ព្រឹកនេះ មក​មើល​រោងចក្រ​ផលិត​រថយន្ត​​ធំៗ​នៅវៀតណាម មាន​ក្រុមហ៊ុន​ណាខ្លះ​?

  • 2017-07-12 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​ប្រិយមិត្ត​បាន​ដឹង​រួច​មក​​ហើយ​ពី​ទីតាំង​រោងចក្រ​ដំឡើង​រថយន្ត​ម៉ាក​ល្បី​ជា​ច្រើន​នៅ​ក្នុង​​ថៃ មាន​ដូច​ជា​ក្រុមហ៊ុន​ Toyota, Honda និង BMW ជា​ដើម។ ថ្ងៃ​នេះ​មក​ស្គាល់​ពី​​រោងចក្រ​​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ​ម្ដង។

@ Toyota

នៅ​ខែ​កញ្ញា​ ឆ្នាំ ១៩៩៥ រោងចក្រ​ផលិត​រថយន្ត​ Toyota នៅ​វៀតណាម​បាន​លេច​ចេញ​រូបរាង​ឡើង​នៅ​ក្នុង​ខេត្ត​ Vinh Phuc។ បន្ទាប់​​ពី​ចំណាយ​ពេល​សាង​សង់​អស់​មួយ​ឆ្នាំ​រោងចក្រ​ក៏​ចាប់​ផ្ដើម​ដំណើរ​ការ​​លើ​ផ្នែក​ចំនួន​ ៤ រួម​មាន​ ៖ ​ផ្នែក​ផ្សា​ភ្ជាប់, លាប​​ថ្នាំ, ​ដំឡើង និង ត្រួត​ពិនិត្យ រហូត​ដល់​ឆ្នាំ ២០០៣ ទើប​បើក​ដំណើរ​ការ​ផ្នែក​បោះ​ត្រា​មួយ​ទៀត។ កាល​ពី​ដំបូង​រោងចក្រ​​អាច​ដំឡើង​រថយន្ត​បាន​ប្រហែល​ ១០ គ្រឿង​ក្នុង​មួយ​ថ្ងៃ ហើយ​បច្ចុប្បន្ន​នេះ​​បាន​ឡើង​ដល់ ១០០ គ្រឿង/ថ្ងៃ។ ម៉ូដែល​រថយន្ត​ដែល​ដំឡើង​បច្ចុប្បន្ន​រួម​មាន​ Camry, Corolla Altis, Vios, Innova និង Fortuner។

​​​​​​​​​@ Mercedes-Benz

Mercedes-Benz បាន​បោះ​ទីតាំង​រោងចក្រ​ដំឡើង​រថយន្ត​របស់​ខ្លួន​​ក្នុង​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ ឆ្នាំ ១៩៩៥។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ​ និង​រថយន្ត​ធម្មតា​​ត្រូវ​បាន​ដំឡើង​នៅ​រោងចក្រ​នេះ​ ដោយ​មាន​ការ​សហការ​ជា​មួយ​​ក្រុមហ៊ុន​ Saigon Automobil Mechanical Corp. (Samco) និង​រោងចក្រ​ May 1st Automobile Factory។ រថយន្ត​​​ដំបូង​គេ​​​ម៉ូដែល​ E230 ​បាន​រំកិល​ខ្លួន​ចេញ​ពី​រោងចក្រ​ដំឡើង​នៅ​​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ១៩៩៦។ ម៉ូដែល​រថយន្ត​ដែល​មាន​ដំឡើង​ប្រទេស​នេះ​​រួម​មាន​ C250, C300, E200, E250, E300, GL C250, GL C300, S400L និង S500L។

@ Hyundai

មិន​មែន​មាន​ត្រឹម​តែ​រោងចក្រ​ដំឡើង​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​ក៏​មាន​រោងចក្រ​ផលិត​រថយន្ត​ Hyundai ផង​ដែរ ដោយ​បាន​បង្ហាញ​វត្តមាន​ឡើង​នៅ​​ខែ​មិថុនា ឆ្នាំ ២០០៩។ ក្រុមហ៊ុន​ Hyundai Thanh Cong Vietnam Auto JSC គឺ​ជា​ក្រុមហ៊ុន​ផ្ដាច់​មុខ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត​ និង ដំឡើង​រថយន្ត​​ម៉ាក​ Hyundai ជា​ច្រើន​ប្រភេទ។ ទីតាំង​រោងចក្រ​ផលិត​ និង ដំឡើង​នេះ​គឺ​ស្ថិត​នៅ​តំបន់​ឧស្សាហកម្ម​ Gian Khau នៃ​ខេត្ត​ Ninh Binh ដោយ​ចំណាយ​ទឹក​ប្រាក់​សាង​សង់​អស់​ ៦៥០ ពាន់​លាន​ដុង (ប្រមាណ ២៨ លាន​ដុល្លារ)។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ​ ក្រុមហ៊ុន​ Hyundai Motor របស់​កូរ៉េ​ខាង​ត្បូង​ផ្ទាល់​ក៏​បាន​ប្រកាស​ពី​​​ការ​សាង​សង់​រោងចក្រ​ដំឡើង​ថ្មី​មួយ​ទៀត​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​កិច្ច​សហការ​ជា​មួយ​ Hyundai Thanh Cong Vietnam Auto JSC។ រោងចក្រ​ដំឡើង​ថ្មី​នេះ​សង់​ឡើង​នៅ​​ខេត្ត​ Ninh Binh ដែល​​គ្រោង​​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ២០១៨ ហើយ​ការងារ​ចម្បង​​គឺ​ដំឡើង​​រថយន្ត​ម៉ូដែល​ Grand i10 ដោយ​​សង្ឃឹម​ថា​អាច​ដំឡើង​បាន​ ១២០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។

