ឥណ្ឌា​ដាក់​ឱ្យ​ដំណើរការ​រថភ្លើង​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដំបូង​បង្អស់

  • 2017-07-17 04:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្លូវដែក​ឥណ្ឌា (Indian Railways) បាន​ដាក់​ឱ្យ​ដំណើរការ​រថភ្លើង​ដើរ​ដោយ​ថាមពល​ពន្លឺ ព្រះអាទិត្យ​ដំបូងបង្អស់​កាលពី​ថ្ងៃ​សុក្រ ទី ​១៤ ខែ​កក្កដា។

រថភ្លើង​នេះ​មាន​អាគុយ​ដ៏​ធំ​មួយ​ដែល​ធានា​ថា មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់ ទោះបីជា​គ្មាន​ពន្លឺ​ព្រះអាទិត្យ​ក្ដី។ ​ ​បន្ទះ​សូឡា​ ឬ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដែល​គេ​ដំឡើង​នៅ​លើ​ដំបូល​ក្បាលរថភ្លើង​នឹង​ផ្គត់ផ្គង់​តម្រូវ ការ​ថាមពល​អគ្គិសនី​ក្នុង​តួ​រថភ្លើង​ទាំងមូល​រួមមាន​អំពូល​ភ្លើង កង្ហារ និង​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​។ ​លោក ស៊ូ​រេស ប្រា​ពូ (Suresh Prabhu) រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្លូវដែក​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ រថភ្លើង​នេះ​កាលពី​ថ្ងៃ​សុក្រ នៅ​ស្ថានីយ​រថភ្លើង​សា​ហ្វ​ដា​ជុង (Safdarjung Railway Station) ក្នុង​ទីក្រុង​ញូ​វ​ដេលី ហើយ​លោក​បាន​ថ្លែង​ថា វា​ជា “​ជំ​ហ៊ាន​ច្នៃប្រឌិត​” មួយ​ឆ្ពោះ​ទៅ​ការធ្វើឱ្យ​រថភ្លើង​របស់​ឥណ្ឌា ឈប់​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។​ ​

យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​បាន​ឱ្យ​ដឹងថា រថភ្លើង​នេះ​នឹង​ចេញដំណើរ​ពី​ស្ថានីយ​សា​រ៉ៃ រ៉ូ​ហ៊ីល​ឡា (Sarai Rohilla) ក្នុង​ទីក្រុង​ញូ​វ​ដេលី ឆ្ពោះ​ទៅ​ហ្វា​រុក​ណាហ្គា (Farrukhnagar) ស្ថិត​ក្នុង​ស្រុក​ហ្គួ​ហ្គា​អុន (Gurgaon) រដ្ឋ​ហា​យ៉ាណា (Haryana)៕​​​ ​​​​​​​​​

ប្រភព ៖ rasmeinews.com