ពិត​ទេ iPhone ម៉ូដែល​កូដ TH/LL/ZA/ZP មាន​គុណភាព​ខុស​គ្នា?

  • 2017-07-23 02:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​សម្លឹង​មើល​ទៅ​ក្នុង Settings > General > About ត្រង់​លេខ Model កូដ​អក្សរ​ពីរ​តួ​ចុង​ក្រោយ អ្នក​រមែង​ឃើញ​ពាក្យ LL ឫ ZA ជា​ដើម។ ខណៈ​ដែល​តម្លៃ​របស់ iPhone ម៉ូដែល​ទាំង​នោះ ក៏​មាន​ភាព​ខ្ពស់​ទាប​ជាង​គ្នា​បន្តិច​បន្តួច ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​ពី​សំណាក់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ថា កូដ TH (ថៃ) គុណភាព​ចាញ់ ZA (សិង្ហបុរី) ឫ ZP (ហុងកុង) គុណភាព​ចាញ់ LL (អាមេរិក) ។ តើ​ការ​លើក​ឡើង​បែប​នេះ ពិត​ជា​ត្រឹម​ត្រូវ​ដែរ​ឫ ទេ?

ចម្លើយ​គឺ​មិន​ពិត​នោះ​ឡើយ ខណៈ​រាល់​ទូរសព្ទ iPhone ទាំង​អស់​សុទ្ធ​សឹង​តែ​ដំឡើង​ចេញ​ពី​ប្រភព​តែ​មួយ​ក្នុង​ប្រទេស​ចិន ដែល​រួម​មាន​រោងចក្រ Foxconn និង Pegatron ហើយ​រោងចក្រ Wistron នៅ​ឥណ្ឌា (ម៉ូដែល iPhone SE)។ ដោយឡែក​កូដ​ពីរ​តួ​ចុង​ក្រោយ​នោះ គ្រាន់​តែ​ជា​កូដ​សម្គាល់​ក្នុង​តំបន់​នៃ​ទីផ្សារ​ចែកចាយ​ដាក់​លក់​ iPhone ប៉ុណ្ណោះ ចំពោះ​គុណភាព​សុទ្ធ​តែ​ល្អ​ដូច​គ្នា។

ភាព​ខុស​គ្នា​មិន​ទាក់ទង​ទៅ​នឹង​គុណភាព​ទេ ផ្ទុយ​ទៅ​វិញ​គ្រាន់​ខុស​ត្រង់​ភាសា​ក្នុង​សៀវភៅ​ណែនាំ ដែល​កំណត់​តាម​បណ្ដា​ប្រទេស​នីមួយៗ។ ទៀត​សោត​ទីផ្សារ​ក្នុង​តំបន់​ខ្លះ ទាក់ទង​នឹង​ដុំ​សាក​ក្នុង​ប្រអប់​បាន​ទទួល​ដុំ​សាក​ក្បាល ២ ខ្លះ​ទៀត​ក្បាល ៣ តម្រូវ​ទៅ​តាម​ភាព​ពេញ​និយម​នៃ​ការ​ប្រើប្រាស់​ព្រី​ភ្លើង​ក្នុង​ប្រទេស​នោះ។​ អ្វី​ដែល​សំខាន់​ ជា​ធម្មតា​បើ​អ្នក​ទិញ​ពី​តាម​ហាង​ចែកចាយ​ផ្ទាល់​របស់ Apple គ្រប់​ប្រទេស​ទាំង​អស់​ សុទ្ធ​សឹង​តែ​មាន​ប័ណ្ណ​ធានា​ចេញ​ពី​ក្រុមហ៊ុន ផ្អែក​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់។

​​​​​កន្លង​ទៅ​សង្កេត​ឃើញ​ថា តម្លៃ​ទូរសព្ទ iPhone កូដ TH ជួនកាល​មាន​តម្លៃ​ថោក​ជាង​ដល់​ទៅ ៥០ ដុល្លារ​ធៀប​នឹង​កូដ​ប្រទេស​ផ្សេង ជា​ហេតុ​នាំ​ឱ្យ​អតិថិជន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ទិញ។ សរុប​ជា​រួម សូម​ផ្លាស់ប្ដូរ​ការ​គិត​បែប​នេះ ព្រោះ​វា​មិន​ជា​បញ្ហា​ចោទ​ទាក់ទង​នឹង​គុណភាព​ឡើយ អ្វី​ដែល​សំខាន់​គឺ​ការ​ប្រើប្រាស់​ផ្ទាល់​របស់​អ្នក​ទៅ​វិញ​ទេ។

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី