មិន​គួរ​ឱ្យ​ជឿ! ក្មេងកំពត ២​នាក់នេះ​​អាយុច្រើន ប៉ុន្តែ​រៀន​ថ្នាក់​ទី ២ និង​ទី​ ៦

  • 2017-07-17 02:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើ​អាយុ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​​បងប្អូន​​ប្រុស​​បង្កើត​ ២​នាក់នេះ មិន​អាច​​​រៀន​​នៅ​អនុវិទ្យាល័យ​ទេ ព្រោះ​​ពួកគេ​មាន​មាឌ​តូច​ល្អិត​ដូច​កូន​ក្មេង​។

ណុប ភាក់ (ឆ្វេង) និង ណុប អ៊ាង (ស្ដាំ)

ណុប អ៊ាង អាយុ ២០ឆ្នាំ (កម្ពស់​មិន​ដល់ ១ ម៉ែត្រ) កំពុង​រៀន​ថ្នាក់​ទី ២ ចំណែក​ប្អូនពៅ​អាយុ ១៨ ឆ្នាំ ឈ្មោះ ណុប ភាក់ កំពុង​សិក្សា​ថ្នាក់​ទី ៦ ចំនួន ៣ ឆ្នាំ​មក​ហើយ។ ការ​រៀន​ត្រួត​ថ្នាក់​នេះ មិន​មែន​ប្អូន​មិន​ចេះ​ទេ ព្រោះ​តែ​​ពួកគេ ​​មិន​អាច​ជិះកង់​ទៅរៀននៅ​​​អនុវិទ្យាល័យ ចម្ងាយ​ប្រហែល ៣​គីឡូ​ម៉ែត្រ​បាន។

ប្អូន​ប្រុស ណុប អ៊ាង ប្រាប់​ថា ប្អូន​ចង់​បន្ត​ការ​សិក្សា​​នៅ​អនុវិទ្យាល័យ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ប្រហែល​​មិន​អាច​ទៅ​បាន​ទេ ព្រោះ​សុខភាព​ប្អូន​មិន​សូវ​ល្អ ដោយ​ជិះ​កង់​ឆ្ងាយ​ចេះ​​តែ​ឆាប់ហត់។ ប្អូន​និយាយថា បើ​សិន​​ជាមាន​កង់​​អគ្គិសនី​១ ​គ្រឿង ប្រហែល​ជា​អាច​ទៅ​រៀន​បាន ប៉ុន្តែ​បើ​អត់​មាន​ប្អូនមានតែ​សម្រេច​ចិត្ត​ឈប់​រៀនតែ​ម្ដង​។

អ្នកស្រី នូច មុល ត្រូវ​ជា​ម្ដាយ បានប្រាប់​​ថា កូន​ទាំង​ពីរ​របស់​អ្នកស្រី ​មិន​អាច​ធ្វើ​អ្វី​បានក្រៅ​ពី​ការងារ​ស្រាល​ៗឡើយ។ ​ម៉្យាង​ពួកគេ​ឧស្សាហ៍​ឈឺថ្កាត់​ជា​ញឹកញាប់ ជា​ហេតុ​រំខាន​ដល់​ការសិក្សា​ ហើយ​អ្នកស្រី​​មិនប្រថុយ​ឱ្យ​កូន​ជិះ​កង់​ផ្លូវ​​ឆ្ងាយ​នោះ​ដែរ។

អ្នកស្រី នូច មុល

ស្ត្រីមេ​ម៉ាយ​វ័យ ៥៣ ឆ្នាំ រស់​នៅ​ភូមិ​ប្រមូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត រៀបរាប់​បន្តថា អ្នកស្រី​មាន​កូន ៦នាក់ (ស្លាប់​២) ហើយ​កូនស្រីៗ​របស់​អ្នកស្រី​ទាំង ២ មាន​កម្ពស់​ធម្មតា​ទេ ចំណែក​​កូន​ប្រុស​​ទាំង​២ សុទ្ធ​តែ​ទាប​ ដោយ​។ ពេលសួរ​ថា ហេតុអ្វីបាន​ជា​កូន​ប្រុស​ទាំង២ របស់​អ្នកស្រី​មាន​កម្ពស់​ទាប? អ្នកស្រី នូច មុល ឆ្លើយថា មិន​ដឹង​ឡើយ ដោយ​គ្រាន់​បង្កើប​ថា បែប​កាត់​ទៅ​តាម​ប្ដី​អ្នកស្រី (កម្ពស់ ១.៥០ ម៉ែត្រ, ស្លាប់​ឆ្នាំ ​២០១៥)។

សព្វថ្ងៃ​គ្រួសារ​អ្នកស្រី​រស់នៅ​ពឹង​លើ​មុខ​របរ​បន្តិច​បន្តួច និងកូនស្រីធ្វើ​ការ​រោងចក្រ ​មក​ផ្គត់ផ្គង់ជីវភាព​គ្រួសារ៕

ណុប ភាក់អាយុ ២០ឆ្នាំ និងក្មេងប្រុសអាយុ ៩ឆ្នាំ

អត្ថបទ៖ គីម សាយ