កម្រងសៀវភៅរឿង​ផ្តល់ភាពអង់អាចដល់ក្មេងស្រី ឥឡូវនេះ អាចរកបាន​ពី​កម្មវិធីតោះអាន!

  • 2017-07-15 07:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ គំនិត​ផ្តួចផ្តើម តោះអាន! នៃ​មូល​និធិ​អាស៊ី ទើប​តែ​បាន​​បញ្ចេញ​សៀវភៅ​សម្រាប់​កុមារ​ពោរពេញ​ដោយ​រូបភាព​រស់​រវើក​ចំនួន ៨ ក្បាល​បន្ថែម​ទៀត ​ក្រោម​ប្រធានបទ “ក្មេង​ស្រី​អាច​ធ្វើ​អ្វី​ក៏​បាន”។ តួអង្គ​នាំ​មុខ​សំខាន់​ក្នុង​សៀវភៅ​ជា​ភាសា​ខ្មែរ​ទាំង​នេះ គឺ​តួអង្គ​ស្រី​ដែល​ពោរពេញ​ដោយ​ភាព​រឹងមាំ ហ៊ាន​ជម្នះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង ប្រកប​ដោយ​ភាព​ក្លាហាន និង​ភាព​ប៉ិនប្រសប់។

ក្នុង​សាច់​រឿង​ទាំង​នេះ តួ​អង្គ​ស្រី​គឺ​ជា​អ្នក​បើក​យាន​អវកាស​ដើម្បី​ជួយសង្គ្រោះ​ភូមិ​របស់​នាង រារាំង​មនុស្ស​ពិភព​ក្រៅ​មិន​ឲ្យ​សាងសង់​ទីក្រុង​ដែក​លើ​កោះ​ដ៏​ស្រស់​ស្អាត រៀប​ចំ​គម្រោង​ការ​បន្លាច​ចាប​ចិត្ត​កំណាច​ឲ្យ​ហើរ​ចេញ​ទៅ​ឆ្ងាយ និង​ដើរ​ដំណើរ​ផ្សង​ព្រេង​ផ្សេង​ទៀត។​

អ្នក​និពន្ធ អ្នក​គូរ​រូបភាព និង​អ្នក​រចនា​ក្រាហ្វិក​ជា​ជន​ជាតិ​ខ្មែរ ដែល​មាន​សាវតារ​ចម្រុះ បាន​ចូល​រួម​សហការ​គ្នា​ក្នុង​ព្រឹត្តិការណ៍ “ហាក់​កាសន” ផលិត​សៀវភៅ​រឿង រយៈ​ពេល​មួយ​ថ្ងៃ ដើម្បី​បង្កើត​រឿង​ជាមួយ​នឹង​ស្នាដៃ​គំនូរ​ដើម។ ក្រៅពី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បង្កើត​សៀវភៅ​រឿង​កុមារ​ដែល​មាន​គុណភាព​ខ្ពស់ គម្រោង​នេះ​ក៏​មាន​គោល​បំណង​បណ្ដុះ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​ជំនាញ​ផលិត​សៀវភៅ​សម្រាប់​កុមារ​ផង​ដែរ។

ក្រុមហ៊ុន Smart Axiata ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​គម្រោង តោះអាន! នេះ បាន​ផ្ដល់​រង្វាន់​ជា​ទូរសព្ទ​ស្មាតហ្វូន ដល់​អ្នក​ដែល​ចូល​រួម​ក្នុង​កម្មវិធី ហាក់កាសន នេះ ដោយ​បែងចែក​ជា​ប្រភេទ​ដូចតទៅ៖ ក្រុម​ការងារ​ ហាក់កាសន ឆ្នើម​បំផុត អ្នក​គូរ​រូប​ឆ្នើម​បំផុត អ្នក​និពន្ធ​ឆ្នើម​បំផុត និង​អ្នក​ដែល​ផ្ដល់​គំរូ​ភាព​ប្រចាំ​ថ្ងៃ។

សៀវភៅ​ទាំង​នេះ​មាន​សម្រាប់​ដោនឡូត​ដោយ​មិន​គិត​ថ្លៃ​ពី​គេហទំព័រ​តោះអាន! សៀវភៅ​អេឡិចត្រូនិក​ជា​ភាសាខ្មែរ  គ្រូ​កម្ពុជា OER កម្ពុជា និង​បណ្ណាល័យ​ឌីជីថល​ផ្សេង​ទៀត។ សៀវភៅ​ទាំងនេះ​ប្រើ​ប្រាស់​អាជ្ញាប័ណ្ណ​ប្រភេទ non-commercial Creative Commons មិន​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម មាន​ន័យ​ថា គ្រប់គ្នា​អាច​យក​ខ្លឹមសារ​សៀវភៅ​ទាំង​នេះ​ទៅ​កែ​សម្រួល ឬ​ប្រើ​ប្រាស់​ឡើង​វិញ​បាន។

