កាស​ស្ដាប់​មានពីរប្រភេទ ចុះមួយ​ណា​​ធ្វើ​ឲ្យ​ខូច​ត្រចៀក​ខ្លាំង​ជាង?

  • 2017-07-13 06:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​កាស​ស្ដាប់​ប្រភេទ​​ញ៉ុក​ចូល​ត្រចៀក (Earbud) និង កាស​ស្ដាប់​ប្រភេទ​ពាក់​ក្បាល​ (Headphone) កំពុង​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ ដោយ​សារ​មាន​គុណ​សម្បត្តិ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​​កាស​ប្រភេទ​ទាំង​ពីរ​ក៏​មាន​គុណវិបត្តិ​ខ្លះៗ​ដែរ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់។

​​​ចំពោះ​​ Headphone គឺ​វា​គ្រប​លើ​ស្បែក​ត្រចៀក​ខាង​ក្រៅ ហើយ​គុណ​សម្បត្តិ​ដ៏​ធំ​របស់​វា​គឺ​អាច​បញ្ជូន​សំឡេង​បាន​យ៉ាង​ពីរោះ​រំងំ ជា​ពិសេស​ពេល​ស្ដាប់​បទ​ភ្លេង​ណា​ដែល​មាន​សំឡេង​បាស។ ​មិន​តែ​ប៉ុណ្ណោះ​កាស​ប្រភេទ​នេះ​ក៏​ល្អ​សម្រាប់​​ការ​ទប់​ស្កាត់​សំឡេង​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន​ផង​ដែរ ដូច​ជា​សំឡេង​ជជែក​គ្នា ឬ សំឡេង​រថយន្ត​​ធ្វើ​ចរាចរ​ជា​ដើម។

Headphone ​ភាគ​ច្រើន​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​ខ្លះ​ទៀត​អាច​មាន​តម្លៃ​ដល់​ខ្ទង់​រាប់​រយ​ដុល្លារ។ ​កាស​ដែល​មាន​តម្លៃ​ថ្លៃ​ព្រោះ​មាន​គុណភាព​ល្អ, រចនា​រូបរាង​ស្អាត និង ​ប្រើ​ទៅ​ស្រួល​ត្រចៀក ហើយ​ជា​ពិសេស​​មាន​សមត្ថភាព​ទប់​ស្កាត់​សំឡេង​រំខាន​បាន​ល្អ។ យ៉ាងណាក្ដី​ Headphone មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ព្រោះ​មាន​ទំហំ​ធំ និង ពិបាក​យក​តាម​ខ្លួន។ ប្រសិន​បើ​អ្នក​ពាក់​ Headphone យូរ​ថែម​ទាំង​អាច​បណ្ដាល​ឲ្យ​បែក​ញើស​​ត្រចៀក ជា​ពិសេស​ពេល​កំពុង​ហាត់​ប្រាណ។ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខូច​ម៉ូដ​សក់ ចំណែកអ្នក​ប្រើ​វ៉ែនតា​ក៏​វេទនា​ពេល​ប្រើ​កាស ហើយ​​អ្នក​ពាក់​ក្រវិល​ក៏​ពិបាក​ដូច​គ្នា។

​​​​​ដោយ​ឡែក​ចំពោះ​ Earbud វិញ​ភាគ​ច្រើន​គឺ​ត្រូវ​ញ៉ុក​ចូល​រន្ធ​ត្រចៀក។ គុណ​សម្បត្តិ​របស់​វា​គឺ​មាន​តម្លៃ​ធូរ​ថ្លៃ, ទំហំ​តូច, ស្រាល និង​​ងាយ​យក​តាម​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ក៏​មិន​ប៉ះពាល់​ដល់​ម៉ូដ​សក់ ហើយ​ អ្នក​ពាក់​វ៉ែនតា​ក៏​មិន​មាន​បញ្ហា​ទើស​ចិត្ត​ពេល​ប្រើ​ដូច​ជា Headphone នោះ​ទេ។ ប៉ុន្តែ​គុណ​វិបត្តិ​គឺ​ Earbud មិន​អាច​បញ្ចេញ​សំឡេង​បាន​រងំ​ល្អ ជា​ពិសេស​សំឡេង​បាស។

មួយ​វិញ​ទៀត​ដោយ​សារ​តែ​មិន​អាច​ទប់​ស្កាត់​សំឡេង​រំខាន​បាន​ល្អ​ដូច​ Headphone ហេតុ​នេះ​អ្នក​ប្រើ​ Earphone តែង​ខំ​ដំឡើង​សំឡេង​ចម្រៀង​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​រំខាន ដែល​ជា​លទ្ធផល​នាំ​ឲ្យ​កើត​មាន​បញ្ហា​លើ​​ប្រព័ន្ធ​ស្ដាប់​របស់​ត្រចៀក។

ជា​ចុង​ក្រោយ​សូម​ណែនាំ​ថា​ប្រសិន​បើ​ចង់​ស្ដាប់​ចម្រៀង​បាន​ពីរោះ​រងំ​ និង មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស្ដាប់​គួរ​ជ្រើស​រើស​កាស​ស្ដាប់​ពាក់​ក្បាល។ ប៉ុន្តែ​ប្រសិន​បើ​ចង់​បាន​កាស​ដែល​​ស្រាល តូច ងាយ​យក​តាម​ខ្លួន​គួរ​ជ្រើស​រើស​​កាស​ស្ដាប់​ញ៉ុក​ចូល​ត្រចៀក។

ចំពោះ​អ្នក​សម្រេច​ជ្រើស​ប្រើ​កាស​ញ៉ុក​ចូល​ត្រចៀក​ត្រូវ​ចាំ​ថា ​គួរ​កុំ​បើក​សំឡេង​ឮ​​ខ្លាំង​ព្រោះ​មិន​ចង់​ឮ​សំឡេង​រំខាន​ពី​ខាង​ក្រៅ ព្រោះ​អាច​ឲ្យ​ខូច​ត្រចៀក​បាន។ អ្នក​ប្រើ​ Earbud គួរ​អនុវត្ត​វិធី​ ៦០/៦០ ដោយ​ស្ដាប់​ចម្រៀង​នៅ​សំឡេង​ត្រឹម​ ៦០ ភាគ​រយ និង ស្ដាប់​​យ៉ាង​យូរ​ត្រឹម​ ៦០ នាទី​បាន​ហើយ។ ប៉ុន្តែ​បើ​ចង់​ស្ដាប់​ចម្រៀង​យូរ​ដល់​រាប់​ម៉ោង​គួរ​បន្ថយ​កម្រិត​សំឡេង​ឲ្យ​ទាប​ជាង ៦០%៕​​​​​​​​​​​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ electronics.howstuffworks   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី