ថ្មី! រថយន្ត​ក្រុង​​សាធារណៈទំនើប​បំផុត​ នឹង​រត់​លើ​ផ្លូវ​ជាតិ​លេខ ៤ ដល់​កំពង់ស្ពឺ

  • 2017-07-13 10:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្ដម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រថយន្ត​ក្រុង​សាធារណៈ​ ទំនើប​បំផុត​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ប្រទេស​ចិន នឹង​ចាប់​ផ្ដើម​រត់​លើ​ផ្លូវ​ជាតិ​លេខ ៤​ ដល់​ខេត្ត​កំពង់ស្ពឺ ក្នុង​ពេល​ខាង​មុខ​នេះ។

ឯកឧត្ដម បាន​ឱ្យ​ដឹង​ទៀត​ថា រថយន្ត​ក្រុង​ទាំង ៩៨​គ្រឿង នឹង​ត្រូវ​រត់​នៅ​លើ​ផ្លូវ​ថ្មី​ចំនួន ៥​ខ្សែ​ទៀតនៅភ្នំពេញ ប៉ុន្តែ​មិន​ទាន់​កំណត់​ផ្លូវ​ណា​នៅ​ឡើយ​នោះ​ទេ គឺ​កំពុង​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​សិន​ថា ផ្លូវ​ណា​ដែល​កំពុង​មាន​ស្ថានភាព​កកស្ទះ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រថយន្ត​ទំនើប​នេះ នឹង​ត្រូវ​រត់​តាម​បណ្ដា​ខេត្ត​ដែរ ក្នុង​នោះ​ កំពង់ស្ពឺ​ អាច​ចាប់​ផ្ដើម​មុន​គេ។ ដោយ​ឡែក​ខេត្ត​ដទៃ​ទៀត​នឹង​ត្រូវ​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់​សិន​ថា គួរ​កំណត់​ថ្លៃ​បែប​ណា ហើយ​រត់​យ៉ាង​ដូចម្ដេច​ខ្លះ? បច្ចុប្បន្ន​គឺ​រត់​ដល់​តាខ្មៅ និង​កំពង់ស្ពឺ​សិន។

គួរ​ឱ្យ​ដឹង​ដែរ​ថា រថយន្ត​ទាំង ១០០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​សម្រាប់​ស្ទួច​២​គ្រឿង​ គឺ​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ផ្ដល់​មក​កាន់​កម្ពុជា ហើយ​ទើប​តែ​ធ្វើ​ពិធី​ទទួល​នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​កោះពេជ្រ។ អ្វី​ដែល​ពិសេស​រថយន្ត​ទាំង​នោះ មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ កាមេរ៉ា​សុវត្ថិភាព ទូរទស្សន៍ ប៊ូតុង​សម្រាប់​អ្នក​ជិះ​ចុច​នៅ​ពេល​ចង់​ឈប់ ទូរ​សុវត្ថិភាព​ដាក់​លុយ​ជា​ដើម។ តំណាង​ប្រទេស​ចិន​ម្នាក់​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា រថយន្ត​ទាំង​នេះ​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ ប្រទេស​ចិន ហើយ​កម្ពុជា​ជា​ប្រទេស​ទី​១ ហើយ​ដែល​ទទួល​បាន​មុន​គេ​បង្អស់។

អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវ​នាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ងាក​មក​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ជា​ជាង​ជិះ​យានយន្ត​ផ្ទាល់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​ទីក្រុង ពី​មុន​រថយន្ត​នៅ​មាន​ចំនួន​តិចតួច និង​មិន​សូវ​ទំនើប។ ដូច្នេះ​នៅ​ពេល​នេះ​មាន​រថយន្ត​ទំនើប​ហើយ សង្ឃឹម​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ៕

អត្ថបទ៖ វឌ្ឍនៈ