ជឿទេ រុក្ខជាតិចេះគិត ហើយដឹងពីអនាគត?
- 2017-07-14 03:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿទេ រុក្ខជាតិចេះគិត ហើយដឹងពីអនាគត?
ចន្លោះមិនឃើញ
លើលោកនេះមានរុក្ខជាតិច្រើនប្រភេទ ច្រើនសណ្ឋាន ខ្លះស្អាត ខ្លះមិនស្អាត ខ្លះគ្រោះថ្នាក់ ខ្លះអាចធ្វើជាឱសថ ហើយក្រៅពីរូបរាងខាងក្រៅនេះ អ្នកធ្លាប់ឆ្ងល់ទេ តើរុក្ខជាតិអាចគិតបានដែរ ឬអត់។
រុក្ខជាតិអាចទំនាក់ទំនងគ្នាបានដោយប្រើប្រាស់ប្រព័ន្ធនៃសមាសធាតុគីមីដ៏ស្មុគស្មាញ។ ការឆ្លើយតបនឹងម៉ូលេគុលទាំងនោះ អាចឲ្យរុក្ខជាតិការពារខ្លួន ផ្ដល់ដំណឹងទៅរុក្ខជាតិដែលនៅជិតវា ឬបង្កើតជាតិពុលជាដើម។ ម្យ៉ាងទៀតរុក្ខជាតិពេលរងគ្រោះ បានបញ្ចេញសារធាតុគីមី ដែលស្មើនឹងការស្រែកដ៏ស្ងៀមស្ងាត់ ហើយជាមួយនឹងទំនាក់ទំនងដ៏ស្មុគស្មាញនេះ រុក្ខជាតិនៅតែខ្វះខួរក្បាលដើម្បីដំណើរការវិភាគ។
**ឧទាហរណ៍** ដូចជារុក្ខជាតិ Barberry ដែលជាទូទៅសត្វល្អិតពងក្នុងផ្លែរបស់វា នៅពេលដែលពងញាស់ គឺស៊ីផ្លែរុក្ខជាតិនោះ ហើយធ្វើឲ្យខូចគុណភាព ឬបង្កើតជាប៉ារ៉ាស៊ីតទៅបំផ្លាញដើមទាំងស្រុង ប៉ុន្តែរុក្ខជាតិនេះមានសមត្ថភាពពិសេស គឺកាត់ផ្ដាច់ផ្លែដែលមានបញ្ហាចេញពីដើមដោយខ្លួនឯង។ នៅមានរុក្ខជាតិក្នុងស្រុកដូចជា **ដើមអ៊ូយ៉ាស** និង**បន្លាប្រខ្លប** ដែលពេលអ្នកប៉ះ ឬខ្យល់បក់ខ្លាំងប៉ះវា ស្លឹកវាប្រែស្រពោន។
ចុះបើអត់ខួរក្បាលផង រុក្ខជាតិគិតម៉េចទៅ? អ្នកវិទ្យាសាស្ត្រជឿថា រុក្ខជាតិមានការគិតតាមទម្រង់បែបផែនផ្សេងៗនៃប្រភេទរបស់ពួកវា រួមទាំងសមត្ថភាពដឹងអំពីអនាគត និងកំណត់នូវការបាត់បង់ ឬទទួលយកហានិភ័យដើម្បីទុកផ្លែសម្រាប់លូតលាស់បន្ត ឬបោះបង់ផ្លែចោល។ រុក្ខជាតិក៏មានសមត្ថភាពដឹងពីទិសដៅដែលឫសចាក់ចូលក្នុងដី ម្យ៉ាងទៀតរុក្ខជាតិក៏មានសមត្ថភាពដឹងពេលអ្នកប៉ះពាល់ពួកវាផងដែរ៕
កុំភ្លេចចុច Like Page Sabay News Technology ដើម្បីទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