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Smart Axiata បាន​ចូល​រួម​អបអរ​សាទរ មូលនិធិ​អាស៊ី និង​ជយលាភី​ទាំង​អស់ ក្នុង​ការ​បញ្ចប់​សៀវភៅ​អេឡិចត្រូនិក​ចុង​ក្រោយ​នេះ។ “ក្នុង​នាម​ជា​ដៃគូ​ចម្បង​នៃ​កម្មវិធី យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​អ្នកនិពន្ធ​កម្ពុជា វិចិត្រករ និង អ្នក​រចនា ដែល​បាន​ចូល​រួម​បង្កើត​សៀវភៅ​អេឡិចត្រូនិក​ទាំង​អស់​នេះ​ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី​លើ​បណ្ណាល័យ​ឌីជីថល​ជាច្រើន។ ក្រុមហ៊ុន Smart ជឿ​ជាក់​ថា ប្រព័ន្ធ​ឌីជីថល គឺ​ជា​អនាគត! ខ្ញុំ​សង្ឃឹម​ថា សៀវភៅ​អេឡិចត្រូនិក​ទាំង​អស់​នេះ និង សៀវភៅ​ដែល​បង្កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ ក្រោម​ប្រធាន​បទ​ដ៏​មាន​ឥទ្ធិពល នឹង​ជំរុញ​ទឹក​ចិត្ត​អ្នកអាន​កម្ពុជា និង អ្នក​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ផ្ដួច​ផ្ដើម​នេះ។” ​

គំនិត​ផ្ដួចផ្ដើម​តោះ​អាន! ជា​គម្រោង​ដែល​ផលិត​សៀវភៅ​ប្រកប​ដោយ​គុណភាព​ខ្ពស់ សម្រាប់​ឲ្យ​កុមារ​អាន​នៅ​គ្រប់​ពេល គ្រប់​ទី​កន្លែង​ជា​ភាសា​ដែល​ពួក​គេ​ប្រើប្រាស់​ក្នុង​ផ្ទះ និង​ក្នុង​សាលារៀន។ វេទិកា​ក្នុង​ទម្រង់​ឌីជីថល និង​ឧបករណ៍​ដែល​ងាយស្រួល​ប្រើប្រាស់ ផ្តល់​លទ្ធភាព​ឲ្យ​សហគមន៍​អាច​បង្កើត​បណ្ណាល័យ​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព អស់​ថវិកា​តិច និង​មាន​ការ​ចូល​រួម​យ៉ាង​ទូលំ​ទូលាយ។ សូម​អាន​ព័ត៌មាន​បន្ថែម​អំពី​គំនិត​ផ្ដួចផ្ដើម​តោះ​អាន!

ចាប់​តាំងពីឆ្នាំ ១៩៥៤ មក កម្មវិធី​សៀវភៅ​សម្រាប់​អាស៊ី​របស់​មូលនិធិ​អាស៊ី បាន​ផ្ដល់​អំណោយ​ជា​សៀវភៅ​បោះពុម្ព​ដល់​គ្រឹះស្ថាន​អប់រំ​រាប់​ពាន់​កន្លែង ដែល​ជួប​ការ​ខ្វះ​ខាត​សៀវភៅ​ ក្នុង​​ប្រទេស​ចំនួន ២១ នៅ​អាស៊ី ជា​រៀងរាល់​ឆ្នាំ។ ខណៈ​ពេល​ដែល​សៀវភៅ​បោះពុម្ព​នៅតែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ផ្ដល់​ព័ត៌មាន នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន ដោយសារតែ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​កាន់តែ​មាន​តម្លៃ​សមរម្យ​មានន័យថា សៀវភៅ​អេឡិចត្រូនិក​នឹង​ក្លាយ​ជា​មធ្យោបាយ​ដែល​ចំណាយ​អស់​តិច មាន​ប្រសិទ្ធភាព​ខ្ពស់ និង​អាច​ពង្រីក​ទៅ​កន្លែង​ផ្សេង​ទៀត​បាន។​សូម​អាន​បន្ថែម​ពី​ការងារ​របស់​មូលនិធិអាស៊ី។

អត្ថបទ៖ ទារិកា