ស្ត្រីខ្មែរអះអាងប្ដីចាប់ជាតិជាសត្វគោ ល្បីដល់សារព័ត៌មានបរទេសចុះផ្សាយ
- 2017-07-23 03:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីខ្មែរអះអាងប្ដីចាប់ជាតិជាសត្វគោ ល្បីដល់សារព័ត៌មានបរទេសចុះផ្សាយ
ចន្លោះមិនឃើញ
នៅប៉ុន្មានថ្ងៃនេះ លើបណ្ដាញសង្គមកម្ពុជាមានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ គឺស្ត្រីម្នាក់អះអាងថា ប្ដីរបស់ខ្លួនចាប់កំណើតជាសត្វគោ ហើយគាត់តាមមើលថែកូនគោនោះដូចមនុស្សអីចឹង។
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ខាងលើ មិនត្រឹមតែផ្អើលក្នុងស្រុក គឺល្បីដល់សារព័ត៌មានអង់គ្លេស Reuters សារព័ត៌មានកូរ៉េខាងត្បូង Koreaboo និងសារព័ត៌មានបរទេសមួយចំនួនទៀត ដោយរៀបរាប់ថា "ស្ត្រីពោះម៉ាយកម្ពុជាម្នាក់ដឹងថាប្ដីដែលស្លាប់ បានចាប់ជាតិជាសត្វគោមានអាយុ ៥ខែហើយ។
លោកយាយឃឹម ហង្ស អាយុ ៧៤ឆ្នាំ ត្រូវជាភរិយារបស់លោកតា ឃុត ដែលល្បីចាប់ជាតិជាគោប្រាប់ថា ចាប់តាំងពីផ្អើលរឿងនេះមក ជារៀងរាល់ថ្ងៃមនុស្សប្រមាណ ១០០នាក់ បានមកលេងផ្ទះរបស់គាត់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លង ខេត្តក្រចេះ។
លោកយាយ ឃឹម ហង្ស បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកតាឃុត បានទទួលមរណភាពអស់រយៈពេលជាងមួយឆ្នាំ ហើយដឹងថា មេគោរបស់គាត់កើតបានកូនគោឈ្មោលមួយក្បាល បានជាង ១០ថ្ងៃ ស្រាប់តែកូនគោនោះចេះឡើងកាំជណ្ដើរនៅលើផ្ទះ រួចក៏ទៅដេកលើកន្ទេល ខ្នើយ ហើយមកហិតសក់របស់គាត់ ចេះប្រឡែងលេងជាមួយកូនរបស់គាត់ដូចជាមនុស្សអីចឹង។
គាត់ក៏បានសម្គាល់មើលនៅថ្ងៃបន្ទាប់ទៀតឲ្យតែដល់ម៉ោង ៥ និង ៦ល្ងាច កូនគោឈ្មោលនោះឡើងនៅលើផ្ទះដូចសព្វដង គាត់ក៏មានអារម្មណ៍ចម្លែកក្នុងចិត្តក៏បបួលកូនរបស់គាត់ទៅមើលគ្រូ ដើម្បីបញ្ជាន់រូបមើលថា កូនគោនោះមានសាច់ញាតិមកចាប់កំណើតមែន ឬយ៉ាងណា។
លោកយាយបន្ថែមថា គាត់ និងកូនចៅរបស់នាំគ្នាគោរពស្រឡាញ់សត្វគោឈ្មោលមួយក្បាលនេះ និងតែងតែរៀបចំកន្លែងសម្រាន្តនៅលើផ្ទះមាន ដូចជាពូក កន្ទេល ខ្នើយ មុង ភួយ និងកង្ហាជាដើម។ ប្រភពរៀបរាប់ថា លោកតាបានសុំចាប់កំណើតជាមួយកូនស្រីដែរ តែដោយសារកូនស្រីពន្យារកំណើត ទើបមិនអាចកើតជាមនុស្សបាន ហើយទៅចាប់កំណើតជាមួយមេគោដើម្បីបង្គ្រប់ជាតិ។
លោកតាក៏បានផ្ដែផ្ដាំពេលបញ្ជាន់រូបថា សូមកុំយកគាត់ទៅលក់ធ្វើចំណីអាហារ ពេលគាត់ស្លាប់ទៅ សូមជួយធ្វើបុណ្យឧទ្ទិសកុសលដើម្បីឲ្យគាត់មកចាប់កំណើតជាមនុស្សវិញ។ ពេលគាត់ត្រឡប់មកដល់ផ្ទះវិញ ពួកគាត់គោរពស្រឡាញ់មើលថែរក្សារកូននេះ និងតាមថែទាំដូចកាលគាត់នៅរស់អីចឹង៕
ចុចអាន៖