@ Mazda

នៅ​ខែ​កញ្ញា​ឆ្នាំ ២០១០ VinaMazda អ្នក​ចែក​ចាយ​ និង អ្នក​ផលិត​រថយន្ត​ Mazda ផ្ដាច់​មុខ​បាន​បើក​សម្ពោធ​ការដ្ឋាន​សាង​សង់​រោងចក្រ​​ផលិត និង ដំឡើង​ដែល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ២០ លាន​ដុល្លារ។ រោងចក្រ​ដែល​មាន​ទីតាំង​​ក្នុង​តំបន់​សេដ្ឋកិច្ច​ Chu Lai Open ​​ខេត្ត​ Quang Nam​ បាន​បញ្ចប់​ការ​សាង​សង់​​នា​ខែ​កញ្ញា​ ឆ្នាំ​ ២០១១ ដោយ​មាន​សមត្ថភាព​អាច​​ផលិត​រថយន្ត​បាន​ ១០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ម៉ូដែល​រថយន្ត​ដែល​រោងចក្រ​បាន​ផលិត​រួម​មាន​ SantaFe, CX-5, Mazda2, Mazda3 និង Mazda6។

@ Ford

រោងចក្រ​ដំឡើង​​រថយន្ត​ Ford ក្នុង​ប្រទេស​វៀតណាម​បាន​​បើក​ដំណើរ​ការ​នៅ​ឆ្នាំ ១៩៩៥ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Hai Duong។ រោងចក្រ​ដំឡើង​នេះ​កើត​ឡើង​ចេញ​ពី​កិច្ច​សហការ​រវាង​​ក្រុមហ៊ុន​ Ford ផ្ទាល់​ដែល​មាន​ហ៊ុន​ ៧៥% និង ​ក្រុមហ៊ុន​ Song Cong Diesel​ របស់​វៀតណាម​ ២៥%។ បច្ចុប្បន្ន​រថយន្ត​ដំឡើង​​រួម​មាន​ម៉ូដែល​ Focus, Fiesta, Transit, Everest និង EcoSport។

@ Kia

​​​​​​​​​​​​​​​នៅ​ខែ​មិថុនា​ ឆ្នាំ​ ២០០៧ ​ក្រុមហ៊ុន​ Truong Hai Group របស់​វៀតណាម​បាន​រួម​សហការ​ជា​មួយ​នឹង​​ក្រុមហ៊ុន​ Kia Motor Group របស់​កូរ៉េ​ខាង​ត្បូង​ដោយ​បាន​បើក​ដំណើរ​ការ​​រោងចក្រ​ផលិត និង ដំឡើង​ដ៏​ធំ​មួយ​មាន​ទីតាំង​​តំបន់​សេដ្ឋកិច្ច​ Chu Lai Open ខេត្ត​ Quang Nam ​លើ​ផ្ទៃ​ដី​ ៣៥ ហិតា។ ​​រហូត​ដល់​ខែ​មេសា​ ឆ្នាំ​ ២០០៨ រថយន្ត​ម៉ូដែល​ New Morning ​ដែល​ជា​រថយន្ត Kia ​ដំឡើង​ក្នុង​ស្រុក​ដំបូង​​ក៏​បាន​បង្ហាញ​ខ្លួន​ឡើយ។ ​រោងចក្រ​នេះ​បច្ចុប្បន្ន​អាច​ដំឡើង និង ផលិត​បាន​ម៉ូដែល​ Cerato, Morning, Roundabout, Rondo, Sedona និង Sorento។

@ Nissan

នៅ​ខែ​មិថុនា ឆ្នាំ ២០១៣ ​ក្រុមហ៊ុន​ Tan Chong Motor Holdings Berhad របស់​ម៉ាឡេស៊ី និង Nissan Motor របស់​ជប៉ុន​ បាន​រួម​គ្នា​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​ Nissan ​ក្នុង​ទីក្រុង​ Da Nang  ដែល​ចំណាយ​ទឹក​ប្រាក់​ ៤០ លាន​ដុល្លារ។ Nissan Sunny គឺ​ជា​ម៉ូដែល​ដំបូង​​ដែល​ដំឡើង​​ដោយ​រោងចក្រ​នៅ​វៀតណាម​នេះ​ ក្រោយ​មក​ក៏​មាន​ដំឡើង​រថយន្ត​ប្រភេទ SUV ម៉ូដែល​ X-Trail ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖ មក​ស្គាល់​ទីតាំង​រោង​ចក្រ​ផលិត​រថយន្ត​ធំៗ​នៅ​ប្រទេស​ថៃ​

ប្រភព៖ Ford | ThacoGroup | Toyota VN   ប្រែ​សម្រួល៖ សុខហេង