គួរឲ្យសរសើរ! ពិការជើងម្ខាងមែន តែស៊ូរហូតបានតំណែង "Mr England" ឆ្នាំ ២០១៧

  • 2017-07-17 07:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​របស់​ប្រទេស​អង់គ្លេស​ម្នាក់​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​កោតសរសើរ​ ដោយសារ​ភាព​ក្លាហាន​ និង​ការ​តស៊ូ​ អំណត់​គ្រប់យ៉ាង​ បើ​ទោះ​ខ្លួន​ជា​ជន​ពិការ​ក៏​ដោយ។

តារា​ម៉ូដែល​ Jack Eyers វ័យ​ ២៨​ឆ្នាំ​ ដែល​ជា​គ្រូ​បង្ហាត់​ដែល​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ​ បាន​ក្លាយ​ជា​ម្ចាស់​គ្រង​តំណែង​ "Mr England” ដោយ​បាន​យក​ឈ្នះ​បេក្ខជន​ ២៤​នាក់​ផ្សេង​ទៀត​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន។

ក្រោយ​បាន​ទទួល​ជោគជ័យ​ប្រចាំ​ប្រទេស​ហើយ​ បេក្ខជន​ជយលាភី​រូប​នេះ​ សង្ឃឹម​ថា​ខ្លួន​នឹង​អាច​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​លំដាប់​ថ្នាក់​ពិភពលោក​ "Mr World” ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ទៀត។

បុរស​ក្លាហាន​រូប​នេះ​បាន​និយាយ​ថា៖ "រយៈ​ពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខ្ញុំ​បាន​ព្យាយាម​បំពេញ​បេសកកម្ម​ជា​ច្រើន​ ក្នុង​បំណង​លើក​កម្ពស់​ជន​ពិការ​ក្នុង​វិស័យ​ម៉ូដ​ និង​ដើម្បី​ក្លាយ​ជា​ជន​គំរូ​ម្នាក់​សម្រាប់​ជន​ពិការ​ដទៃ​ទៀត”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជើង​របស់​ Jack ត្រូវ​បាន​កាត់​ចោល​តាំង​កើត​ភ្លាម​ ដោយសារ​ជើង​ម្ខាង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ និង​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​ខ្លាំង។ ក្រោយ​វះ​កាត់​ លោក​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ ប៉ុន្តែ​វា​ត្រឹម​ជា​ក្ដី​ស្រមៃ​ ព្រោះ​លោក​ដឹង​ខ្លួន​ថា​មិន​អាច​ទៅ​រួច​ទេ ខណៈ​ខ្លួន​ពិការ​ជើង។

ទោះ​ជា​យ៉ាង​ណា​ Jack មិន​អស់​សង្ឃឹម​ទេ​ លោក​មាន​តែ​តស៊ូ​ដើរ​ទៅ​មុខ​ រហូត​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា​ម៉ូដែល។ ឆ្នាំ​ ២០១៥​ លោក​បាន​ក្លាយ​ជា​ជនពិការ​ប្រុស​ទី១ ​ដែល​បាន​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​ "New York Fashion Week”

ពិត​ជា​គួរ​ឲ្យ​សរសើរ​ចំពោះ​ទឹកចិត្ត​ពុះពារ​របស់​បុរស​ម្នាក់​នេះ​ណាស់​ ហើយ​ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​ដទៃ​ទៀត​ ឲ្យ​មាន​ភាព​ក្លាហាន​ មិន​ថា​មាន​ឧបសគ្គ​ច្រើន​យ៉ាងណា​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី