​ជយលាភីមេដាយ​មាស​ មិន​ហ៊ាន​គិត​ដល់​​ ក្រោយ​ឈ្នះពាន​ ICT Award 2017

  • 2017-07-23 05:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម DirexPlay ដែល​បានយក​ស្នាដៃ​ផលិត​ហ្គេម​ JAILBREAK The Game ទៅ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី ICT Award 2017 មិនហ៊ាន​គិត​ដល់ ក្រោយ​ពេល​គណៈ​កម្មការ​ប្រកាស​គម្រោង​របស់​ពួកគេ​​ជាប់​ជា​ជយលាភី​មេដាយ​មាស​ឈ្នះ​អស់​គម្រោង​ដទៃ​ទៀត​ដែល​ចូលរួមប្រកួតប្រជែង​។

លោក ឈួម ពិសិដ្ឋ​ ប្រធានក្រុម DirexPlay មុនពេល​ប្រកាស​លទ្ធផល​ប្រាប់​ Sabay ថា ​​លោក​​មិន​សង្ឃឹម​ច្រើន​ទេ សម្រាប់ការប្រជែងនេះ។ ប៉ុន្តែ​ស្រាប់​តែ​លទ្ធផល​ប្រកាស​មក ​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ទាំង​មូល​ភ្ញាក់ផ្អើល​តែ​ម្តង។

Cambodia ICT Award ឆ្នាំ ២០១៧ ជា​ពាន​រង្វាន់​ថ្នាក់​ជាតិ​លើក​ទី ៣ ដែល​រៀបចំ​ឡើង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​​ជម្រុញ​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត បណ្ដា​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធដែល​មាន​ផលិតផល​និង​សេវាកម្ម​​នៃ​គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា អាច​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​គ្នា​ដើម្បី​​ដណ្ដើម​យក​ពាន​រង្វាន់ និង​ជួយ​លើក​កម្ពស់​អភិវឌ្ឍ​វិស័យ ICT នៅ​កម្ពុជា។

ការ​ប្រកួត​ឆ្នាំ​នេះ មាន​គម្រោង​ចំនួន ៣៧ ចូលរួម​ប្រកួតប្រជែង​ ដោយ​​​ចែក​ចេញ​ជា​​ប្រភេទ​ពាន​រង្វាន់ និង​វិញ្ញាសា​ប្រកួត​​ខុសៗ​គ្នា​​ចំនួន​ ០៦។ ​​​​មាន​វិស័យ​សាធារណៈ, វិស័យ​ឯកជន, ការ​រួម​ចំណែក​ទទួលខុស​ត្រូវ​ក្នុង​សង្គម, មាតិកា​ឌីជីថល (Digital Content), ការ​បង្កើត​​ធុរកិច្ច និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍។

ជា​លទ្ធផល​ ជយលាភី​មេដាយ​មាស​បាន​លើ​ក្រុម DirexPlay ដែលបង្កើត​គម្រោង​ Jailbreak The Game, មេដាយ​ប្រាក់​បាន​លើ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) ដែល​បង្កើត​គម្រោង Bong Pheak និង​មេដាយ​សំរិទ្ធិ​បាន​លើ​គម្រោង​ប្រព័ន្ធ​ចុះ​បញ្ជី​រថយន្ត​ស្វ័យ​ប្រវត្តិ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

សម្រាប់រង្វាន់​មេដាយ​មាស​ទទួល​បាន​ទឹក​ប្រាក់ ១០ ០០០ ដុល្លារ, មេដាយ​ប្រាក់​ទទួល​បាន​ទឹកប្រាក់​ ៣ ០០០ ដុល្លារ និង​មេដាយ​សំរិទ្ធិ​ទទួល​បាន​ប្រាក់​រង្វាន់ ១ ០០០ ដុល្លារ។

ក្រៅពីជយលាភី​ប្រចាំ​កម្មវិធី ក៏​មាន​ពាន​រង្វាន់​ល្អ​បំផុត​ប្រចាំផ្នែក​នីមួយៗ​ផង​ដែរ។

គួរ​បញ្ជាក់​ថា JAILBREAK The game ជា​ហ្គេម​ទូរសព្ទ​ផ្លូវការ​មួយ​ដែល​បាន​រចនា​ឡើង​បន្ទាប់​ពី​ខ្សែ​ភាព​យន្ត​ខ្មែរ​មាន​ចំណងជើង​ថា Jailbreak។

វា​ជា​ហ្គេម​សកម្មមួយ​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ហើយ​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា ដោយ​អ្នក​អភិវឌ្ឍ​ជា​ជន​ជាតិ​ខ្មែរ ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​ផលិតករ​ខ្សែ​ភាពយន្ត។ គិត​ត្រឹម​រយៈពេល ៤៨ ម៉ោង​បន្ទាប់​ពី​ការ​ដាក់​បង្ហាញ ហ្គេម​នេះ​ទទួល​បាន​ការ​ដោនឡូត​រហូត​ដល់ ២០K ហើយ​បច្ចុប្បន្ន​មាន​អ្នក​លេង​ហ្គេម​នេះ​ជាង 104k។

អត្ថបទ៖ ប៊ុណ្ណារ៉ា