ទូរសព្ទ Nokia សេរ៊ី​ថ្មី​ទាំង ៤ ម៉ូដែល ចាប់​ផ្ដើម​មាន​លក់​នៅ​កម្ពុជា​ហើយ

  • 2017-07-19 03:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន Nokia បាន​ប្រកាស​ចាប់ផ្ដើម​លក់​ទូរសព្ទ​សេរ៊ី​ថ្មី​ទាំង ៤ ម៉ូដែល​៖ Nokia 3, Nokia 5, Nokia 6, Nokia 3310 នៅ​កម្ពុជា ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​អ្នក​គាំទ្រ​កម្ពុជា​រង់ចាំ​ដោយ​អន្ទះសា។

Nokia 3 មាន​តម្លៃ ១៤៣ ដុល្លារ បំពាក់​អេក្រង់ IPS ទំហំ 5.0" HD ស្រោប​ដោយ​ផ្ទៃ​កញ្ចក់ Corning® Gorilla® ជាមួយ​នឹង​កាមេរ៉ា​មុខ និង​ក្រោយ 8MP ថែម​ទាំង​មាន​ពណ៌​ស្រស់​ស្អាត ៣ ពណ៌​គឺ ខ្មៅ ស និង​ខៀវ។

Nokia 5 វិញ មានតម្លៃ ១៩៣ ដុល្លារ ផលិត​ពី​លោហធាតុ​អាលុយមីញ៉ូម ជាមួយ​នឹង​អេក្រង់ 5.2" IPS HD ដំណើរ​ការ​ដោយ​អង្គ​ប្រតិបត្តិការ Qualcomm® Snapdragon ™ 430 Octa-core កាមេរ៉ា​ក្រោយ 13MP បំពាក់​មុខងារ Auto Focus មាន​ភ្លើង Flash ពីរ រួម​ទាំង​កាមេរ៉ា​មុខ​ទំហំ 8MP មាន​កម្រិត​ចាប់​រូបភាព wide angle ធ្វើ​ឱ្យ​ការ​ថត​រូប​បែប​ស៊ែល​ហ្វី មាន​មុំ​កាន់​តែ​ធំ​ទូលាយ​។ Nokia 5 មាន ៣ ពណ៌ គឺ ខ្មៅ ទឹកប្រាក់ និង ខៀវ។

ដោយ​ឡែក Nokia 6 មាន​តម្លៃ ២២៩ ដុល្លារ ដែល​នឹង​ចេញ​លក់​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ Nokia 6 មាន​ការ​រចនា​ប្លែក​គេ រួម​ទាំង​មាន​អេក្រង់​ទំហំ 5.5” full HD ជាមួយ​នឹង​ប្រព័ន្ធ​សំឡេង Dolby Atmos® ព្រម​ទាំង​ដំណើរ​ការ​ដោយ​អង្គ​ប្រតិបត្តិការ Octa-Core Qualcomm® Snapdragon ™ 430 និង​អង្គ​ក្រាហ្វិក Qualcomm® Adreno™ 505 ដោយ​មាន ៣ ពណ៌​គឺ ខ្មៅ ទឹកប្រាក់ និង​ខៀវ។

Nokia 3, Nokia 5, Nokia 6 ទាំង ៣ ម៉ូ​ដែល​នេះ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់ Android គឺ Android Nougat​។ កាន់តែ​ពិសេស ក៏​មាន​ប្រូម៉ូសិន​ថែម​ជូន​ស្គ្រីន​ការពារ និង​ស៊ីមកាត​ដែល​មាន​កញ្ចប់​អ៊ីនធឺណិត 120GB សម្រាប់​ប្រើប្រាស់​ពេញ​មួយ​ឆ្នាំ។

ចុង​ក្រោយ​គឺ Nokia 3310 ដែល​ជា​ការ​អភិវឌ្ឍ​ពី​ម៉ូដែល​មុន (​ក្បាល​ត្រី​អណ្ដែង​) ជា​ទូរ​សព្ទ​មួយ​ត្រូវ​បាន​ប្រជា​ជន​ខ្មែរ​ទទួល​ស្គាល់​ថា​ធន់ និង​ស្រួល​ប្រើប្រាស់ ដោយ​ប្រែជា​មាន​កាមេរ៉ា មាន​ពណ៌ និង​អាច​និយាយ​ដល់​ទៅ ២២​ម៉ោង ហើយ​ទុកចោល​បាន​ដល់​ខ្ទង់​មួយ​ខែ​ឯណោះ។ Nokia 3310 មាន ៤ ពណ៌​គឺ ក្រហម និង​លឿង មាន​សម្បក​រលោង ខណៈ​ពណ៌​ប្រផេះ និង​ខៀវ មាន​សម្បក​គ្រើម ជាមួយ​នឹង​តម្លៃ ៤៨ ដុល្លារ៕ ​

អត្ថបទ៖ វិទូ