រង្វាន់​ KHM Champion League។ គោល​បំណង​របស់​គេ​គឺ​ចង់​ចូល​លេង​ឲ្យ​ក្រុម​ណា​មួយ​នៅ​ក្រប​ខណ្ឌ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

Noluka ប្រាប់​ថា​ សមត្ថភាព​របស់​គេ​នៅ​មាន​កម្រិត​ ដូច្នេះ​រូប​គេ​ត្រូវ​តែ​ចូល​លេង​នៅ​ក្រុម​តូច​ៗ​ដើម្បី​សន្សំ​បទ​ពិសោធន៍​នៅ​លើ​ទី​លាន​មុន​បោះ​ជំហាន​ចូល​លេង​លីគ។ តាម​ពិត​ទៅ​ការ​លេង​​នៅ​តាម​ក្រុម​តូច​ៗ​ក៏​ត្រូវ​បាន​គេ​តាម​ពិនិត្យ​មើល​សមត្ថភាព​ដែរ​ អីចឹង​បើ​លេង​ល្អ​គេ​នឹង​ទាក់ទង​ឲ្យ​ទៅ​លេង​ក្លឹប​ធំ​មិន​ខាន​ឡើយ។ ជាក់​ស្តែង​មាន​កីឡាករ​មួយ​ចំនួន​លេង​នៅ​ក្លឹប​តូច​ៗ​​ត្រូវ​បាន​​គេ​ទាក់​ទង​ចូល​លេង​ក្លឹប​នៅ​លីគ​ដោយ​សារ​ពួក​គេ​​បង្ហាញ​សមត្ថភាព​ល្អ។

កីឡាករ​នីហ្សេរីយ៉ា​រូប​គេ​នេះ​បញ្ជាក់​ថា​ រូប​គេ​បាន​មក​កម្ពុជា​តាំង​ពី​​មុន​លីគ​កម្ពុជា​រដូវ​កាល២០១៧​នេះ​ចាប់​ផ្តើម​ ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​ចូល​ខ្លួន​ទៅ​ក្លឹប​លីគ​ឡើយ។ រូប​គេ​សង្ឃឹម​ថា​ រដូវ​កាល​ក្រោយ​ រូប​គេ​អាច​មាន​ឱកាស​ចូល​លេង​បាន។ ​យ៉ាង​ណា​ Noluka មិន​​ប្រាថ្នា​ចូល​ក្លឹប​ធំ​ៗ​ដូច​ជា​ភ្នំពេញ​ក្រោន បឹងកេត​ ឬ​ណាហ្គាវើល​ឡើយ​ ប៉ុន្តែ​រូប​គេ​ប្រាថ្នា​ចូល​លេង​ក្លឹប​​តូច​ៗ​ដូច​ជា វេស្ទើន​ភ្នំពេញ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ ឬ​អាស៊ី​អឺរ៉ុប​ជា​ដើម។ ​​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៩​ ខែ​កក្កដា​កន្លង​ទៅ​នេះ​ Noluka Uche Raul​​ ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ឲ្យ​ក្រុម​ Khmer United យក​ឈ្នះ​ក្រុម​ខ្លាំង​ Nissay​ ដោយ​លទ្ធផល​ ៣-១​ ក្នុង​សប្តាហ៍​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​ KRE-League។ ចប់​វគ្គ​សន្សំ​ពិន្ទុ​ Khmer United ឈរ​លើ​កំពូល​តារាង​ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​សារ​ក្រុម Nissay ​ស្ថិត​នៅ​លេខ​៤​ត្រូវ​លេង​ជា​មួយ​ក្រុម​កំពូល​តារាង ខណៈ​ក្រុម​លេខ​២​ត្រូវ​ប៉ះ​ក្រុម​លេខ​៣។

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​​ពាន​នេះ​ Uche Raul បាន​ឲ្យ​ដឹង​ថា​ រូប​គេ​សង្ឃឹម​ជួយ​ក្រុម​ Khmer United ឈ្នះ​ពាន​ KRE-League នៅ​រដូវ​កាល​នេះ​ ពី​ព្រោះ​​តាំង​ពី​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ ក្រុម​របស់​ គីម ហ៊ាង​​​មិន​ធ្លាប់​ឈ្នះ​ឡើយ។ រូប​គេ​មិន​ហ៊ាន​សន្និដ្ឋាន​ប៉ុន្មាន​ភាគ​រយ​ថា​នឹង​អាច​ឈ្នះ​ពាន​ទេ​ ប៉ុន្តែ​ត្រូវ​​លេង​ឲ្យ​ឈ្នះ​នៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មុន​សិន៕

កម្មវិធី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • ក្រុម Khmer United vs ក្រុម Nissay

  • ក្រុម Blue Dragon vs ក្រុម Bayon​

អត្ថបទ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត

ស្ថាបនា​លើក​ពាន​ Khmer Real Estate 2016 ដោយ​ឈ្នះ​​ប៉េណាល់​ទី​លើ​ Khmer United

ហុក សុចិត្រា ​នាំ​ក្រុម​ POSENCHEY FC ​លើក​ពាន KMH Cup ​​រង្វាន់​៥​ពាន់​ដុល្លារ

​FFC ​​សម្រេច​ដាក់​បាល់ទាត់​ក្នុង​សាល​​​ក្នុង​សាលា​តម្រង់​ទិស​កីឡា ២៥ ​ខេត្ត-​ក្រុង

អត្ថបទ៖ ជាន ចាន់រ៉ា