កក្រើក​ពហុ​កីឡដ្ឋាន​ជាតិ កម្មវិធី​អបអរ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក

  • 2017-07-17 14:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃ​នេះ ពោរពេញ​ដោយ​មនុស្ស​ដែល​ពាក់​អាវ​មាន​រូប​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក នាំ​គ្នា​អបអរ​សាទរ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថ្មី​លើ​ទឹក​ដី​កម្ពុជា។

សំឡេង​ច្រៀង​ព្រម​គ្នា​បទ​ពង្សាវតារ​ខ្មែរ និង​ស្នូរ​កាំជ្រួច​ដ៏​រំពង បាន​នាំ​អារម្មណ៍​អ្នក​ចូល​រួម​ឲ្យ​រំភើប ញញឹម​ញញែម​គ្រប់​គ្នា ព្រោះ​មាន​មោទនភាព​ចំពោះ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ដូន​តា​ខ្មែរ។ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​បន្លំ​ដែរ វា​គឺ​ជា​សម្បត្តិ​វប្បធម៌​ពិតៗ​ដែល​ពិភពលោក​បាន​ទទួល​ស្គាល់។ ​

តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទ​សំបូរព្រៃគុក គឺ​ជា​រាជធានី​របស់​ចក្រភព​ចេនឡា សម័យ​បុរាណ ដែល​បន្សល់​ទុក​សំណង់​ជា​ច្រើន​លាក់​ខ្លួន​ពួន​ជ្រក​ក្នុង​ព្រៃ នៃ​ភូមិ​សំបូរ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ។ ទីក្រុង​ចំណាស់​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ២៥​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បាត់​ដាន​ខ្លះ សល់​តែ​ប្រាសាទ​ចំណាស់​មួយ​ចំនួន ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ។

បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ​តាម​នីតិ​វិធី និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដឹកនាំ​ដោយ​លោក​ជំទាវ​រដ្ឋមន្ត្រី ភឿង សកុណា អង្គការ UNESCO បាន​សម្រេច​ដាក់​បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទ​សំបូរព្រៃគុក ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី០៨ កក្កដា៕

អត្ថបទ៖ គង់ វិសាល