រឿង Bill Gates ទស្សន៍ទាយ​នៅ​ឆ្នាំ ១៩៩៩ ឥឡូវ​ក្លាយ​ជា​ការ​ពិត​អស់​​ហើយ

  • 2017-07-14 06:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates បាន​សរសេរ​ឡើង​នៅ​សៀវភៅ​មួយ​អំឡុង​ឆ្នាំ ១៩៩៩ ក្រោម​ចំណង​ជើង "Business @the Speed of Thought” ហើយ​ទស្សន៍ទាយ​ទុក​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត។​

១.ការ​ប្រៀបធៀប​តម្លៃ

Gates បាន​សរសេរ​ថា ការ​ប្រៀបធៀប​តម្លៃ​ដោយ​ស្វ័យប្រវត្តិនឹង​អភិវឌ្ឍ​ឡើង ដែល​អាច​អនុញ្ញាត​ឱ្យ​មនុស្ស​ឃើញ​ពី​តម្លៃ​ប្រៀបធៀប​គ្នា​លើ​គេហទំព័រ​ច្រើន ដែល​ងាយ​ស្រួល​ក្នុង​ការ​រុករក​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ថោក​បំផុត។ បច្ចុប្បន្ន​មាន​កើត​ឡើង​ហើយ​ដូច​ជា​ទីផ្សារ Amazon របស់​អាមេរិក និង Orbitz, Trivago អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ធៀប​តម្លៃ​ជើង​ហោះហើរ​និង​ថ្លៃ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​បាន។​

២.ឧបករណ៍​ចល័ត

Gates បាន​ទស្សន៍ទាយ ​ថ្ងៃ​អនាគត​មនុស្ស​នឹង​យក​របស់​តូច​មួយ​តាម​ខ្លួន ដែល​អាច​ឱ្យ​ពួក​គេ​ប្រើប្រាស់​លក្ខណៈ​អាជីវកម្ម​បែប​អេឡិចត្រូនិក គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ។​ អាច​ឆែក​មើល​ព័ត៌មាន, កក់​ជើង​ហោះហើរ, ទទួល​ព័ត៌មាន​ពី​ទីផ្សារ​សេដ្ឋកិច្ច និង​ធ្វើ​រឿង​ជា​ច្រើន​ទៀត។

មក​ទល់​ពេល​នេះ របស់​នោះ​គឺ​ជា​ស្មាតហ្វូន, ថេបប្លែត, នាឡិកា​ឆ្លាត​វៃ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ធ្វើ​រឿង​ទាំង​នោះ​បាន អាច​ពិនិត្យ​មើល​តម្លៃ​ទីផ្សារ​ភាគហ៊ុន, កក់​សំបុត្រ និង​ពិនិត្យ​មើល​អាកាសធាតុ​ជា​ដើម។​

៣.ទូទាត់​ការ​ចំណាយ​និង​ទំនាក់ទំនង​ជាមួយ​វេជ្ជបណ្ឌិត​តាម Online

Gates ក៏​បាន​ទស្សន៍ទាយ​ទៀត​ថា មនុស្ស​នឹង​ទូទាត់​ការ​ចំណាយ, មើលថែ​សុខភាព​ និង​ទំនាក់ទំនង​ជាមួយ​វេជ្ជបណ្ឌិត​តាម​រយៈ​អ៊ីនធឺណិត។​

ពេល​នេះ​វា​ជា​ការ​ពិត​ទាំង​អស់ ខណៈ​មនុស្ស​អាច​ទូទាត់​ចំណាយ​តាម​រយៈ​មុខងារ​ពិសេសៗ​ដូច​ជា Apple Pay, SAMSUNG Pay, ការ​ពិនិត្យ​មើល​តុល្យភាព​សាច់ប្រាក់​គណនី​ធនាគារ​ជាមួយ​កម្មវិធី និង​ការ​ណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត​តាម​រយៈ​កម្មវិធី ZocDoc។

៤.តាមដាន​ផ្ទះ​ខណៈ​អ្នក​មិន​នៅ

Gates ទស្សន៍ទាយ​ថា វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​ផ្ទះ​របស់​អ្នក​នឹង​ក្លាយ​ជា​រឿង​ធម្មតា ដែល​អាច​ប្រាប់​ថា​មាន​នរណា​ចូល​ក្នុង​ផ្ទះ​របស់​អ្នក ពេល​អ្នក​មិន​នៅ។

បច្ចុប្បន្ន​មនុស្ស​អាច​តាមដាន​ពី​រឿងរ៉ាវ​ទាំង​នោះ​បាន តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ផ្ទះ ទៀត​សោត​វា​អាច​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន​ដែល​មាន​ក្នុង​ដៃ​របស់​យើង​ក៏​បាន។​

៥.បណ្ដាញ​សង្គម

Gates ក៏​ទស្សន៍ទាយ​ថា គេហទំព័រ​ឯកជន​សម្រាប់​មិត្តភ័ក្ដិ​អ្នក​និង​គ្រួសារ​អាច​ក្លាយ​ជា​រឿង​សាមញ្ញ ក្នុង​ការ​ទាក់ទង​គ្នា​តាម​រយៈ​ការ​ផ្ញើ​សារ​និង​គ្រោង​ផែនការ​ណាមួយ។​

ឥឡូវ​មាន​ហើយ​ដូច​ជា Facebook, Instagram, SnapChat ដែល​វា​អាច​បម្រើ​សេវាកម្ម​លើស​ពី​អ្វី​ដែល​សេដ្ឋី​រូប​នោះ​ រំពឹង​ទុក​ថែម​ទៀត​ផង។​

**ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

បន្ត​ចុច​អាន៖

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី