គ្រូ​បង្រៀន នៅ​តែ​ឈរ​តំណែង​កំពូល​លើ​ទីផ្សារ​​ការងារ​នៅ​កម្ពុជា

  • 2017-07-22 07:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​ទៅ​លើ​ទិន្នន័យ​ឱកាស​ការងារ​ជាង ៥៤០០​កន្លែង ដែល​បង្ហោះ​លើ​អ៊ីនធឺណិត និង​ពាក្យ​សុំ​ការងារ​ជាង ២៥៥០០​ច្បាប់ ដែល​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ​នៅ​ត្រី​មាស​ទី២ ឆ្នាំ​២០១៧​នេះ បាន​បង្ហាញ​ថា គ្រូបង្រៀន នៅ​តែ​ជា​ការងារ​ដែល​មាន​អ្នក​ស្វែង​រក​ច្រើន​បំផុត។

របាយការណ៍​ខាង​លើ​នេះ បញ្ចេញ​ដោយ everjobs.com.kh ដែល​ជា​គេហទំព័រ​ស្វែង​រក​ការងារ​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ ទិន្នន័យ​នៃ​របាយការណ៍​នេះ​ទទួល​បាន​មក​ពី​ការ​ត្រួត​ពិនិត្យ​នៅ​អំឡុង​ខែ​មេសា ខែ​ឧសភា និង​ខែ​មិថុនា នៃ​ឆ្នាំ​២០១៧។ រយៈ​ពេល ៣ខែ​នេះ ការងារ​ផ្នែក​ការ​សិក្សា​អប់រំ "គ្រូ​បង្រៀន" បាន​បន្ត​ឈរ​នៅ​ជួរ​មុខ​គេ​ក្នុង​ទីផ្សារ​ការងារ​កម្ពុជា។

ជាមួយ​នឹង​ឱកាស​ការងារ​ច្រើន​ជាង ៣៧៥កន្លែង ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ everjobs.com.kh នៅ​ក្នុង​អំឡុង​ពេល​នេះ បាន​បង្ហាញ​ថា ការងារ​ផ្នែក​ការ​សិក្សា​អប់រំ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​ស្វែង​រក​ការងារ​នៅ​កម្ពុជា។ everjobs បាន​បំពេញ​បែបបទ​ពាក្យ​ស្នើ​សុំ​ការងារ​ជាង ១ ៦០០ច្បាប់ សម្រាប់​មុខ​តំណែង​ការងារ​ផ្នែក​គ្រូបង្រៀន ទៅ​តាម​រយៈ​គេហទំព័រ​នៅ​ក្នុង​អំឡុង​ខែ​មេសា ឧសភា និង​មិថុនា ឆ្នាំ២០១៧នេះ។  

អ្នក​ស្រី Divotsna Jangir អ្នក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម បាន​លើក​ឡើង​ថា «ខណៈ​ដែល​ការងារ​ផ្នែក​ការ​សិក្សា​អប់រំ និង​ធនាគារ​នៅ​តែ​មាន​អត្រា​ថេរ​នៅ​ក្នុង​ចំណោម​មុខ​តំណែង​ការងារ​កំពូល​ដទៃ​ទៀត​ក្នុង​រយៈ​ពេល​ដ៏​យូរ ដោយសារ​តែ​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​នោះ ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ថ្មីៗ​នេះ​កំពុង​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់... ​ការងារ​ផ្នែក​បច្ចេកទេស​ដូចជា ព័ត៌មានវិទ្យា និង​វិស្វកម្ម​ជាដើម​ក៏​កំពុង​កើន​ឡើង​ខ្លាំង។»

ពេល​ដែល​ការងារ «គ្រូបង្រៀន» ទទួល​បាន​ភាព​ជោគជ័យ​ដោយ​មានការ​ស្វែង​ច្រើន​ជាង​គេ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ របាយការណ៍​ការងារ​បាន​កំណត់​នូវ​អត្តសញ្ញាណ​នៃ​មុខ​តំណែង​ការងារ​ថ្មី​មួយ​ដែល​ទទួល​បាន​ការ​ស្វែងរក​ច្រើន​ជាង​គេ​ដែរ​នោះ​គឺ «វិស្វករ»។ អ្នក​ស្វែង​រក​ការងារ​នេះ​មាន​ជាង ១២.២៥% តាម​រយៈ​គេហទំព័រ រី​ឯ​ក្រុមហ៊ុន​នានា​បាន​ផ្ដល់​ឱកាស​ការងារ​ច្រើន​ជាង ២០០កន្លែង ក្នុង​អំឡុង​ពេល​ត្រី​មាស​ទី២ នៅ​ឆ្នាំ២០១៧នេះ៕

អត្ថបទ៖ គង់ វិសាល