Zaman ទទួល​បាន​លិខិត​មួយពី​ឯកឧត្ដម ហង់ ជួនណារ៉ុន ក្រោយ​ជួយ​សាលា​កំពុង​ខ្វះខាត

  • 2017-07-12 10:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ (Zaman) បាន​ទទួល​ចំណារ​ថ្លែង​អំណរ​គុណ​ពី​ឯកឧត្ដម​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដី​អំពី​សមិទ្ធផល​នានា ដែល​ឧបត្ថម្ភ​ដោយ​បុគ្គលិក សិស្ស និង​មាតាបិតា​សិស្ស នៃ​សាលា Zaman ក្នុង​ពិធី​ប្រគល់ និង​ទទួល​សមិទ្ធផល​របស់ Zaman កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៧ នៅ​សាលា​បឋមសិក្សា​ទួល​ស្នោរ។

មូល​ហេតុ​ដែល​ឯកឧត្ដម​បណ្ឌិត ហង់ ជួនណារ៉ុន ប្រគល់​លិខិត​នេះ​ព្រោះ Zaman បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា តាម​រយៈ​ការ​ជួយ ជា​សម្ភារៈ​សិក្សា ជួសជុល​អាគារ​សិក្សា និង​សាងសង់​បង្គន់​អនាម័យ ដល់​សាលា​ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក និង​កំពុង​ត្រូវ​ការ​ចាំបាច់​សម្រាប់​ដំណើរ​ការ​សិក្សា។

សម្រាប់​ថវិកា​ដែល​បាន​បរិច្ចាគ​សម្រាប់​ការងារ​មនុស្ស​ធម៌​នេះ គឺ​បាន​មកពី​កម្មវិធី​សប្ដាហ៍​សប្បុរស​ធម៌​ប្រចាំ​ឆ្នាំ​នៅ​តាម​សាខា​សាលា Zaman និមួយៗ ដោយ​សិស្ស​បាន​បង្កើត​គម្រោង​សកម្មភាព​ផ្សេងៗ​គ្នា​ជា​ច្រើន​ក្រោម​ការ​ជ្រោមជ្រែង​ពី​បុគ្គលិក គ្រូ និង​មាតាបិតា​សិស្ស​។

ក្នុង​ឱកាស​ចែក​ប័ណ្ណ​សរសើរ​ក្រោម​អធិបតីភាព​លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ Zaman បាន​ទទួល​ប័ណ្ណសរសើរ ២ លើ​ការងារ​គ្រប់​គ្រង-រដ្ឋបាល បរិស្ថាន និង​បច្ចេកទេស​បង្រៀន និង​រៀន ដោយ​ប័ណ្ណសរសើរ​មួយ​សម្រាប់​សាលាបឋមសិក្សា Zaman និង​មួយ​ទៀត សម្រាប់​សាលា​មធ្យម​សិក្សា Zaman៕

ដោយ៖ វិទូ